ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជួបសំណេះសំណាល និងតម្រង់ទិសការងារដល់មន្ត្រីនៃមន្ទីរព័ត៌មានខេត្តប៉ៃលិន លើការទប់ស្កាត់ ឆ្លើយតប និងបន្សាបព័ត៌មានក្លែងក្លាយក្នុងដំណាក់កាលរីកចម្រើននៃបញ្ញាសិប្បនិម្មិត (AI)

CRT News

ខេត្តប៉ៃលិន៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បានជួបសំណេះសំណាល និងតម្រង់ទិសការងារជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តប៉ៃលិន ពីការងារទប់ស្កាត់ ឆ្លើយតប និងបន្សាបព័ត៌មានក្លែងក្លាយ នៅក្នុងដំណាក់កាលរីកចម្រើនផ្នែកបញ្ញាសិប្បនិម្មិត (AI) ព្រមទាំងការងារគ្រប់គ្រងសាធារណមតិ។


ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ៖ កិច្ចការព័ត៌មាន និងសាធារណមតិជាកិច្ចការងារចាំបាច់សំខាន់។ សូម្បីតែការសម្រេចចិត្តធ្វើអ្វីមួយក៏ត្រូវការព័ត៌មានជាមុននោះដែរ ដូច្នេះហើយមនុស្ស និងព័ត៌មាន មិនអាចកាត់ផ្តាច់ ចេញពីគ្នាបានជាពិសេសនៅក្នុងដំណើររីកចម្រើនផ្នែកបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ។


ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា៖ ក្នុងនាមជាមន្ត្រីព័ត៌មាន គឺមិនមែនគ្រាន់តែចេញទៅយកព័ត៌មាន ហើយធ្វើការផ្សព្វផ្សាយនោះទេ ក៏ប៉ុន្តែត្រូវតែគិតគូរពីការរៀបចំ និងគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងការបញ្ចេញមតិ ដោយស្ថិតនៅក្រោមច្បាប់រដ្ឋទាំងអស់។ ដូច្នេះកម្ពុជាត្រូវការមន្ត្រី និងអ្នកសារព័ត៌មាន មានសមត្ថភាព និងចំណេះដឹងគ្រប់គ្រាន់លើវិស័យសារព័ត៌មាន ដើម្បីធ្វើយ៉ាងណាធានាពីសន្តិសុខព័ត៌មាននៅកម្ពុជា ដើម្បីឆ្លើយតបនឹងការរីកចម្រើនបច្ចេកវិទ្យាឌីជីថល និងការប្រកួតប្រជែងជាមួយនឹងបណ្តាញផ្សព្វផ្សាយនៅក្នុងតំបន់ និងពិភពលោក។


ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា នៅពេលដែលបច្ចេកវិទ្យាបញ្ញាសិម្បនិម្មិត (AI) កាន់តែរីកចម្រើនខ្លាំងនោះវិស័យព័ត៌មាន គឺជាអំណាចធំ ពីព្រោះសមរភូមិសារព័ត៌មាន និងសាធារណមតិកាន់តែស្រួចស្រាវ ហើយក៏ជា សមរភូមិដណ្តើមអំណាចគ្នាផងដែរ។ ត្រង់ចំណុចនេះហើយមន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មាន ត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការផលិតព័ត៌មានឱ្យមានគុណភាព ចំណេះដឹង ព័ត៌មានពិត មានប្រភពច្បាស់លាស់ និងលឿនរហ័ស ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាល និងអាជ្ញាធរ។ បច្ចុប្បន្ននេះ បញ្ហាព័ត៌មានក្លែងក្លាយបានបង្កការលំបាកជាច្រើននៅក្នុងសង្គមកម្ពុជា ពីព្រោះលទ្ធភាពនៃការបញ្ចេញព័ត៌មាន ក្លែងក្លាយកាន់តែសម្បូរបែប ដោយក្នុងនោះបណ្តាញសង្គម Facebook និង TikTok គឺជាប្រភពធំក្នុងការបញ្ចេញព័ត៌មានក្លែងក្លាយ។


ត្រង់ចំណុចនេះត្រូវបាន ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ មន្ត្រីព័ត៌មាន និងសាធារណមតិ ព្រមទាំងអ្នកពាក់ព័ន្ធយឺតយ៉ាវក្នុងការឆ្លើយតបចំពោះព័ត៌មានក្លែងក្លាយនេះ នឹងធ្វើសង្គមានជួបបញ្ហាដោយសារតែ ព័ត៌មានក្លែងក្លាយ។ ដូច្នេះត្រូវបន្តក្តាប់ឱ្យបានរាល់មតិសាធារណៈ ជាពិសេសឆ្លើយតបភ្លាមៗ ក្នុងករណីមានការចុះផ្សាយណាមួយខុសពីការពិត ដើម្បីឈានទៅលុបបំបាត់ និងចូលរួមក្នុងការប្រយុទ្ធប្រឆាំង ពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយ។


ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា៖ បច្ចុប្បន្ននេះនៅតាមមន្ទីរព័ត៌មានរាជធានីខេត្ត ក្រសួងព័ត៌មានបានបង្កើតមន្ត្រីសម្របសម្រួលព័ត៌មាន និងសាធារណមតិដែលមានគ្នាចំនួន៥រូប នៅថ្នាក់រាជធានី ខេត្តនីមួយៗ ដើម្បីបង្ហាញឱ្យឃើញ អំពីកម្ពុជាពិតគឺខុសពីកម្ពុជានៅលើសារដែលបង្ហោះតាមបណ្ដាញសង្គម។ ការផ្សព្វផ្សាយព័ត៌មានពិតគ្រប់ជ្រុងជ្រោយទាំងឡាយអំពីកម្ពុជា បានធ្វើឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ នោះគឺស្ថានភាព និងការវិវត្តជាវិជ្ជមាន ជាក់ស្តែងនៅកម្ពុជាក្រោមដំបូលនៃសន្តិភាពពេញលេញ។


ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្នើបណ្តាមន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក ចំណុះឱ្យរដ្ឋបាលខេត្តប៉ៃលិន ផ្តល់កិច្ចសហការជាមួយមន្ទីរព័ត៌មាន ផ្តល់នូវលទ្ធផលសកម្មភាពការងារ ដែលខ្លួនសម្រេចបានដើម្បីឱ្យមន្ទីរ មានប្រភពគ្រប់គ្រាន់ ក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលមានខ្លឹមសារល្អ គ្រប់ជ្រុងជ្រោយ សម្រាប់ជាប្រយោជន៍ដល់ពលរដ្ឋ។


ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារទាំងឡាយដែលមន្ទីរព័ត៌មានខេត្តអនុវត្តន៍បានទោះបីជួបការលំបាកខ្វះខាតក្តី តែបានប្រឹងប្រែងរួមគ្នាជំនះបំពេញការងារសម្រេចជូនជាតិ និងខេត្តរបស់ខ្លួន ដែលបង្ហាញពីការលះបង់គ្រប់បែបយ៉ាងដើម្បីវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងខេត្តឱ្យមានការរីកចម្រើន។

 

បើតាមរបាយការណ៍សង្ខេបប្រចាំឆ្នាំ២០២៤ របស់លោក ញ៉ឹប បូរី ប្រធានមន្ទីរមន្ទីរព័ត៌មានស្តីទី ខេត្តប៉ៃលិន បានឱ្យដឹងថា៖ សមិទ្ធផលសំខាន់ៗដែលសម្រេចបានការផលិត និងការផ្សព្វផ្សាយព័ត៌មាន, ផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ចំនួន៣.៥៦៧ អត្ថបទ, ចុះយកព័ត៌មាន និងផលិតព័ត៌មានក្នុងខេត្តបានចំនួន៩៣៧ អត្ថបទ និងបានបញ្ជូនព័ត៌មានក្នុងខេត្តទៅផ្សព្វផ្សាយតាមបណ្តាស្ថានីយទូរទស្សន៍នានានៅរាជធានីភ្នំពេញ, ផ្សព្វផ្សាយតាមវិទ្យុបណ្តាញ បានចំនួន២.៥៨៦ អត្ថបទ, ផ្សាយបន្តផ្ទាល់ពិសេសកម្មវិធីផ្សេងៗ ជាពិសេសកម្មវិធីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានចំនួន ៩៦លើក, ផ្សព្វផ្សាយសារាចរ សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងនានាចំនួន ៧០លើក។


ផ្សព្វផ្សាយសេចក្តីណែនាំ និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តចំនួន ៣២លើក, ផ្សព្វផ្សាយព័ត៌មានតាមគេហទំព័រ ចំនួន ៣០០អត្ថបទ, ផ្សាយតាមរយៈឆាណែលតេឡេក្រាមចំនួន ៤១៩លើក, ផ្សាយតាមគណនីយូធូប ចំនួន៤៣៣លើក, ផ្សាយតាមគណនី និង ទំព័រហ្វេសប៊ុក ៤៣៨លើក, ផ្សាយតាមគណនីតិកតុក ចំនួន ៤៣៣, ផលិត និងផ្សព្វផ្សាយព័ត៌មានតាមរយៈព្រឹត្តបត្រព័ត៌មានប្រចាំខែ, រក្សាទុករូបភាពឯកសារ ចំនួន ៣២៦អាល់ប៊ុម, រៀបចំផ្សាយផ្ទាល់កម្មវិធីក្នុងខេត្តបានចំនួន៤លើក គឺពិធីអបអរសាទរបើកការដ្ឋានព្រែកជីកហ្វូណនតេជោ, ពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកាឆ្នាំ២០២៤, ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតព្រះទីប និងសំពះព្រះខែ អកអំបុក និងសិក្ខាសាលាស្តីពីការអនុវត្តន៍គោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីឈានឆ្ពោះទៅកម្ពុជាឆ្នាំ២០៥០។


មន្ទីរព័ត៌មានបានរៀបចំមន្រ្តីចំនួន៥រូប ក្នុងការត្រួតពិនិត្យ និងតាមដានរាល់សកម្មភាព ផ្សព្វផ្សាយតាមបណ្តាញសង្គម និងបានអនុវត្តការងារផ្សាយបន្តតាមរយះបណ្ដាញផ្សព្វផ្សាយ សង្គមផ្លូវការរបស់មន្ទីរ ការិយាល័យចំណុះ និងគណនីហ្វេប៊ុក តិកតុកផ្ទាល់ខ្លួនរបស់មន្រ្តីរាជការផងដែរ ដើម្បីឆ្លើយតបបានទាន់ពេលវេលាក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ៕













#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top