មន្ត្រីសាលាក្រុងព្រះសីហនុជិត៥០នាក់ មានអាការៈពុលចំណីក្រោយបរិភោគអាហារសម្រន់នំសាំងវិច

CRT News

ខេត្តព្រះសីហនុ÷ មន្ត្រីជិត៥០នាក់ នៃរដ្ឋបាលក្រុងព្រះសីហនុ រួមទាំងមនុស្សក្មេងចាស់ ប្រុសស្រីបានធ្លាក់ខ្លួនឈឺ បន្ទាប់ពីទទួលទានអាហារសម្រន់នំសាំងវិចពីហាង «សំពៅមាស» ដែលជាហាងដ៏ល្បីមួយ នៅក្នុងក្រុង/ខេត្តព្រះសីហុន ។


លោកស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុ បានបញ្ជាក់ថា÷ លោកស្រីក៏ស្ថិតក្នុងចំណោមអ្នករងគ្រោះដែលបានពុលចំណីនេះដែរ ហើយលោកស្រីកំពុងបន្តឈឺរាគរុស សម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេល២ថ្ងៃហើយ ។



គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ មន្ត្រីសាលាក្រុងព្រះសីហនុ ភាគច្រើនដែលទទួលរងការពុលអាហារ (សាំងវិច) កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តនេះ ។


ក្រោយការបែកធ្លាយជុំវិញព័ត៌មានមន្ត្រីសាលាក្រុងព្រះសីហនុជិត៥០នាក់ មានអាការៈរាគ ក្អួត ស្ទើរគ្រប់គ្នា ក្រោយពីចូលរួមកិច្ចប្រជុំការពាររសៀល ថ្ងៃព្រហស្បតិ៍ទី២៦ ខែធ្នូ ឆ្នាំ២០២៤នេះ យោងតាមប្រភពអ្នកចូលរួមបានឲ្យដឹងថា÷ ជុំវិញការផ្ទុះការពុលចំណីអាហារនេះ គេនៅពុំទាន់អាចសន្និដ្ឋានបានទេ ប៉ុន្តែក្នុងកិច្ចប្រជុំមន្ត្រីទាំងអស់ដែលបានចូលរួម គឺបានហូបអាហារសម្រន់ គឺនំសាំងវិច ដែលបាននាំយកមកពីអាហារដ្ឋានសំពៅមាស ក្នុងក្រុងព្រះសីហនុ ដែលអាហារដ្ឋានមួយនេះកន្លងមកឲ្យតែមានកម្មវិធី របស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង តែងតែកម្មង់អាហារសម្រន់ពីអាហារដ្ឋានមួយនេះ ប៉ុន្តែគេនៅ ពុំទាន់ដឹងថា÷ ការពុលនេះ បណ្ដាលមកពីនំសាំងវិច ឬក៏មកពីអ្វីឲ្យពិតប្រាកដនៅឡើយនោះទេ ។


អ្នកជំនាញផ្នែកសុខភាពបានប្រមូលសំណាកនំសាំងវិចមកវិភាគ ដើម្បីកំណត់អត្តសញ្ញាណសារធាតុ បណ្តាលធ្វើឱ្យពុលមនុស្សជាច្រើននាក់ខាងលើនេះ ។ 


លទ្ធផលនៃការធ្វើពិសោធន៍នេះត្រូវបានរំពឹងទុកយ៉ាងអន្ទះសា ខណៈអាជ្ញាធរកំពុងស៊ើបអង្កេតលើបញ្ហានេះនៅឡើយ៕





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top