ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ដឹកនាំមន្ត្រីជំនាញចុះពិនិត្យការស្តារប្រឡាយរំដោះទឹកខ្សែទី២ នៅភូមិខ្ពបវែង

CRT News

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ទីរអង្គភាពជំនាញ មន្ត្រីពាក់ព័ន្ធអាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យមើលស្ថានភាព ការស្ដារប្រឡាយរំដោះទឹកខ្សែទី២ នៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ 


ក្នុងឱកាសចុះពិនិត្យនេះដែរឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា៖ កន្លងមកប្រឡាយរំដោះទឹកមានសភាពតូចចង្អៀត និងរាក់បណ្តាលឱ្យស្ទះទឹក ហើយការស្តារប្រឡាយនេះ គឺដើម្បីបញ្ចៀសនូវជំនន់ទឹកភ្លៀង នៅក្នុងក្រុងតាខ្មៅ ព្រោះជារៀងរាល់ឆ្នាំតែងតែបង្កផលប៉ះពាល់ដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋ ម៉្យាងទៀតការស្តារប្រឡាយនេះក៏បានរួមចំណែកក្នុងការបញ្ចៀសនូវជំនន់ទឹកភ្លៀង និងជួយសំរួលផ្លូវទឹកនារដូវវស្សានាពេលខាងមុខនេះ។ 


ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ក្នុងស្មារតីយោគយល់អធ្យាស្រ័យ ដើម្បីធ្វើយ៉ាងណាឱ្យផែនការនៃការស្តារប្រឡាយរំដោះទឹកនេះទទួលបាននូវភាពជោគជ័យ។ 


ក្នុងឱកាសនោះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋាន ដែលគៀកផ្ទាល់នឹងប្រជាពលរដ្ឋ ត្រូវខិតខំបំពេញការងាររបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវ៉ាសាធារណៈនានា ជូនប្រជាពលរដ្ឋ និងត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់និងឆាប់រហ័ស។ 


សូមបញ្ជាក់ថា៖ ការងារស្តារប្រឡាយនេះ មានប្រវែងសរុបជាង២០០០ម៉ែត្រ នៅក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕













#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top