ខេត្តកណ្តាល ÷ នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នេះ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា ÷នៅចំណុចផ្ទះឈ្មោះ ញ៉េប ចាន់ធី ភេទស្រី អាយុ៤១ ឆ្នាំមានទីលំនៅ ភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានករណីបើកល្បែងជល់មាន់អនឡាញ។ ភ្លាមៗក្រោយពីទទួលបានព័ត៌មាននេះ លោក មឿង សារ៉ុន ចៅសង្កាត់ស្តីទី បានដឹកនាំក្រុមប្រឹក្សាសង្កាត់ ស្មៀន មេភូមិ ចុះឃាត់ខ្លួនបានស្រ្តីជាបុគ្គលិកឆ្នោតឡូតូអនឡាញម្នាក់ ឈ្មោះ ធិន ស្រីស ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
បន្ទាប់ពីអាជ្ញាធរឃាត់ខ្លួនរួចមក ត្រូវបានសមត្ថកិច្ចប៉ុស្តី៍យកស្ត្រីខាងលើទៅសួរនាំនៅប៉ុស្តិ៍រដ្ឋបាល ក្រោយពីបានធ្វើកំណត់ហេតុ ចាប់យកវត្ថុតាងរួចមក លោក ស៊ាង រិទ្ធី នាយប៉ុស្តិ៍នគរបាលសិត្បូ បានធ្វើការបញ្ជូនស្រ្តីខាងលើទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។
ក្នុងនាមថ្នាក់ដឹកនាំសង្កាត់សិត្បូលោកចៅសង្កាត់ស្តីទីបានស្នើសុំលោកភិបាលក្រុងតាខ្មៅ ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ព្រោះពេលកំលាំងរដ្ឋបាលសង្កាត់ចុះឃាត់ខ្លួនស្រ្តីខាងលើហាក់មិនញញើតអ្វីបន្តិចសោះ និងមិនបានសហការជាមួយអាជ្ញាធរឡើយ។
ចំពោះម្ចាស់ផ្ទះបានឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សិត្បូធ្វើកិច្ចសន្យានៅពេលក្រោយ៕