
ខណ្ឌពោធិ៍សែនជ័យ៖ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ និងអាប៉ោង» បានបើកដំណើរការបានយ៉ាងរំភើយ។ នេះបើយោងតាមប្រភព ច្បាស់ការណ៍ ដែលសារព័ត៌មានយើងទទួលបាននៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥។
ប្រភពព័ត៌មានបានឱ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខាងលើ បានបើកដំណើរការជារៀងរាល់ថ្ងៃ និងមានទីតាំងចល័តចំនួន៣កន្លែង ត្រង់ចំណុចខាងក្រោយបុរីឡុងនី សង្កាត់ចោមចៅទី១ និងសង្កាត់ចោមចៅទី២ ត្រង់តារាងបាល់ទះ ក្នុងខណ្ឌពោធិ៍សែនជ័យ ថែមទាំងទីតាំងនោះមាន ក្រុមអាម៉ីអាថោង អាចក់អាចែម នាំគ្នាយាមល្បាតជុំវិញបរិវេណច្រកល្ហក ផ្លូវចេញចូរ ដើម្បីការពារ កុំឱ្យមានស្គាបរមាស់ ដល់អ្នកចូលទៅលេងល្បែងភ្នាល់។
មហាជនលើកឡើងថាដើមចមនៃការកើតមានអំពើលួច ឆក់ ប្លន់ អំពើហិង្សា អំពើពុករលួយក្នុងសង្គមជាតិខ្មែរ គឺផ្តើមចេញពីការលេងល្បែងភ្នាល់ចាញ់ប្រាក់ ប្រមុខរដ្ឋាភិបាលកម្ពុជា ចេញបញ្ជាឱ្យបង្ក្រាប ឱ្យអស់រាល់ល្បែងស៊ីសងខុសច្បាប់ ប៉ុន្តែការលួចលាក់លេងល្បែងភ្នាល់ដោយគ្មានខ្លាចរអារសមត្ថកិច្ចនៅតែបន្តមានជាហែលហូរក្នុងខណ្ឌពោធិ៍សែនជ័យ។
ប្រជាពលរដ្ឋជាច្រើនសូមសំណមពរស្នើសុំឱ្យអាជ្ញាធរនិងសមត្ថកិច្ច ក្នុងខណ្ឌពោធិ៍សែនជ័យ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណអភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ម៉ន វុទ្ធី អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សូមជួយចាត់ចែងកម្លាំងជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង៕


