កាសែតកម្ពុជា ចេញផ្សាយឆ្នាំទី១ លេខទី១របស់ខ្លួន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៧៩ រហូតពេលនេះមានអាយុគម្រប់៤៦ឆ្នាំ

CRT News

រាជធានីភ្នំពេញ÷ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា÷ កាសែតកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងនាមជាឃោសនិក និងជាអ្នកនាំសារជូនដល់ប្រជាពលរដ្ឋ និងជាឧបករណ៍គ្រប់គ្រងការងារសតិអារម្មណ៍ របស់រដ្ឋយ៉ាងសំខាន់ នៅទសវត្សរ៍ឆ្នាំ ១៩៨០ និងតរៀងមក។


ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកឱ្យដឹងថា÷ កាសែតនេះ បានអាក់ខានក្នុងការបោះពុម្ពផ្សាយមួយរយៈ ហើយកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ ខ្ញុំបានដាក់ឱ្យដំណើរការផ្សព្វផ្សាយ ជាទម្រង់អេឡិចត្រូនិក ដែលមានទាំងភាសាខ្មែរ និងអង់គ្លេស។ នៅថ្ងៃនេះ ក្នុងគម្រប់ខួបលើកទី៤៦ ឆ្នាំ កាសែតកម្ពុជា នឹងត្រូវបោះពុម្ពផ្សព្វផ្សាយឡើងវិញ នឹងចែកចាយជូនក្រសួងស្ថាប័ននានា ជាប្រចាំថ្ងៃ និងជូនបងប្អូនប្រជាពលរដ្ឋ សម្រាប់ការអាន។


ក្នុងនោះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា គូសរំលេចថា÷ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយទំនើបរីកចម្រើនខ្លាំង ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយប្រពៃណី នៅតែដើរតួនាទីសំខាន់ដដែលក្នុងការផ្តល់ព័ត៌មានពិត និងជាប្រភពដ៏សំខាន់សម្រាប់ផ្ទៀងផ្ទាត់ព័ត៌មាន ក្នុងបរិបទឌីជីថល។


ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគោរពថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំបក្ស និងរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលបានបង្កើតកាសែតកម្ពុជាឡើង និងគោរពអរគុណលោក ខៀវ កាញ៉ារីទ្ធ អតីតអគ្គនិពន្ធនាយក នៃកាសែតកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីនៃកាសែតកម្ពុជាទាំងអស់ ដែលបានបន្សល់ទុកនូវកេរដំណែល ដ៏មានតម្លៃនិងមានតួនាទីជាប្រវត្តិសាស្ត្រនេះ សម្រាប់ជាតិនិងប្រជាជនកម្ពុជា ហើយថ្នាក់ដឹកនាំនិងមន្ត្រីមួយចំនួន នៅតែបន្តបំពេញកិច្ចការនេះ តាំងពីការចាប់ផ្តើមរហូតមកដល់ពេលនេះ និងបានកំពុងខិតខំបំពេញកិច្ចការងារ យ៉ាងយកចិត្តទុកដាក់បំផុត និងប្រកបដោយសេចក្តីស្រឡាញ់។


បន្ថែមលើកនេះ ឯកឧត្តម នេត្រ ភក្ត្រា បញ្ជក់ថា÷ “កាសែតកម្ពុជា នឹងត្រៀមខ្លួនបម្រើមិត្តអ្នកអានរបស់ខ្លួន ទាំងទម្រង់បោះពុម្ពជាក្រដាស និងទម្រង់អេឡិចត្រូនិក! រក្សាចាស់បង្កើនថ្មី”!


ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា÷ “អំឡុងពេលនៃពិធីពិសាអាហារសាមគ្គីមហាគ្រួសារនៃក្រសួងព័ត៌មាន ខ្ញុំរួមនឹងថ្នាក់ដឹកនាំនិងមន្ត្រីនៃកាសែតកម្ពុជាបានផ្លុំទៀនអបអរសាទរ ទិវាខួបកំណើតនៃការសែតកម្ពុជាគម្រប់ខួប ៤៦ ឆ្នាំ”។ អរគុណសន្តិភាព!


បងប្អូនអាចអានកាសែតកម្ពុជាតាមទម្រង់អេឡិចត្រូនិក តាមរយៈ តំណរខាងក្រោម ÷

https://akp.gov.kh/kh/post/category/33










#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top