ចុងក្រោយខ្នោះសមត្ថកិច្ច
ខេត្តតាកែវ ៖ កាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ មានករណីផ្ទុះអាវុធ«បាញ់បោះសេរី»មួយកើតឡើងនៅត្រង់ចំណុចភូមិកណ្ដាល ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ បង្កដោយជនមិនស្គាល់មុខ បានធ្វើសកម្មភាពប្រើប្រាស់អាវុធខ្លីមិនស្គាល់ម៉ាក ១ដើម បាញ់សម្លុតមេឃរាប់សិបគ្រាប់យ៉ាងសន្ធាប់ បន្ទាប់មកជនសង្ស័យរត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកបាទី បានចុះទៅអន្តរាគមន៍ជាបន្ទាន់ និងបានធ្វើការសាកសួរសាក្សីជុំវិញកន្លែងកើតហេតុ ព្រមទាំងប្រមូលវត្ថុតាងសម្បកគ្រាប់កាំភ្លើងខ្លីប្រភេទ០៩មីល្លីម៉ែត្រ ចំនួន ៧១គ្រាប់ និងបានបើកការស៊ើបអង្កេតស្រាវជ្រាវកំណត់អត្តសញ្ញាណជនសង្ស័យភ្លាមៗ ។ នៅទីបំផុតមុខសញ្ញាជនជាតិចិនតៃវ៉ាន់ដែលបាញ់៧១គ្រាប់ ជាការបាញ់សម្តែងឫទ្ធិនោះ ត្រូវបានជាប់ខ្នោះសមត្ថកិច្ចនគរបាលខេត្តតាកែវ ។
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រីស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ក្រោមការសម្របសម្រួលនីតិវិធីពីឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនៃអធិការដ្ឋាននគរបាលស្រុកបាទី នៅវេលាម៉ោង២រសៀលថ្ងៃដដែលនោះកម្លាំងសមត្ថកិច្ចជំនាញនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆាយ ជែយូ CIA JIA YOU ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិចិនតៃវ៉ាន់ នៅត្រង់ចំណុចក្នុងបរិវេណរីសត ស្ថិតនៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ដោយដកហូតនូវវត្ថុតាងកាំភ្លើងខ្លីម៉ាកសិចស៊ូអឺ(SIG SAUER) P៣៦៥ ពណ៌ខ្មៅ លេខ ៦៦A៨៩៣២៧៥ មួយដើម និងនាំយកទៅកាន់អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕