រថយន្តម៉ាក Ford ២គ្រឿងបើកដេញបុកគ្នា ផ្អេីលក្រុងដូនកែវ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ

CRT News


ខេត្តតាកែវ÷ រថយន្តម៉ាក Ford ២គ្រឿងបើកដេញបុកគ្នាផ្អេីលពេញក្រុងដូនកែវ បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នេះ វេលាម៉ោង ៨និង៤៥នាទី ត្រូវបានសមត្ថកិច្ចនគរបាលក្រុងដូនកែវ ឃាត់រថយន្តបាននៅចំនុច ភូមិត្រពាំងសាលា សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្ដតាកែវ នឹងបានយករថយន្តទាំង២គ្រឿង ដែលរួមមាន រថយន្ដម៉ាក Ford Territory ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CC-2424  និងរថយន្ដម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BY-6072 យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងដូនកែវ ចំណែកភាគីម្ចាស់រថយន្ដ Ford ពណ៌ខ្មៅ ត្រូវបានបក្ខពួកបើកឡានមករំដោះគេចខ្លួនបាត់ស្រមោល។


លោកវរសេនីយ៍ឯក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវបានអោយដឹងថា÷ ករណីខាងលើជារឿង អ្នកលក់រថយន្ត និងអ្នកទិញរថយន្ដបង់រំលោះ ដែលមិនបានបំពេញតាមគោលការណ៍ក្រុមហ៊ុនបង់ប្រាក់តាមការកំណត់ ហើយមានការគេចវេសពីក្រុមហ៊ុន ទើបធ្វើអោយភាគីជាម្ចាស់លក់រថយន្ដ បើកឡានតាមរក ស្រាប់តែប្រទះឃើញនៅក្រុងដូនកែវ ហៅអោយឈប់តែម្ចាស់រថយន្ដពណ៌ខ្មៅ មិនបានឈប់ឡើយ ថែមទាំងព្យាយាមបើករត់គេច ទើបភាគីរថយន្ដ Ford ពណ៌សខាងក្រុមហ៊ុនបង់រំលោះរថយន្ដ ជិះតាមជែង ក៏គៀនិងបុកពីក្រោយ តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតនៅកណ្ដាលក្រុងដូនកែវ បង្កការភ័យខ្លាចដល់បងប្អូនប្រជាពលរដ្ឋទាំងព្រលឹងចុងសក់ រហូតទៅឈប់នៅជាយក្រុង ដែលស្ថិតនៅទីតាំងខាងលើ ។


ជុំវិញករណីនេះ លោកឧត្ដមសេនីយ៍ត្រី ហ៊ិន សុខខេង ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដតាកែវ បានបញ្ជាក់ថា÷ ការគេចវេសមិនបង់លុយជារឿងមួយ ករណីបើកបុកបង្កអោយគ្រោះថ្នាក់ជារឿងគ្រោះថ្នាក់ចរាចរណ៍មួយ ដោយឡែកករណីមានចេតនាបើកបំបុក វាជារឿងព្រហ្មទណ្ឌ ដែលសកម្មភាពនេះមិនមានកិច្ចសហការជាមួយនិងសមត្ថកិច្ចណាឡើយ ៕






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top