អភិបាលខេត្តតាកែវ បន្តចុះណែនាំអាជ្ញាធរមូលដ្ឋាន ពង្រឹងយន្តការដោះស្រាយ បញ្ហាវិវាទដីធ្លី ជូនពលរដ្ឋ ឱ្យបានល្អប្រសើរ

CRT News

 


ខេត្តតាកែវ ៖ ក្នុងឱកាសអញ្ជើញ ចុះពិនិត្យលើករណីប្ដឹងជំទាស់ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាប់ពាក់ព័ន្ធនឹងព្រំប្រទល់ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នៅសាលាឃុំអូសារាយ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានធ្វើការណែនាំ និងរំលឹកដល់អាជ្ញាធរ ឃុំអូសារាយ រួមនឹងមន្រ្តីពាក់ព័ន្ធ ត្រូវពង្រឹងយន្តការដោះស្រាយ បញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរថែមទៀត ។


លោក វ៉ី សំណាង បានថ្លែងថា៖ បញ្ហាវិវាទដីធ្លីជាបញ្ហាស្មុកស្មាញ ដែលទាមទាឱ្យអាជ្ញាធរ រួមនឹងមន្រ្តីពាក់ព័ន្ធយកចិត្តទុកដាក់ រួមគ្នាដោះស្រាយរាល់បញ្ហាវិវាទដីធ្លីផ្សេងៗ របស់ប្រជាពលរដ្ឋ ដែលកើតមានឡើង ក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសដីដែលមិនមានទំនាស់ត្រូវចុះបញ្ជីលក្ខណៈជាប្រព័ន្ធឱ្យបានលឿន ដើម្បីស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់បានកំណត់។


លោក អភិបាលខេត្ត បានបញ្ជាក់ថា៖ នៅពេលដែលមូលដ្ឋានរបស់យើង គ្មានបញ្ហាទំនាស់ដីធ្លីកើតឡើង វានឹងធ្វើឱ្យមានការចាប់អារម្មណ៍ ពីបណ្ដាអ្នកវិនិយោគគិនក្នុងស្រុក និងក្រៅស្រុកមកបណ្ដាក់ទុនជាក់ជាមិនខាន ដែលបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ ក្នុងនិងក្រៅតំបន់ ពិសេសលើកស្ទួយសេដ្ឋកិច្ចជាតិ កាន់តែរីកចម្រើនបន្ថែមទៀត។


ក្នុងឱកាសនោះដែរ លោក អភិបាលខេត្តតាកែវ ក៏បានណែនាំដល់អាជ្ញាធមូលដ្ឋាន ត្រូវបង្កលក្ខណៈងាយស្រួលដល់អ្នកវិនិយោគដែលមកបណ្ដាក់ទុននៅមូលដ្ឋានរបស់ខ្លួន និងត្រូវជួយសម្របសម្រួលគ្រប់បែបយ៉ាង ដល់អ្នកវិនយោគ ធ្វើយ៉ាងណាឱ្យអ្នកវិនិយោគមានភាពកក់ក្ដៅ និងធ្វើឱ្យពួកគេអូសទាញអ្នកវិនិយោគមកធ្វើការវិនិយោគ នៅក្នុងមូលដ្ខានរបស់យើងថែមទៀត ៕






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top