ខេត្តកណ្ដាល ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានសំណូមពរដល់មាតា-បិតា អាណាព្យាបាលទាំងអស់ ធ្វើការអប់រំណែនាំ និងតាមដានរាល់សកម្មភាពរបស់កូនៗ ធ្វើយ៉ាងណាកុំឱ្យពួកគេក្លាយជាក្មេងទំនើង និងធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃ និងសង្គមស្អប់ខ្ពើម។
សំណូមពរនេះធ្វើឡើង ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន២,០៥០ប័ណ្ណ ជូនប្រជាពលរដ្ឋ ស្ថិតនៅស្រុកមុខកំពូល ខេត្តកណ្តាល ក្រោមអធិបតីភាព ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល លោក គួច ចំរើន អភិបាលខេត្តកណ្តាល នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥។
ឯកឧត្តម អភិបាលខេត្ត បានឱ្យដឹងថា៖ ករណីក្មេងទំនើងដែលបានបង្ករបួសស្នាម ឬបង្កឱ្យខូចខាតនៅទ្រព្យសម្បត្តិផ្សេងៗ នៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល អាជ្ញាធរបានស្វែងរក ស្រាវជ្រាវ មិនដកដៃឡើយ ដើម្បីចាប់យកមកផ្ដន្ទាទោសតាមច្បាប់ឱ្យខានតែបាន។
ឯកឧត្តមបន្តថា៖ «ដូច្នេះសូមមាតា-បិតា និងអាណាព្យាបាលទាំងអស់ សូមធ្វើការអប់រំ ណែនាំ និងតាមដានរាល់សកម្មភាពរបស់កូនៗ កុំឱ្យពួកគាត់ប្រព្រឹត្តនូវអ្វីដែលខុសឆ្គង ធ្វើឱ្យសង្គមស្អប់ខ្ពើ ត្រូវធ្វើខ្លួនជាក្មេងល្អ សិស្សល្អ និងពលរដ្ឋល្អ»។
ឆ្លៀតឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្តកណ្ដាល បានលើកឡើងទៀតថា៖ ការចែកប័ណ្ណកម្មសិទ្ធជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែក ដល់ការពង្រឹង យុត្តិធម៌ និងស្ថេរភាពសង្គម។
ឯកឧត្តម អភិបាលខេត្តកណ្ដាល បានថ្លែងការកោតសរសើរពីការខិតខំរបស់មន្ទីររៀបចំដែនដី និងប្អូនៗ ក្មួយៗយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់នូវពេលវេលា ពេលខ្លះក៏ត្រូវចុះបំពេញការងារទាំងថ្ងៃឈប់សម្រាក ដើម្បីចូលរួមចំណែកក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ៕