អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង ប្រកាសថ្កោលទោសចំពោះបណ្តាញសង្គមឈ្មោះ Sam Riansy និងបក្ខពួកដែលទាញក្រុមគ្រួសារសម្តេចភ្ជាប់ទៅនឹងនយោបាយទុច្ចរិតរបស់ខ្លួនម្តងហើយម្តងទៀត

CRT News

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសបដិសេធ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងន់បំផុតចំពោះបណ្តាញសង្គមឈ្មោះ Sam Riansy និងបក្ខពួក ដែលបានទាញក្រុមគ្រួសារសម្តេចក្រឡាហោម ភ្ជាប់ទៅនឹងនយោបាយទុច្ចរិតរបស់ខ្លួនម្តងហើយម្តងទៀត។ 


អ្នកនាំពាក្យបានចាត់ទុកថា៖ ក្រុមអ្នកនយោបាយនិរទេសខ្លួននៅឯបរទេសដែល គេចវេសពីការអនុវត្តទោសក្នុងបទឧក្រិដ្ឋព្រហ្មទណ្ឌនានានោះ គឺជាអ្នកនយោបាយបរាមុខ ដែលបើទោះបីជាធ្វើនយោបាយរាប់សិបឆ្នាំហ្នឹងគេដែរ ប៉ុន្តែ នៅតែបន្តប្រើកលវិធីស្មោកគ្រោកច្រំដែល ដោយជញ្ជ្រាំផលិត ផ្សព្វផ្សាយសារបំពានបំភ្លៃ បំភាន់មូលបង្កាច់ ក្លែងបន្លំ ញុះញង់ បំបែកបំបាក់សាមគ្គីផ្ទៃក្នុង ដើម្បីតែគោលដៅដ៏ខ្មៅងងឹតមួយគត់ គឺសម្រេចមហិច្ឆតាដណ្តើមអំណាចក្នុងទម្រង់ទាញទម្លាក់ប្រជាជន និងកម្ពុជាទាំងមូលឱ្យចូលភ្នក់ភ្លើងវិនាសកម្មម្តងទៀត តាមរបៀប «បដិវត្តន៍ពណ៌» ដែលទីបំផុតមិនដែលឈ្នះសូម្បីប៉ុនសរសៃសក់។


អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង សូមបញ្ជាក់ជូនថា សម្តេចក្រឡាហោម និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណៈអចិន្ត្រៃយ៍គណបក្ស តែងជួបប្រជុំពិគ្រោះយោបល់តាមទស្សនៈ «រួបរួមគ្នាដើម្បីកម្ពុជារុងរឿង» ក្នុងស្មារតីសាមគ្គីភាពយ៉ាងរឹងមាំឋានៈជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ដើម្បីទប់ទល់នឹងភាពមិនប្រាកដប្រជារបស់ពិភពលោក រក្សាការពារសន្តិភាព សន្តិសុខ និងរក្សាលំនឹងសេដ្ឋកិច្ចធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ប្រកបដោយឆន្ទៈមោះមុតខ្ពស់ គោរពនិងគាំទ្រឥតងាករេនូវរាល់សេចក្តីសម្រេចគណបក្ស ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា រួមទាំងមានភាពជឿជាក់ខ្ពស់ ចំពោះការដឹកនាំដ៏ឈ្លាសវៃស្វាហាប់របស់រាជរដ្ឋាភិបាលបន្តវេន ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។


អ្នកនាំពាក្យសម្តេចក្រឡាហោម ស ខេង បានអំពាវនាវដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេសកុំជឿតាមសាររបស់ក្រុមឧក្រិដ្ឋកម្មនយោបាយ ដែលមានចរិតបំពានជាន់ឈ្លីច្បាប់ គោលការណ៍ប្រជាធិបតេយ្យ បំផ្លិចបំផ្លាញសន្តិភាព សន្តិសុខ ការអភិវឌ្ឍ និងប្រក្រតីភាពនៃសេចក្តីសុខរបស់ប្រពលរដ្ឋខ្មែរដែលទើបតែទទួលបានពីមនុញ្ញផលនៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទេសក៍ឯកនៃសន្តិភាព និងការអភិវឌ្ឍ។ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ដោយសង្កត់ធ្ងន់ថា «ការផ្សព្វផ្សាយនេះមិនមែនជាការពិត ជាការបោកប្រាស់ បែបប្រជាភិថុតសុទ្ធសាធ ដែលត្រូវបដិសេធដាច់អហង្ការ និងត្រូវថ្កោលទោសយ៉ាងធ្ងន់ធ្ងរ»៕




#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top