កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបជនជាតិកូរ៉េ ដែលសម្លាប់នារីខ្មែរម្នាក់ នៅសណ្ឋាគារHome Chic ក្នុងខណ្ឌបឹងកេងកង

CRT News

 


រាជធានីភ្នំពេញ÷ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៣និង១០នាទី នៅចំណុចសណ្ឋាគារ ហូមឈីក (Home Chic) អគារលេខ១៧ បន្ទប់លេខ២១១ ជាន់ទី២ ផ្លូវលេខ២៨២ ភូមិ០៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណី ឃាតកម្ម កើតឡើងទៅលើជនរងគ្រោះឈ្មោះ យីម ពេជ្រដាលិស ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ បង្កឡើងដោយជនសង្ស័យឈ្មោះ LEE TAISIK ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិកូរ៉េ។


ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គីមលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល (ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្ដាល) និងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ធ្វើការស្រាវជ្រាវតាមនីតិវិធីយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។


សូមបញ្ជាក់ថា÷ ប្រភពពីបុគ្គលិកផ្នែកអនាម័យ បានប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោង១១ព្រឹក ថ្ងៃ១៧ ខែមករា ឆ្នាំ២០២៥ គាត់បានឡើងទៅលើបន្ទប់ គោលបំណងដើម្បីរៀបចំបន្ទប់អោយស្អាតឡើងវិញ ប៉ុន្តែខណៈពេលដែលគាត់ដើរដល់ខាងមុខបន្ទប់ គឺបានឃើញទ្វារមិនបានចាក់គន្លឹះសោរទេ ដោយគាត់ស្មានថា ភ្ញៀវបានចេញពីបន្ទប់អស់ហើយ ទើបគាត់បានចូលទៅខាងក្នុង នឹងបានបោសសម្អាតនឹងជូតឥដ្ឋ ស្របពេលនោះ គាត់បានអោនជូតក្រោមគ្រែ ក៏ស្រាប់តែប្រទះឃើញសាកសពនារីរងគ្រោះ នៅខាងក្រោមគ្រែប្រអប់តែម្តង។ ភ្លាមៗនោះ គាត់បានប្រញាប់រត់ចុះទៅក្រោម ដើម្បីអោយអ្នកគ្រប់គ្រងសណ្ឋាគារជួយបន្តរាយការណ៍ជូនសមត្ថកិច្ច ចុះមកអន្តរាគមន៍ ។


បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញចក្ខុ និងកោសល្យវិច័យ បានត្រួតពិនិត្យសពរកឃើញថា÷ សាកសពត្រូវបានស្លាប់ដោយសារថប់ដង្ហើម (យកខ្នើយខ្ទប់មុខ) និងបានឃើញស្រោមអនាម័យចំនួន០២ បន្សល់នៅក្នុងបន្ទប់ (ប្រើប្រាស់រួច) ។ ចំណែកសព ត្រូវបានសមត្ថកិច្ចវេចខ្ចប់យកទៅវត្តកប់ស្រូវ នៅឯខណ្ឌព្រែកព្នៅ ដើម្បីប្រគល់អោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។ 


លុះនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៩និង៣០នាទី កម្លាំងជំនាញបានបន្តដឹកនាំសហការ ដោយបានធ្វើការឃាត់ខ្លួនបានជនសង្ស័យខាងលើ ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងជាម្ចាស់ករណី កសាងសំណុំរឿងតាមនីតិវិធីបន្ត៕







#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top