ខេត្តសៀមរាប ៖ នារសៀលថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០២៤ នៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តសៀមរាប មានរៀបចំធ្វើសន្និសីទសារព័ត៌មាន ជាមួយ ក្រុមអ្នកសារព័ត៌មាន ក្រោយពីកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យជាខ្មាន់កាំភ្លើងលួចបាញ់អ្នកកាសែតវ័យចំណាស់ម្នាក់ ឈ្មោះ ឈឿង ឈឹង ភេទប្រុស អាយុ៦៣ឆ្នាំ ជាភ្នាក់ងារអង្គភាពសារព័ត៌មាន "កម្ពុជាអភិវឌ្ឍ" រស់នៅភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ដោយអាវុធកែច្នៃ កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៨ និង០០នាទី ល្ងាច ត្រង់ចំណុចដីចម្ការត្រពាំងរាំង ស្ថិតក្នុងភូមិ ត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ត្រូវបានយកមកជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយបានទទួលមរណ:ភាពនៅវេលាម៉ោងប្រមាណ២ទៀបភ្លឺ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ។
សូមរំលឹកថា៖ សោកស្តាយណាស់ ជីវិតអ្នកសារព័ត៌មានអនឡាញ
វ័យចំណាស់ម្នាក់ដែលត្រូវគេបាញ់
(អ្នករកស៊ីបទល្មើសព្រៃឈើ) ហើយមិនអាចសង្គ្រោះបាន។
អង្គសន្និសីទនេះ បានប្រព្រឹត្តទៅក្រោមវត្តមាន លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប អមដោយ លោក ប៉ុក តារា និង លោក យិន មុនីរិទ្ធ ព្រះរាជអាជ្ញារងផងដែរ។
លោកព្រះរាជអាជ្ញាបានបញ្ជាក់ថា ៖ ក្នុងការរៀបចំសន្និសីទសារព័ត៌មាននេះឡើង ក្នុងគោលបំណងបំភ្លឺនូវការពិតនៃរឿងហេតុ និងស្រាយចម្ងល់នានាឆ្លើយតបទៅនឹងការបញ្ចេញមតិមួយចំនួន ដែលប្រាស់ចាកពីការពិត ក្នុងគោលបំណងទាញយកប្រយោជន៍ណាមួយ ដែលនាំឱ្យមានការភាន់
ច្រឡំទៅលើការបញ្ចេញមតិខុសពីការពិតទាំងនោះ។
លោកព្រះរាជអាជ្ញាបានសម្តែងនូវការសោកស្តាយ និងសូមចូលរួមរំលែកទុក្ខចំពោះមរណភាពជូនចំពោះក្រុមគ្រួសារ នៃសពលោក ឈឿង ឈឹង ដែលបានបាត់បង់សមាជិកគ្រួសារម្នាក់ក្នុងករណី ខាងលើនេះ។ លោកបានបន្តបកស្រាយអំពីដំណើររឿង ភស្តុតាង និងចំណាត់ការនៅក្នុងករណីនេះចាប់តាំងពីកើតហេតុភ្លាមៗ រហូតឈានដល់ការកំណត់បានមុខសញ្ញា និងឃាត់ខ្លួនបានជនល្មើស ឈ្មោះ ស៊ី លឿយ ភេទប្រុសអាយុ៤០ឆ្នាំ មុខរបរកសិករ រស់នៅភូមិសាលា ឃុំ គោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប យកមកចោទប្រកាន់ទៅតាមនីតិវិធីច្បាប់ នៃបទល្មើសព្រហ្មទណ្ឌ ឱ្យដាក់ពន្ធនាគារបណ្តោះអាសន្ននៅខេត្តសៀមរាបចាប់ពី ១០ ទៅ១៥ឆ្នាំ ។
ក្នុងនោះដែរ ក្រុមអ្នកសារព័ត៌មានក៏បានលើកឡើងថា៖ អ្នកកាសែតដែលចុះផ្សាយការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅកម្ពុជាប្រឈមនឹងអំពើហិង្សាជាញឹកញាប់ ខណៈកំពុងស៊ើបអង្កេតទំនាក់ទំនងរវាងសមត្ថកិច្ចជំនាញ និងអ្នកជួញដូរឈើ និងឈ្មួញព្រមទាំងអាចមានមន្ត្រីពាក់ព័ន្ធផងដែរ។
។ បន្ទាប់ពីកើតហេតុលើអ្នកសារព័ត៌មាន វ័យចំណាស់ម្នាក់នៅខេត្តសៀមរាប ក្រុមអ្នកសារព័ត៌មានទូទាំងប្រទេស រួមមានសង្គមសុីវិលផងដែរ បានស្នើដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រួមទាំងថ្នាក់ជាតិផងដែរ មេត្តាបន្តការសហការជាមួយអ្នកសារព័ត៌មាន ឱ្យបានរលូននិងផុសផុលថែមទៀត ដើម្បីឱ្យបទល្មើសផ្សេងៗថមថយខ្លះ ហើយគួរចាត់ទុកអ្នកសារព័ត៌មានជាដៃគូដែលមិនអាចខ្វះបាន ជាជាងចោទកំហែងនៃការយកគំរាមយកប្រាក់ និងដេីម្បីផលប្រយោជន៍ផ្សេងៗ។
លោកបន្តថា៖ ចំពោះការលើកឡើង របស់អ្នកសារព័ត៌មានថា ៖ គ្រូពេទ្យព្យាបាលជនរងគ្រោះបណ្ដាលឱ្យស្លាប់ដោយសារទុកយូរពេកនោះ លោក នឹងចាត់ឱ្យព្រះរាជអាជ្ញារងម្នាក់ចុះធ្វើការងារនោះបន្ថែមទៀត ដើម្បីឱ្យមានភាពយុត្តិធម៌ទាំងសងខាង។ ឆ្លៀតក្នុងឱកាសនោះ ដែរ លោកព្រះរាជអាជ្ញា ក៏បានសម្តែងនូវការកោតសរសើរ ដល់បងប្អូនអ្នកសារព័ត៌មាន ដែលបានចំណាយពេលដ៏មានតម្លៃ ចុះមកយកព័ត៌មានផ្ទាល់នៅសាលាដំបូងខេត្តសៀមរាប ដើម្បីយករឿងនេះទៅផ្សព្វផ្សាយព័ត៌មានពិត និងអត់មានលំអៀង និងមិនគេងចំណេញផផលប្រយោជន៍នយោបាយបក្សប្រឆាំង និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់សមត្ថកិច្ចនគរបាលខេត្តសៀមរាប ដែលបានសហការគ្នាយ៉ាងល្អ ក្រោមការសម្របសម្រួលរបស់តំណាងអយ្យការ ក្នុងការកំណត់អត្តសញ្ញាណជនល្មើស និងបានឃាត់ខ្លួនជនល្មើស ឱ្យមកទទួលខុសត្រូវចំពោះមុខច្បាប់។
លោកព្រះរាជអាជ្ញាក៏បានសង្កត់ធ្ងន់ អំពីការប្រកាន់ជំហររបស់អយ្យការ ក្នុងការអនុវត្តច្បាប់ និង ឃ្លាំមើលការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និង អនុវត្តសិទ្ធិដែលច្បាប់ផ្តល់ឱ្យ ទោះបីជាការសម្លាប់នេះក្រោមហេតុផលនៃទំនាស់ផលប្រយោជន៍បុគ្គលក៏ដោយ ដើម្បីធានាឱ្យបានថា៖ ជនល្មើសខាងលើ ត្រូវទទួលខុសត្រូវឱ្យ សមរម្យទៅនឹងអំពើ និងព្យសនកម្មដែលគាត់បានប្រព្រឹត្ត ៕