ឯកឧត្តម ហេង សួរ អញ្ជើញជាអធិបតី ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ ក្រោមប្រធានបទ «សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម»

CRT News

រាជធានីភ្នំពេញ ៖ ទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦ (១៩៤៨-២០២៤) ក្រោមប្រធានបទ «សិទ្ធិសេរីភាពសហជីព សមាគម និងប្រព័ន្ធគាំពារសង្គម» ប្រារព្ធធ្វើឡើង ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ នេះ នៅទីលានប្រជាធិបតេយ្យ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងវត្តមានចូលរួមពីតំណាងស្ថានទូត អង្គការ សមាគម សហភាពសហជីព សហព័ន្ធសហជីព សហជីពមូលដ្ឋាន និងកម្មករនិយោជិតសរុបប្រមាណជាង ២០០០នាក់ ។


ឯកឧត្តម ហេង សួរ បានថ្លែងថា÷ ទិវាសិទ្ធិមនុស្ស ១០ធ្នូ ប្រារព្ធឡើងដើម្បីរំលឹកដល់ថ្ងៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានអនុម័តនូវសេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិមនុស្ស នៅក្នុងឆ្នាំ១៩៤៨ ដែលបានបញ្ជាក់យ៉ាងច្បាស់ថា មនុស្សគ្រប់រូបមានសិទ្ធិទទួលបាននូវសិទ្ធិសេរីភាព ដោយគ្មានការបែងចែក និងរើសអើងអំពីជាតិសាសន៍ ពណ៌សម្បុរ ភេទ អាយុ ភាសា សាសនា មតិយោបល់ ប្រភពដើមនៃជាតិ ឬសង្គម ស្ថានភាពសេដ្ឋកិច្ច កំណើត ពិការភាព ឬស្ថានភាពអ្វីផ្សេងនោះឡើយ ។


ទន្ទឹមនេះ ឯកឧត្តម ហេង សួររដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា÷ ទិវាសិទ្ធិមនុស្ស ដែលត្រូវបានអនុម័តក្នុងឆ្នាំ១៩៤៨ គឺបន្ទាប់ពីសង្គ្រាមលោកលើកទី២ ត្រូវបានបញ្ចប់រយៈពេល ៣ ឆ្នាំ ដោយក្នុងន័យនេះបង្ហាញយ៉ាងច្បាស់ថា បើសិនជានៅពេលកំពុងស្ថិតក្នុងស្ថានការណ៍សង្គ្រាម គឺយើងមិនមានឱកាសក្នុងការនិយាយអំពីសិទ្ធិមនុស្ស និងការអភិវឌ្ឍនោះឡើយ ព្រោះអ្វីដែលយើងត្រូវការជាចំបង គឺការបញ្ចប់សង្គ្រាម ។


ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានរំលឹកផងដែរថា÷ សម្រាប់កម្ពុជា ក្នុងសម័យរបបប្រល័យពូជសាសន៍ខ្មែរក្រហម គឺប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពអ្វីទាំងអស់ សូម្បីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា សិទ្ធិសិក្សាអប់រំ សិទ្ធិជ្រើសរើសតំណាង សិទ្ធិបញ្ចេញមតិ សិទ្ធិរៀបអាពាហ៍ពិពាហ៍ និងសិទ្ធិប្រកបការងារ ជាដើម ។ ជាក់ស្តែង ទើបតែក្រោយពេលដែលកម្ពុជាបានបញ្ចប់សង្គ្រាម ក្នុងប្រទេសទាំងស្រុង ទើបយើងអាចមានឱកាស ក្នុងការអភិវឌ្ឍប្រទេសជាតិជាបន្តបន្ទាប់ រួមទាំងការគិតគូរពីប្រព័ន្ធគាំពារសង្គមផងដែរ ។ ជាពិសេសរហូតមកដល់អាណត្តិទី៧ នៃរាជរដ្ឋាភិបាល ប្រព័ន្ធគាំពារសង្គមត្រូវបានពង្រីកយ៉ាងទូលំទូលាយ ដែលគ្របដណ្តប់ចាប់តាំងពីអ្នកសេដ្ឋកិច្ចក្នុងប្រព័ន្ធ រហូតដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធទៀតផង ។  


ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពសហជីព សមាគម ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា÷ រាជរដ្ឋាភិបាល បាននិងកំពុងបន្តលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព និងលិខិតបទដ្ឋានការងារអន្តរជាតិនានា ។ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជិកាអង្គការវិជ្ជាជីវៈសរុបចំនួន ៦ ៤៩១ ក្នុងនោះសហភាពសហជីពមានចំនួន ៤២, សហព័ន្ធសហជីពមានចំនួន ២៨០, សហជីពមូលដ្ឋានមានចំនួន ៦ ១៥៧, និងសមាគមនិយោជកមានចំនួន ១២ ។ ដោយឡែក ចំនួនសមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលចុះបញ្ជីនៅក្រសួងមហាផ្ទៃ គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ មានចំនួន ៦ ៤៤៩ ក្នុងនោះសមាគមមានចំនួន២ ៧៦០, អង្គការក្រៅរដ្ឋាភិបាល ចំនួន៣ ៥៣៦, សមាគមជនជាតិដើមភាគតិចចំនួន ១៥៣។ ទន្ទឹមនេះ សម្រាប់វិស័យសារព័ត៌មាន បច្ចុប្បន្ននេះមានស្ថាប័នព័ត៌មានទាំងបុរាណ និងទំនើប បានចុះបញ្ជីនៅក្រសួងព័ត៌មានមានជាង ២ពាន់អង្គភាព រួមមាន គេហទំព័រ ទូរទស្សន៍អនឡាញ, កាសែត,  សមាគមសារព័ត៌មាន, ទស្សនាវដ្តី, ទីភ្នាក់ងារព័ត៌មានបរទេស និងការិយាល័យតំណាង ស្ថានីយវិទ្យុ FM និងវិទ្យុ AM ជាដើម ។ ទាំងនេះបង្ហាញថា កម្ពុជាមានលំហសិទ្ធិសេរីភាពយ៉ាងពេញលេញ ។


ឯកឧត្តម ហេង សួរ ក៏បានអំពាវនាវដល់សហជីពទាំងអស់នៅកម្ពុជា ត្រូវគោរពឆន្ទៈគ្នាទៅវិញទៅមក ដោយយកការពិភាក្សាជាមួយគ្នាត្រង់ទៅត្រង់មក ដើម្បីដោះស្រាយបញ្ហារួមគ្នាប្រកបដោយប្រសិទ្ធភាព មានទំនាក់ទំនងល្អក្នុងវិជ្ជាជីវៈ និងសុខដុមនីយកម្មរួមគ្នា ៕









#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top