រាជរដ្ឋាភិបាល ប្រកាសដាក់តំបន់ភ្នំកំពង់ត្រាច ជាទីតាំងអភិរក្សសាសនា វប្បធម៌ និងទេសចរណ៍

CRT News

 


ខេត្តកំពត៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរ៉ែ និងថាមពល ព្រមទាំងរដ្ឋបាលខេត្តកំពត នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ បានប្រកាសដាក់តំបន់ភ្នំកំពង់ត្រាច ទំហំ៤៦០ហិកតា ក្នុងខេត្តកំពត ជាទីតាំងបដិបត្តិសាសនា អេកូទេសចរណ៍ និងវប្បធម៌ ។ 


ការប្រែក្លាយទីតាំងធ្លាប់ផ្តល់អាជ្ញាបណ្ណអាជីវកម្មរ៉ែឲ្យទៅជាតំបន់អភិរក្ស ធ្វើឡើងបន្ទាប់ពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ បានប្រកាសលុបចោលអាជ្ញាបណ្ណធ្វើអាជីវកម្មធនធានរ៉ែ ក្នុងទំហំដីប្រមាណ៤៦០ហិកតា ដែលស្ថិតនៅក្នុងឃុំដំណាក់កន្ទួតខាងត្បូង និងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ។


លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានអះអាងថា៖ គិតចាប់ពីថ្ងៃប្រកាសដាក់តំបន់កំពង់ត្រាច ជាកន្លែងគោរពបូជាសាសនា តំបន់អេកូទេសចរណ៍ធម្មជាតិ និងវប្បធម៌ កាលពីថ្ងៃទី០៩មករា ក្រសួងនឹងមិនអនុញ្ញាតឱ្យបុគ្គល ឬក្រុមហ៊ុនណា យកភ្នំថ្មកំបោរដែលស្ថិតក្នុងស្រុកកំពង់ត្រាចទៅធ្វើជាអាជីវកម្ម និងជារោងចក្រស៊ីម៉ងត៍ទៀតនោះទេ។ ចំពោះលោក កែវ រតនៈ ការអភិរក្សតំបន់ភ្នំកំពង់ត្រាច ប្រៀបបាននឹងការជួយពលរដ្ឋឱ្យមានជីវភាពកាន់តែប្រសើរ និងជួយអភិរក្សភ្នំ ក្នុងតំបន់ភ្នំកំពង់ត្រាចមិនឱ្យបាត់បង់ ។


លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏បានប្តេជ្ញា សហការជាមួយមន្ត្រីជំនាញ ពលរដ្ឋ ដើម្បីរៀបចំតំបន់នេះឲ្យក្លាយទៅជាគោលដៅទេសចរណ៍ដែលមានភាពទាក់ទាញមួយថ្មីបន្ថែមទៀតក្នុងខេត្តកំពត។ ដើម្បីសម្រេចគោលដៅនេះ លោកអភិបាលខេត្តកំពតបានស្នើឱ្យមន្ត្រីជំនាញ មន្ទីរទេសចរណ៍ខេត្ត មន្ទីរវប្បធម៌ខេត្ត មន្ទីរធម្មការ និងសាសនាខេត្ត រួមគ្នាស្រាវជ្រាវពីប្រវត្តិភ្នំកំពង់ត្រាចឱ្យបានច្បាស់លាស់ ដើម្បីទុកបង្ហាញឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបានដឹងទាំងអស់គ្នា ។


សូមរម្លឹកថា៖ កាលពីអំឡុងឆ្នាំ២០២០ តំបន់ភ្នំកំពង់ត្រាច គឺជាតំបន់ភ្នំថ្មកំបោរដែលរដ្ឋាភិបាលធ្លាប់ផ្តល់អាជ្ញាបណ្ណអាជីវកម្មធនធានរ៉ែ សម្រាប់ធ្វើរោងចក្រស៊ីម៉ងត៍។ តែក្រោយមក លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចលុបចោលអាជ្ញាបណ្ណធ្វើអាជីវកម្មវិញ ដោយបញ្ជាក់ពីហេតុផលថា ចង់អភិរក្ស និងរក្សាទុកតំបន់ភ្នំកំពង់ត្រាច ជាទីតាំងសាសនា ទេសចរណ៍ និងវប្បធម៌ ។


ជុំវិញការលុបអាជ្ញាបណ្ណអាជីវកម្មរ៉ែថ្មនេះ លោក កែវ រតនៈ ដែលបច្ចុប្បន្នកាន់តួនាទីជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក៏ធ្លាប់បានអះអាងផងដែរ កាលពីចុងឆ្នាំ២០២៣ ថា ៖ ក្រសួងបានបញ្ឈប់ការចេញអាជ្ញាបណ្ណវាយថ្មភ្នំទាំងស្រុង ពីព្រោះមិនចង់ឃើញភ្នំទាំងអស់ក្នុងប្រទេសកម្ពុជាមានការរេចរឹល។ 


តាមលោក កែវ រតនៈ ដើម្បីអាចទទួលបានអាជ្ញាប័ណ្ណវាយថ្ម លុះត្រាតែមានការពិនិត្យឡើងវិញឱ្យបានល្អិតល្អន់ ដ្បិតលោកចង់បានការអភិរក្ស ឱ្យមានតុល្យភាពនឹងការអភិវឌ្ឍន៍ ៕






#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top