ខេត្តកណ្ដាល÷ រឿងរ៉ាវដែលកើតឡើងនៅក្នុងទិដ្ឋភាពចំពោះដីមួយកន្លែងដែលប្រជាពលរដ្ឋរស់នៅក្នុងភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បាននិយាយ និងរៀបរាប់ពីមាត់មួយទៅមាត់មួយ មានទាំងអ្នកសារព័ត៌មានជាច្រើនក៏បានធ្វើការចេញផ្សាយព្រោងព្រាតដោយមានចម្ងល់ស្ទើរគ្រប់ៗគ្នាថា÷ ដីអាកររបស់រដ្ឋទំហំប្រមាណជាង៣ហិចតាកន្លះ(៣,៥០កន្លះ)បានលក់ទៅឲ្យបុគ្គលដែលគេតែងតែនិយាយថា÷ មានងារជាឧកញ៉ាឈ្មោះ ចាប ហុងលី ដែលជាអ្នកទិញដោយទូទាត់លុយទាំងអស់នោះជូនទៅឲ្យមន្ត្រីមេឃុំ និងក្រុមប្រឹក្សាភិបាលមួយចំនួន ដែលមានលោកស្រី ណេង ដាលីស ជាមេឃុំទើបឡើងកាន់តំណែងថ្មីៗនេះ។ កន្លងមកមានការអះអាងថា÷ ប្រជាពលរដ្ឋនៅក្នុងទីតាំងខាងលើនេះមិនបានយល់ស្របទៅលើការលក់ដីរដ្ឋមួយកន្លែងនោះទេ មានតែរក្សាការពាររបស់ពួកគេតែប៉ុណ្ណោះ។
ស្របពេលជាមួយគ្នានោះមានអ្នកសារព័ត៌មានមួយចំនួនបានធ្វើការចុះផ្សាយជុំវិញរឿងទាំងអស់ដោយមានការសួរនាំចំពោះមន្ត្រីថ្នាក់ស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។
ដោយឡែកនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ម្សិលមិញនេះ អង្គភាពសារព័ត៌មានរបស់យើងក៏បានធ្វើដំណើរដើម្បីពិនិត្យមើលទីតាំងទាំងអស់នោះ ដោយធ្វើការសាកសួរទៅដល់ប្រជាពលរដ្ឋមួយចំនួនថា÷ រឿងដីធ្លីដែលកំពុងតែមានការវែកញែកអំពីការយកទីតាំងខាងលើនេះលក់ទៅឲ្យបុគ្គលដែលមានឈ្មោះថា លោក ឧកញ៉ា ចាប ហុងលី ដែលជាអ្នកទិញ ហើយប្រជាពលរដ្ឋមួយចំនួនទៀតក៏បានលើកឡើងថាការលក់ដីនោះគឺមានរឿងអាថ៌កំបាំង អ្នកខ្លះឈានដល់មិនដឹងរឿងនៃការលក់ដូរនោះទៀត ចំណែកអ្នកមួយចំនួនទៀតក៏បានរៀបរាប់ថាបើគ្មានភ្លើងក៏គ្មានផ្សែងដែរ ន័យនេះចង់មានន័យថាបើមិនមានការត្រូវរ៉ូវគ្នាណាមួយនោះទេក៏មិនអាចឈានដល់ការលក់ដីនោះយកលុយជិត២០មុឺនដុល្លានោះបានដែរ។
ជុំវិញការប្រតិកម្មគ្រប់មជ្ឈដ្ឋានទាំងអស់សារព័ត៌មានរបស់យើងក៏បានចុះទៅស្ថិតនៅក្នុងឃុំសន្លុងស្រុកសាច់កណ្ដាល ខេត្តកណ្ដាល ដើម្បីធ្វើការសាកសួរចំពោះលោកស្រី ណេង ដាលីស មេឃុំសន្លុងដើម្បីឲ្យលោកស្រីបញ្ជាក់ជុំវិញរឿងទាំងអស់នោះ ខណៈពេលដែលអ្នកសារព័ត៌មានយើងទៅដល់សាលាឃុំ យើងឃើញមានលោកស្រីមេឃុំ លោកស្មៀនឃុំ និងក្រុមការងារឃុំ ដែលប្រចាំការសម្រាប់ថ្ងៃសៅរ៍នៅរួមជាមួយគ្នា។
ក្នុងពេលនោះលោកស្រីជាមេឃុំបានបញ្ជាក់ដោយសុំមិនចេញមុខតាមការស្នើសុំរបស់យើងជាអ្នកសារព័ត៌មានដើម្បីឲ្យមានការបកស្រាយជាសាធារណៈថារឿងលុយដែលលក់បាននោះគឺខាងឃុំយកមកធ្វើហេដ្ឋារចនាសម្ព័ន្ធ និងសាងសង់ក្លោងទ្វារសាលារៀនបឋមសិក្សា និងអនុវិទ្យាល័យជាដើម។ល។ ហើយធ្វើការបែងចែកបើកលុយមួយចំនួននោះជូនដល់មន្ត្រីឃុំជាដើម នៅក្នុងពេលវេលាថ្ងៃខែឆ្នាំដដែលនោះដើម្បីជាព័ត៌មានលម្អិតបន្ថែមទៅទៀតនោះសារព័ត៌មានរបស់យើងក៏បានធ្វើការសាកសួរទៅលោកនាយកអនុវិទ្យាល័យ ដើម្បីឱ្យលោកបញ្ជាក់ផងដែរ ក៏ប៉ុន្តែជាការសោកស្ដាយទូរសព្ទរបស់យើងបានហៅចូលហើយបែរជាមិនមានការទទួលដើម្បីឆ្លើយតបត្រឡប់មកវិញនោះទេ។
ចំពោះការលើកឡើងទាំងអស់នេះក៏ដូចជាសកម្មភាពមួយចំនួនដែលអាជ្ញាធរថ្នាក់ឃុំសង្កាត់អាចមានលទ្ធភាពនៅក្នុងការចុះហត្ថលេខាលើការលក់ដូរដីដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ នោះគឺបញ្ជាក់ថាថ្នាក់ក្រោមក៏អាចមានសិទ្ធិនៅក្នុងការដោះដូរលក់ដីរបស់រដ្ឋបានផងដែរ។
ក៏ប៉ុន្តែបើយោងតាមច្បាប់ស្ដីអំពីការរក្សាការពារដីតំបន់មានដូចជា÷ ដីជាកម្មសិទ្ធិរបស់រដ្ឋទាំងដីបឹង, ទន្លេ សមុទ្រ, ភ្នំ, ដីគរុភណ្ឌ ដីតំបន់ព្រៃលិចទឹក ដីភ្នំ ឬដំណាំដាំដុះព្រៃឈើរបស់រដ្ឋ។ល។ជាដើម គឺគ្មានបុគ្គលណាមួយមួយទោះបីបុគ្គលនេះជាអ្នកមានអំណាចណាក៏ដោយ ក៏មិនអាចធ្វើការដោះដូរលក់បានតែតាមអំពើចិត្តនោះទេ វាលើកលែងក្នុងករណីមួយចំនួនដែលថ្នាក់ដឹកនាំឬក៏មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលបង្កើតគណៈកម្មាធិការសម្រេចថាមានការដោះដូរ ឬបើកអន្តរប្រជុំបណ្ដាស្ថាប័នពាក់ព័ន្ធ ឬមានការចូលរួមចេញពីពលរដ្ឋ ទើបមានការអនុញ្ញាតឱ្យស្របតាមច្បាប់របស់ប្រទេសដោយអនុវត្តតាមការងារនោះជាក់ស្ដែង ក្នុងការអភិវឌ្ឍន៍ជាតិឲ្យរីកចម្រើន។
សាធារណជនក៏ដូចជាសង្គមស៊ីវិល នឹងរង់ចាំមើលបន្តទៅទៀតថា តើទង្វើនៃសកម្មភាពដូច្នេះគឺមានការស៊ើបអង្កេតឲ្យបានត្រឹមត្រូវ និងចេញសេចក្តីប្រកាសដើម្បីជៀសវាងកុំឲ្យមានសាធារណជនក៏ដូចជាប្រជាពលរដ្ឋនៅក្នុងតំបន់ជាដើមធ្វើការរិះគន់ថាអ្នកមានអំណាចអាចធ្វើបាន ប៉ុន្តែប្រសិនបើកពលរដ្ឋមួយចំនួនហ៊ានធ្វើដូច្នេះនិងទទួលរងនូវការចោទ ប្ដឹងផ្ដល់ ឬឃាត់ខ្លួនសួរនាំ ឬក៏អាចបញ្ជូនដាក់ឃុំក្នុងពន្ធនាគារ ដូចក្នុងករណីឬមួយចំនួនកន្លងមកដែលជាបទពិសោធន៍ដែលនាំឲ្យមតិសាធារណៈចោទប្រកាន់ថាច្បាប់អនុវត្តឱ្យមានភាពស្មើគ្នានៅត្រង់ណា? និងជៀសវាងកុំឱ្យមានគំរូអាក្រក់ដល់តំបន់ដទៃដទៃទៀតដែលអាចនាំឲ្យមានផលប៉ះពាល់ដល់កិច្ចការងារដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
សារព័ត៌មានរបស់យើងរង់ចាំធ្វើការចុះផ្សាយជាបន្តបន្ទាប់ជុំវិញអន្តរស្ថាប័នឬប្រភពផ្សេងៗដែលពាក់ព័ន្ធទាំងឡាយរបស់ថ្នាក់ជាតិដើម្បីចេញផ្សាយបន្តទៅទៀត គ្រប់ពេលវេលាក្នុងម៉ោងធ្វើការស្ដីអំពីរបបវិជ្ជាជីវៈអ្នកសារព័ត៌មាននៅកម្ពុជា។ សូមអរគុណ៕