កាស៊ីណូ «វី​ន​នឺ​ផាក» នៅ​ក្រុង​បា​វិត ត្រូវបានអគ្គិភ័យឆាបឆេះបន្ទប់អាគារ១កន្លែង

CRT News

 ​


ខេត្តស្វាយរៀង ៖ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​បន្ទប់ នៃ​អាគារ​ជាន់​ទី​០៦ ក្នុង​បរិវេណ​ក្រុមហ៊ុន​កាស៊ីណូ វី​ន​នឺ​ផាក ឆេះ​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង ។

ករណី​អគ្គិភ័យ​នេះ កើតឡើង​នៅ​វេលា​ម៉ោង​០២​និង​១៤​នាទី​រសៀល ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ចំណុច​បន្ទប់​អាគារ D5 ជាន់​ទី​៦ នៃ​បរិវេណ​ក្រុមហ៊ុន​កាស៊ីណូ វី​ន​នឺ​ផាក ដែល​គេ​សង្ស័យ​បង្កប់​ល្បែង​អន​ឡាញ​ដោយ​ខុសច្បាប់ ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត​ក្រុង​បា​វិត ។

ក្រោយ​អគ្គិភ័យ​បាន​ឆាបឆេះ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ជូន​ដល់សមត្ថកិច្ច​ក្រុង​បា​វិត កម្លាំង​សមត្ថកិច្ច​បាន​ចេញ​រថយន្ត​ទៅ​អន្តរាគមន៍ ភ្លាម​ៗ​ផង​ដែរ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត ចំនួន​០២​គ្រឿង ទៅ​ជួយ​អន្តរាគមន៍​។ រហូត​មក​ដល់​ម៉ោង​២​និង​៣២​នាទី​រសៀល​ថ្ងៃ​ដដែល ភ្លើង​មិន​ទាន់​រលត់​នៅឡើយ​ទេ កម្លាំង​សមត្ថកិច្ច​កំពុង​អន្តរាគមន៍​បន្ថែម​ទៀត ។

ទាក់ទិន​ករណី​នេះ​ដែរ អ្នក​សារព័ត៌មាន​យើង មិន​អាច​ចូល​ទៅ​ថត​យក​រូបភាព​បាន​ទេ ដោយសារ​មាន​សន្តិសុខ​កាស៊ីណូ​ហាមឃាត់​មិន​ឲ្យ​អ្នក​សារព័ត៌មាន​យើង ចូល​ទៅ​ទេ ដូច្នេះ​ថត​យក​រូបភាព​ពី​ចម្ងាយ (​អគារ​ដែល​ឆេះ​នេះ ជា​តំបន់ហាមឃាត់ ទើប​មានការ​សង្ស័យ​ថា! ÷ ជា​អគារ​បើក​ល្បែង​អន​ឡាញ​ខុសច្បាប់​) ព្រោះ​មាន​សន្តិសុខ​យាមកាម យ៉ាង​តឹងរ៉ឹង ។

ដោយឡែក លោក​អធិការ​នគ​បាល​ក្រុង​បា​វិត បាន​ឲ្យ​ដឹង​ថា÷ ករណី​អគ្គិភ័យ​នេះ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​០៧​គ្រឿង ប្រើប្រាស់​ទឹក​អស់​០៥​គ្រឿង ទើប​គ្រប់គ្រង​បាន ។

ប្រភព​បន្ត​ថា÷ ការ​ចុះ​អន្តរាគមន៍ រួម​មាន​កម្លាំង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង និង​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បា​វិត សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី គ្រុយ សុខ​ឡេ​ង មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បា​វិត បាន​ចុះ​អន្ដរាគមន៍​ជួយ​ពន្លត់​ករណី​អគ្គិភ័យ នៅ​ចំណុច​អគារ D5 ជាន់​ទី​៦ ក្នុង​បរិវេណ​ក្រុមហ៊ុន​កាស៊ីណូ វី​ន​នឺ​ស​ផាក ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង​។

ប្រភព​បន្ត​ទៀត​ថា÷ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៧​គ្រឿង ប្រើប្រាស់​ទឹក​អស់​០៥​រថយន្ត រថយន្ត​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ចំនួន​០៣​គ្រឿង​, រថយន្ដ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​ចំនួន​០១​គ្រឿង និង​រថយន្ត​របស់​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ចំនួន​០២​គ្រឿង និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ក្រុមហ៊ុន​បា​វិត​«ដាយ​អឺ​មេន​កាស៊ីណូ» និង​ហូ​ថែ​ល ចំនួន​០១​គ្រឿង​។ រហូត​មក​ដល់​វេលា​ម៉ោង​៣​និង​៥០​នាទី​រសៀល​នេះ សមត្ថកិច្ច​បាន​គ្រប់គ្រង​បាន​១០០%​ហើយ ។
ចំពោះ​មូលហេតុ​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ សមត្ថកិច្ចជំនាញ កំពុង​ស្រាវជ្រាវ ។

យ៉ាងណា​អគ្គិភ័យ​នេះ​ដែរ មិន​បណ្តាល​ឱ្យ​មាន​មនុស្ស​រង​របួស ឫ​ស្លា​.​ប់​នោះ​ទេ គ្រាន់តែ​ខូចខាត​សម្ភារៈ ដូច​ជា តុ កៅអី និង​សម្ភារៈ​ប្រើប្រាស់​នៅ​ក្នុង​បន្ទប់​បាយ​មួយ​ចំនួន ៕







#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top