រាជធានីភ្នំពេញ÷ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ បើកការស្រាវជ្រាវបន្ទាន់មួយ ក្រោយធ្លាយព័ត៌មានថា
មាន Logo មួយចំនួនបានបិទលើឡានដឹកទំនិញ និងឡានដឹកដីជាដើម ដើម្បីទទួលបានសិទ្ធិអាទិភាពចេញចូលក្រុង និងស្រួលបើកបរពេលជួបគោលដៅនគរបាលចរាចរណ៍នីមួយៗ។
ការចេញបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការនេះ បានកើតមានឡើងក្រោយ មានព័ត៌មានមួយចំនួន ត្រូវបានទម្លាយថា÷ សម្រាប់ឡានដឹកទំនិញ ឡានដឹកដី និងឡានដឹកខ្សាច់ជាដើម ម្ចាស់ឡានស្វែងរកស្លាក Logo មកបិទលើឡានរបស់ខ្លួននោះ ដេីម្បីមានភាពងាយស្រួលចេញចូលក្រុង ហើយតាមគោលដៅចរាចរណ៍ដែលកម្លាំងនគរបាលឈរជើង មានភាពងាយស្រួល ពោលគ្រាន់តែឃើញស្លាក Logo ទាំងនេះ គឺមិនសូវជាចាប់អារម្មណ៍ និងមិនចាប់ផាកពិន័យនោះឡើយ បើទោះពីរកឃើញពេលខ្លះបានល្មើសចរាចរណ៍ក៏ដោយ។
តាមសេចក្តីរាយការណ៍ដែលបណ្តាញសារព័ត៌មាន ទទួលបានជាបន្តបន្ទាប់ បានឲ្យដឹងថា÷ Logo ខ្លះដូចជា «NC» និង «R» គ្រាន់តែបិតនៅលើឡានដឹកទំនិញ និងឡានដឹកដី ត្រូវបង់មួយខែប្រមាណ៣០ដុល្លារ ហើយឡានដែលមានបិទ Logo នេះមិនតិចនោះឡើយ ពោលរាប់រយឡានឯណោះ។
តាមប្រភពពត៌មានបន្តទៀតថា÷ មាន Logo ផ្សេងទៀតដូចជាអក្សរ «C» ក៏មានការបង់ប្រចាំខែដែរ ដើម្បីងាយស្រួលបើកបរនៅក្នុងក្រុង។ ថ្លែងប្រាប់បណ្តាញសារព័ត៌មាន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា÷ «ខ្ញុំបានឲ្យកម្លាំងនគរបាលខាងបុគ្គលិកធ្វើការស្រាវជ្រាវបន្ទាន់»។
មជ្ឈដ្ឋានមួយចំនួន ដែលបានដឹងរឿងរ៉ាវទាំងនេះ បានលើកឡើងថា÷ តាមពិត Logo បិទលើឡាននេះមានយូរណាស់មកហើយ ដែលអាចផ្តល់សិទ្ធិអាទិភាពសម្រាប់ការដឹកទំនិញផ្សេងៗ ចូលក្នុងក្រុងទោះម៉ោងហាមឃាត់ក៏ដោយ ដែលផ្តល់ភាពងាយស្រួលដល់អ្នករកស៊ីដឹកទំនិញ ពោលគ្រាន់តែបង់លុយប្រចាំខែជូនអ្នងម៉ៅស្លាក Logo នេះ រួចជាការស្រេច។
សង្ឃឹមថា÷ ថ្នាក់ដឹកនាំពាក់ព័ន្ធ នឹងធ្វើការស្រាវជ្រាវករណីនេះ ដើម្បីលុបបំបាត់ភាពអនាធិបតេយ្យទាំងនេះ ដែលបានកើតឡើងយូរឆ្នាំមកហើយ ៕