ដឹងមូលហេតុហើយ! ក្រោយសមត្ថកិច្ចជំនាញស្រាវជ្រាវរកឃើញថា ជាងផ្សារដែកឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យឆេះអស់ក្លឹបមួយ ដែលស្ថិតនៅខណ្ឌដង្កោ

CRT News




រាជធានីភ្នំពេញ ៖ សមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវរកឃើញថា មូលហេតុបង្កជាអគ្គិភ័យមួយកន្លែងយ៉ាងសន្ធោសន្ធៅនៅខណ្ឌដង្កោ បណ្តាលឲ្យមនុស្សចំនួន ២នាក់ស្លា.ប់ និងរងរបួសធ្ងន់ ៥នាក់ គឺដោយសារតែជាងផ្សារដែកឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆេះក្លឹបតែម្តង ។


ហេតុការណ៍អគ្គិភ័យបានឆាបឆេះក្លឹបមួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ កើតឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ដែលស្ថិតចំណុចផ្លូវ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។


បើតាមការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ដោយទទួលបានបទបញ្ជានេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យ ដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ ។


នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥៧គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន២០គ្រឿង ប្រើប្រាស់ទឹកអស់៤០ឡាន ស្មើនឹង១៦០ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់០៦ឡាន ស្មើនឹង២៤ម៉ែត្រគូប, រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើនឹង១០ម៉ែត្រគូប, រថយន្តកងពលតូចលេខ៧០ ចំនួន០៤គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន ស្មើនឹង២៦ម៉ែត្រគូប, រថយន្តស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើនឹង១២ម៉ែត្រគូប, រថយន្តរបស់សួនឧស្សាហ៍កម្មកាណាឌីយ៉ា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើនឹង០៤ម៉ែត្រគូប, រថយន្តទីក្រុងនរា ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មើនឹង១២ម៉ែត្រគូប ។


ដោយឡែក ចំពោះប្រភេទសំណង់ខាងលើនេះ គឺថ្មបេតុង ទំហំ (៣៥ម៉ែត្រ x ៤០ម៉ែត្រ) ឆេះក្លឹបកំសាន្ត ចំនួន០១ក្លឹប, ម៉ូតូចំនួន ០៥គ្រឿង រួមទាំងសម្ភារៈក្នុងក្លឹបអស់ទាំងស្រុង ហើយបានឆេះរាលដាលដល់បន្ទប់ផ្ទះសំណាក់ ទំហំ (៣,៥ម៉ែត្រ x ៥ម៉ែត្រ) ចំនួន ០១បន្ទប់។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង ១និង៣០នាទីរសៀលនាថ្ងៃខែឆ្នាំដដែរ ។


ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីជាងផ្សារដែក ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ ។


នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺបានបណ្តាលឲ្យមនុស្សប្រុសចំនួន០២នាក់បានស្លាប់ និងមនុស្សប្រុសចំនួន០៥នាក់ទៀត បានរងរបួសធ្ងន់ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ ៕













#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top