ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានបញ្ជាឲ្យលោកអភិបាលស្រុកកងមាស អនុវត្តវិធានការនិងរៀបចំបែបបទបញ្ចប់មុខតំណែង លោក ហែម គឹមសាធ ពីប្រធានការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្ត្រីសាលាស្រុកកងមាសធម្មតា ដោយមិនគិតពីទោសទណ្ឌផ្សេងៗទៀត។
នេះបើតាមយោងតាមប្រភពដែលបណ្តាញសារព័ត៌មានយើងទទួលបាននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ។
នៅក្នុងលិខិតគឺយោងតាមព្រះរាជក្រឹត្យលេខ នស/រកត/០៤១៦/៣៧៣ ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ ស្តីពី លក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ និងលិខិតលេខ ០២៧/២៥ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ របស់ការិយាល័យប្រជាពលរដ្ឋ ខេត្តកំពង់ចាម ស្តីពីករណីយកប្រាក់ចំនួន ៣៦០ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការកែតម្រូវសំបុត្រកំណើតប្រជាពលរដ្ឋម្នាក់ ឈ្មោះ ឆេង សុខលី រស់នៅភូមិអូរពពេល ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ។
លោកអភិបាលខេត្តបានបញ្ជាក់ថា៖ បន្ទាប់ពីទទួលបានពាក្យបណ្តឹងតាម បណ្តាញសង្គមគណនីហ្វេសបុក ឈ្មោះ Chheng Sokly បានចុះផ្សាយពី ឈ្មោះ ហែម គឹមសាធ ករណី យកប្រាក់ចំនួន ៣៦០ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការកែតម្រូវសំបុត្រកំណើតប្រជាពលរដ្ឋ ឈ្មោះ ឆេង សុខលី រស់នៅភូមិអូរពពេល ឃុំខ្ចៅ ស្រុកកងមាស ខេត្តកំពង់ចាម ។ រដ្ឋបាលខេត្តបានចាត់ឱ្យក្រុមការងារ ដែលដឹកនាំដោយលោកប្រធានការិយាល័យប្រជាពលរដ្ឋខេត្ត និងប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត បានចុះសិក្សា ស្រាវជ្រាវលើករណីខាងលើ គឺពិតជាមានករណីដូចក្នុង បណ្តាញសង្គមគណនីហ្វេសបុកឈ្មោះ Chheng Sokly ពិតប្រាកដមែន។ ដូចនេះដើម្បីអនុវត្តវិធានការ ទៅលើមន្ត្រីដែលអនុវត្តកំហុសឆ្គង និងការពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលស្រុកកងមាស ឱ្យមានភាពល្អប្រសើរ រដ្ឋបាលខេត្ត សូមធ្វើការណែនាំដល់លោកអភិបាល នៃគណៈអភិបាលស្រុកកងមាសដូចខាងក្រោម ៖
១/- ត្រូវរៀបចំបែបបទបញ្ចប់មុខតំណែងលោក ហែម គឹមសាធ ពីប្រធានការិយាល័យ រដ្ឋបាល និងហិរញ្ញវត្ថុ មកជាមន្ត្រីសាលាស្រុកកងមាស ដោយមិនគិតពីទោសទណ្ឌ ផ្សេងៗទៀត។
២/- រដ្ឋបាលស្រុកត្រូវតាមដាននិង ត្រួតពិនិត្យជាប់ជាប្រចាំលើការបំពេញតួនាទី ភារកិច្ចរបស់ លោក ហែម គឹមសាធ ក្នុងករណីប្រព្រឹត្តកំហុសឆ្គងបន្តទៀត ត្រូវមានវិធានការតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល។
៣/- អភិបាលស្រុកត្រូវខិតខំដឹកនាំរដ្ឋបាលស្រុករបស់ខ្លួនតាមលិខិតបទដ្ឋានគតិយុត្ត និង សេចក្តីណែនាំនានាឱ្យបានត្រឹមត្រូវ។
៤/- ត្រូវពង្រឹងកិច្ចការផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយឱ្យមានប្រសិទ្ធភាព ស្របតាមគោលការណ៍កំណត់ (ពេលវេលា និងតម្លៃសេវា) និងអាចទទួលយកបាន ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
៥/- ត្រូវរៀបចំកិច្ចប្រជុំ និងណែនាំដល់មន្ត្រីក្រោមឱវាទ ឱ្យពង្រឹងតួនាទី និងភារកិច្ចរបស់ ខ្លួនជារៀងរាល់ខែ។
៦/- ក្នុងករណីមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងនៅរដ្ឋបាលស្រុកបន្តទៀត រដ្ឋបាលខេត្តនឹងមានវិធានការតាមនីតិវិធីនៃច្បាប់ និងលិខិតបទដ្ឋានដែលបានកំណត់។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអភិបាល នៃគណៈអភិបាលស្រុកកងមាស អនុវត្តការងារនេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរ៕