ឯកឧត្តម នេត្រ ភក្ត្រា ព្រមានថា ÷អ្នកព័ត៌មានអនឡាញសម្ភាសន៍ជនមិនប្រក្រតី បុគ្គលស្រវឹង អ្នកបែកថ្នាំ នឹងដកអាជ្ញាប័ណ្ណបញ្ចប់អាជីព

CRT News

រាជធានីភ្នំពេញ÷ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ព្រមានធ្ងន់ៗទុកជាមុនថា÷ រាល់អង្គភាពសារព័ត៌មានអនឡាញ ដែលធ្វើសកម្មភាពផ្សាយកិច្ចសម្ភាសន៍ ជាមួយជនសតិមិនប្រក្រតី បុគ្គលស្រវឹង និងអ្នកសេពគ្រឿងញៀននឹងត្រូវដកអាជ្ញាប័ណ្ណ បញ្ចប់អាជីពជាអ្នកសារព័ត៌មាន ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ។


នេះជាការថ្លែងរបស់លោករដ្ឋមន្រ្តី ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៥នេះ ។


ការបញ្ជាក់ច្បាស់ៗរបស់ ឯកឧត្តម នេត្រ ភក្ត្រា ដោយសារលោករដ្ឋមន្រ្តីឃើញថា÷ បច្ចុប្បន្នឃើញមានអង្គភាពសារព័ត៌មាន អនឡាញមួយចំនួន ចូលចិត្តផ្សាយផ្ទាល់នូវកិច្ចសម្ភាសន៍ ជាមួយជនសតិមិនប្រក្រតី បុគ្គលស្រវឹង និងបែកថ្នាំ ដែលហាក់ដូចជាយកអាជីពជាអ្នកសារព័ត៌មាន មកធ្វើជារឿងលេងសើច កំប្លុកកំប្លែង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ របស់អ្នកទស្សនាប៉ុណ្ណោះដែលមិនសម ជាអ្នកជីពមានវិជ្ជាជីវៈត្រឹមត្រូវនោះឡេីយ។


ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់បន្តថា÷ សកម្មភាពរបស់អ្នកសារព័ត៌មានបែបនេះ បានជះឥទ្ធិពលមិនល្អដល់វិជ្ជាជីវៈអ្នកសារព័ត៌មាន រំលោភសិទ្ធិ និងភាពថ្លៃថ្នូររបស់បុគ្គល ព្រមទាំងធ្វើឱ្យមហាជនបាត់បង់ជំនឿលើ ប្រព័ន្ធផ្សព្វផ្សាយសារព័ត៌មានទាំងមូលផងដែរ ។


លោកបញ្ជាក់ថា÷ ដូច្នេះរាល់សកម្មភាពខាងលើ នឹងមិនត្រូវឱ្យបន្តមានទៀត បាននោះទេសម្រាប់អ្នកសារព័ត៌មាន ជាពិសេសអ្នកសារព័ត៌មាន ក្នុងអង្គភាពអនឡាញមួយចំនួន ។ ដូចនេះលោកព្រមានទុកជាមុនថា បើមានសកម្មភាពបែបនេះនឹងត្រូវតែដកអាជ្ញាប័ណ្ណ បញ្ចប់អាជីពរបស់ពួកគាត់ ដើម្បីរក្សាភាពថ្លៃថ្នូរ និងពង្រឹងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ៕





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top