រាជធានីភ្នំពេញ÷ នាវេលាម៉ោង៧យប់ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ សមត្ថកិច្ចបានចុះបង្ក្រាបហាង «ចែមុំបុកល្ហុង» ដែលសង្ស័យលួចលាក់បង្កប់សេវាកម្មផ្លូវភេទ ដោយបានឃាត់ខ្លួនមនុស្សប្រុសស្រី១១នាក់ និងវត្ថុតាងមួយចំនួនទៀត។
ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងចំណុចហាង «ចែមុំបុកល្ហុង» តាមបណ្ដោយផ្លូវបេតុង ភូមិព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ តាន់ វណ្ណារ៉ាក់ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអានីតិជន បានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការសម្របសម្រួលពី លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ និងឃាត់ខ្លួនមនុស្សចំនួន ១១នាក់ ក្នុងនោះមានក្មេងស្រីជាអានីតិជនចំនួន ៥នាក់ និងប្ដីប្រពន្ធម្ចាស់ហាង២នាក់។
ក្រោយឃាត់ខ្លួន ម្ចាស់ហាងរួមទាំងនារីរងគ្រោះចំនួន៩នាក់ ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីសាកសួរបំភ្លឺ និងចាត់ការ តាមនិតិវិធីបន្ត៕