ឯកឧត្តម ហេង សួរ ÷ គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥ លាននាក់ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌សម្រាប់បំពេញតម្រូវការទីផ្សារការងារ

CRT News

រាជធានីភ្នំពេញ÷ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» លើកទី២ និងបានប្រគល់លិខិតថ្លែងអំណរគុណជូនដល់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ, គ្រឹះស្ថានTVET, វាគ្មិនកិត្តិយស, ក្រុមការងារសម្របសម្រួល រួមនិងប្រគល់ជូនវិញ្ញាបនបត្រដល់ គ្រូឧទេ្ទស, គ្រូឧទ្ទេសជំនួយ និងគ្រូសិក្ខាកាមសរុបជាង ២៥០នាក់ ។


ថ្លែងនៅក្នុងពិធីដែលរៀបចំធ្វើឡើងនៅសួនអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Park) នាព្រឹកថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា÷ វគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» លើកទី២នេះ គឺដើម្បីគាំទ្រកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។


ឯកឧត្តមរដ្ឋមន្ត្រី បានជឿជាក់ថា÷តាមរយៈវគ្គវិក្រឹតការក្នុងរយៈពេល១០ថ្ងៃមកនេះ គឺគ្រូឧទ្ទេស និងសិក្ខាកាមទាំងអស់ច្បាស់ជាទទួលបាននូវជំនាញកាន់តែប្រសើរក្នុងការរៀបចំផែនការបង្រៀនគ្រប់ម៉ូឌុលស្នូល និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងថ្នាក់រៀន និងរោងជាងប្រមុំ ក៏ដូចជាទទួលបានជំនាញប្រាស្រ័យទាក់ទងតាមកន្លែងការងារជាមួយសហគ្រិនប្រកបដោយប្រសិទ្ធភាព និងមូលដ្ឋានច្បាប់ការងារ។


បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្គត់ធ្ងន់ថា÷ ការរៀបចំស្តង់ដាកម្មវិធីសិក្សា និងការអភិវឌ្ឍម៉ូឌុលសិក្សាដែលមានមូលដ្ឋានច្បាស់លាស់ក្នងការពង្រឹងចំណេះដឹង និងជំនាញ, វិន័យ, សីលធម៌, និងឥរិយាបថរបស់សិក្ខាកាម សិស្ស និស្សិត គឺជាកត្តាស្នូលក្នុងបរិបទសកលភាវូបនីយកម្ម គុណភាពនៃ TVET ដើម្បីអភិវឌ្ឍធនធានមនុស្ស្ ឆ្ពោះទៅចូលរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ច។ ក្នុងន័យនេះ គ្រូបច្ចេកទេសគឺជាកម្លាំងចលករដ៏សំខាន់ក្នុងការបណ្តុះបណ្តាលអ្នកជំនាញបច្ចេកទេសប្រកបដោយវិជ្ជាជីវៈ និងប្រកបដោយក្រមសីលធម៌ សម្រាប់បំពេញតម្រូវការទីផ្សារការងារ។ 


សូមបញ្ជាក់ថា÷ វគ្គវិក្រឹតការគ្រូបច្ចេកទេស លើកទី២នេះ មានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ដោយមានសិក្ខាកាមជាគ្រូឧទ្ទេស គ្រូឧទ្ទេសជំនួយ គ្រូសិក្ខាកាមសរុបចំនួន១៩០នាក់ និងមានការចូលរួមធ្វើបទបង្ហាញពីវាគ្មិនជាថ្នាក់ដឹកនាំនាយកដ្ឋាន, តំណាងវិស័យឯកជន, ថ្នាក់ដឹកនាំគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈផងដែរ៕











#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top