
រាជធានីភ្នំពេញ៖ ល្បែងស៊ីសងខុសច្បាប់ ដ៏ធំ តាមប្រព័ន្ធអនឡាញ គ្រប់ប្រភេទ កំពុងតែបើកដំណើរការ បានយ៉ាងរលូន ក្នុងចំណុច ទីតាំងតារាងបាល់ ខាងក្រោយ ផ្សារទំនើបស្ទឹងមានថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ មានទទួលភ្នាល់មាន់ជល់ ផ្លែកាំបិត តាមម៉ាស៊ីនអេឡិចត្រូនិក និងមានការភ្នាល់ ឆ្នោតឡូតូ ដែលជាល្បែងខុសច្បាប់ដ៏ធំ ដែលមាននិមិត្តសញ្ញា «8888» ដោយប្រើប្រាស់ម៉ាស៊ីនអេឡិចត្រូនិកជាច្រើនគ្រឿង។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា៖ ទីតាំងល្បែងស៊ីសងខុសច្បាប់នេះមានម្ចាស់ ឈ្មោះ ភ្លក់ ហើយទីតាំងមួយកន្លែងនេះបានបើកដំណើរការជាយូរខែមកហើយ ដោយម្ចាស់ទីតាំងបានបើកទទួលភ្ញៀវឲ្យចូលមកលេងល្បែងភ្នាល់ដាក់ប្រាក់ យ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ចាប់ពីព្រឹកព្រលឹមរហូតដ៏យប់ជ្រៅ។
មហាជនជាច្រើន សម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមានទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំមួយនេះ ដែលកំពុងតែមានវត្តមានក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ស្របពេលដែលមន្ត្រីអាជ្ញាធរក្នុងមូលដ្ឋានកំពុងតែសំងំលង់លក់ក្នុងដំណេក។
មហាជនបន្តថា៖ ល្បែងតែងវិនាស ល្បែងគឺជាដើមចម ឱ្យមានបទល្មើស ចោរកម្ម លួច ឆក់ ប្លន់ កាប់សម្លាប់ អំពើហិង្សាក្នុងគ្រួសារ អំពើពុករលួយក្នុងសង្គម គ្រឿងញៀនជាដើម ហើយល្បែងស៊ីសងនេះ ក៏ជាដើមចមក្នុងការបង្កបង្កើនឱ្យមានកំណើនប្រជាជនក្រីក្រ ក្នុងប្រទេសជាតិផងដែរ។
ចៅសង្កាត់ស្ទឹងមានជ័យ១ រួមទាំង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យ១ កំពុងតែរក្សាភាពស្ងៀមស្ងាត់ ខណៈល្បែងស៊ីសងខុសច្បាប់ កំពុងបើកដំណើរការ យ៉ាងរំភើយ ផ្អើលដល់អ្នកជិតឆ្ងាយ ប៉ុន្តែបែរជាអស់លោកជាមន្ត្រីមូលដ្ឋាន មិនដឹងមិនឮ តើមានអ្វីជាអាថ៌កំបាំង?។
ប្រជាពលរដ្ឋជាច្រើនសុំសំណូមពរស្នើទៅកាន់លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ និងលោក អ៊ុក បូនីន អធិការនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សូមជួយដឹកនាំកម្លាំងជំនាញចុះពិនិត្យបង្រា្កបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផង៕


