រាជធានីភ្នំពេញ÷ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា÷ ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ កាន់តែស្រួចស្រាវនៅក្នុងដំណាក់រីកចម្រើនបបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដូច្នេះ មន្ត្រីព័ត៌មាន ត្រូវត្រៀមខ្លួនឱ្យជាប់ជាប្រចាំ និងពង្រឹងសមត្ថភាពសម្រាប់ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ដើម្បីធ្វើឡើងក្តាប់ព័ត៌មាន បញ្ជូនព័ត៌មានពិតទៅដល់ដៃប្រជាពលរដ្ឋ និងទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដោយប្រើសំឡេង រូបភាព បង្កើតសារក្លែងក្លាយមករំខានក្នុងវិស័យសារព័ត៌មាន។
ការលើឡើងបែបនេះរបស ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងឱកាសលោក អញ្ជើញជាអធិបតីពិធីបើកស្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំអន្តរក្រសួង តំណាងរដ្ឋបាលរាជធានីខេត្ត ប្រធានមន្ទីររាជធានីខេត្ត និងមន្ត្រីរាជការក្រសួងព័ត៌មានប្រមាណ ៧០០នាក់។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ÷ក្រសួងព័ត៌មាន គឺជាសេនាធិការរួមរបស់រាជរដ្ឋាភិបាលដែលការគ្រប់គ្រងក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ទោះបីយ៉ាងណានៅក្នុងក្របខណ្ឌនេះក្រសួងស្ថាប័ននីមួយៗ ក៏មានផ្នែករបស់ខ្លួន អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មានអ្នកនាំពាក្យ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ដើម្បីឆ្លើយតប បំភ្លឺ និងពន្យល់ចំពោះព័ត៌មានក្លែងក្លាយ ដែលបានចេញផ្សាយវាយប្រហារ ចោទប្រកាន់មកលើស្ថាប័ន ឬវិស័យពាក់ព័ន្ធរបស់ខ្លួន។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា÷ «ក្នុងក្របខណ្ឌរាជរដ្ឋាភិបាលទាំងមូល ក្នុងក្របខណ្ឌ ស្ថាប័នក្រសួងស្ថានប័ន ក្នុងក្របខណ្ឌរដ្ឋបាលថ្នាក់ក្រោមជាតិ។ ពីព្រោះថាដោយសារបច្ចេកវិទ្យាព័ត៌មានវិទ្យាកាន់តែរីកចម្រើន ក្នុងនោះអ្វីដែលយើងសង្កេតគឺពាក់ព័ន្ធជាមួយ មធ្យោបាយក្នុងនោះព័ត៌មានវិទ្យា និងល្បឿននៃការបញ្ជូនព័ត៌មាន, ពិសេសជាងនេះទី២ ដែលយើងប្រឈមនៅរយៈពេលខាងមុខ គឺការរីកដុះដាលនៃប្រព័ន្ធបច្ចេកវិទ្យាទំនើបគឺសញ្ញាសប្បនិម្មិត (AI) ដែលថាតើកម្រិតនោះនឹងចូលរំខានក្នុងវិស័យព័ត៌មានរបស់យើងពោល គឺក្នុងព័ត៌មាន និងសោតទស្សន៍ ក្នុងកម្រិតណា»។
ចំពោះការរីកចម្រើននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ត្រូវបាន ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចោទជាសំណួរទៅមន្ត្រីគ្រប់គ្រងព័ត៌មាន និងសាធារណមតិថា÷ ហេតុអ្វី វិស័យសារព័ត៌មាន និងសាធារណមតិមានសារៈសំខាន់? ចំណុចក៏គួរដឹងថាដំណើរមានការប្រែប្រួលផ្លាស់ប្តូរនៃនិន្នាការ ទទួលព័ត៌មានរបស់ប្រជាពលរដ្ឋបានផ្លាស់ប្តូរពីការទទួលព័ត៌មានបុរាណដូចជាទូរទស្សន៍ កាសែត វិទ្យុ ទស្សនាវដ្តី ដែលប្រជាពលរដ្ឋធ្លាប់តែអង្គុយទស្សនា អាន ហើយព័ត៌មានដែលគាត់ទទួលបាននោះគឺអ្វីដែលយើងតម្រូវ ឬរៀបចំជូនគាត់ ដើម្បីឱ្យគាត់ដឹង។ ប៉ុន្តែ បច្ចុប្បន្ននេះបានផ្លាស់ប្តូរពោលគឺពីប្រព័ន្ធផ្សព្វផ្សាយបុរាណមកជាប្រព័ន្ធផ្សព្វផ្សាយទំនើប។
ឯកឧត្តម នេត្រ ភក្រ្តា បានបញ្ជាក់ជុំវិញបញ្ហានេះថា÷ «ចំណុចទាំងអស់នេះហើយធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់យើងមួយចំនួនបានចុះខ្សោយ ចុះខ្សោយដោយសារសេដ្ឋកិច្ច នេះជាចំណុច ដែលយើងមើលអំពីដំណើរវិវត្ត ហើយបដិវត្តមួយនេះបើយើងមើលអំពីការគ្រប់គ្រង ព័ត៌មានសាធារណៈមតិកាន់តែស្រួចស្រាវថែមទៀត។ នៅពេលប្រព័ន្ធផ្សព្វផ្សាយបុរាណរបស់យើង ដឹកមុខយើងងាយស្រួលគ្រប់គ្រងដោយសារ ប្រជាពលរដ្ឋពុំមានអ្វីដែលទទួលព័ត៌មានយើងជាអ្នករៀបចំផ្សព្វផ្សាយទេ ពោលគឺយើងនិយាយអ្វី ប៉ុន្តែបច្ចុប្បន្ននេះ អារម្មណ៍របស់គាត់ប្រែប្រួលទៅតាមបរិបទ និងប្រធានបទ»។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានក្រើនរម្លឹកថា÷ ដល់មន្ត្រីគ្រប់ព័ត៌មាន និងសាធារណមតិថា ចំពោះករណីនេះសូមកុំរំពឹងថាស្ថានភាពនៃការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ មានភាពងាយស្រួលឱ្យសោះ ដូច្នេះ ត្រូវត្រៀមខ្លួន និងសមត្ថភាពឱ្យកាន់ខ្លាំងបន្ថែមទៀត សម្រាប់ការគ្រប់គ្រងព័ត៌មាន និងសាធារណមតិក្នុងក្របខណ្ឌរាជរដ្ឋាភិបាលទាំងមូល ក្នុងក្របខណ្ឌ ស្ថាប័នក្រសួងស្ថានប័ន ក្នុងក្របខណ្ឌរដ្ឋបាលថ្នាក់ក្រោមជាតិ។ ពីព្រោះថា ដោយសារបច្ចេកវិទ្យា កាន់តែរីកចម្រើនក្នុងនោះអ្វីដែលយសង្កេត គឺពាក់ព័ន្ធជាមួយមធ្យោបាយក្នុងនោះព័ត៌មានវិទ្យា និងល្បឿននៃការបញ្ជូនព័ត៌មាន។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្រ្តា បានបញ្ជាក់ថា÷ បច្ចុប្បន្ននេះ គេបានប្រើប្រាស់សំលេង រូបភាពដើម្បីក្លូន ដើម្បីប្រើប្រាស់សារក្លែងក្លាយដែលចូលទៅក្នុងក្របខណ្ឌ ព័ត៌មាន និងសាធារណមតិ។ ត្រង់ចំណុចនេះ មន្ត្រីព័ត៌មាន ត្រូវត្រៀមលក្ខណៈជានិច្ច ក្នុងការគ្រប់គ្រងស្ថានការ និងមិនត្រូវអង្គុយបក់ផ្សែងនោះទេ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ហើយផ្តល់តួនាទីគាំទ្រដល់ក្រសួង មន្ទីរស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន ណែនាំឱ្យមន្ទីរព័ត៌មានរាជធានី ខេត្តបំពេញការងារគ្រប់គ្រងសារព័ត៌មាន និងសាធារណមតិនេះ ដើម្បីចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយពីមូលដ្ឋានកុំឱ្យឡើងដល់ថ្នាក់ជាតិ តាមរយៈការត្រួតពិនិត្យមើលព័ត៌មានដែលមាននៅលើបណ្តាញសង្គម Facebook និង Tiktok ណាដែលត្រឹមត្រូវ គឺត្រូវចែករំលែកបន្ត ប៉ុន្តែ ក្នុងករណីព័ត៌មានក្លែងក្លាយ គឺត្រូវបន្សាប ដោយផ្សាយព័ត៌មានពិតហើយធ្វើឡើងឱ្យបានឆាប់រហ័ស។ ការងារគ្រប់គ្រងសារព័ត៌មាននិងសាធារណមតិនេះ ធ្វើឡើងតាមរូបភាព ចែករំលែកព័ត៌មាន ការផ្សាយពីសមិទ្ធផលរបស់ខេត្ត និងការងារឆ្លើយតប៕