(អេមីរ៉ាត អារ៉ាប់រួម)÷ ឯកឧត្តម សាក័រ ហ្គូបាស (Saqr Ghobash) ប្រធានសភានៃប្រទេសអេមីរ៉ាត អារ៉ាប់រួម បានចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចនឹងពង្រឹង និងជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ការលើកឡើងរបស់ប្រធានសភាអេមីរ៉ាតអារ៉ាប់ កាលពីល្ងាចថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ នៅពេលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម សាក័រ ហ្គូបាស (Saqr Ghobash) ប្រធានសភានៃប្រទេសអេមីរ៉ាត អារ៉ាប់រួម នៅវិមានរដ្ឋសភា រដ្ឋធានីអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាត អារ៉ាប់រួម។
ឯកឧត្តម ប្រធាន Saqr Ghobash បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូ និងក្តីរីករាយដែល សម្តេចតេជោ បានអញ្ជើញមកបំពេញទស្សនកិច្ច នៅប្រទេសអេមីរ៉ាត អារ៉ាប់រួម។
ឯកឧត្តម បានជឿជាក់ថា÷ ដំណើរទស្សនកិច្ចរបស់សម្តេចនាពេលនេះ នឹងពង្រឹង និងជំរុញ ការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តម បានលើកឡើងថា ឯកឧត្តម ដឹងពីប្រវត្តិសាស្ត្រកម្ពុជា ដែលបានឆ្លងកាត់សង្គ្រាម និង សោកនាដកម្ម។ ឯកឧត្តម សូមវាយតម្លៃដ៏ខ្ពង់ខ្ពស់បំផុត ចំពោះកិច្ចប្រឹងប្រែងរបស់ សម្តេច ដែលបានធ្វើពលិកម្មសព្វបែបយ៉ាងដើម្បីសន្តិភាពជូនកម្ពុជា។
ឯកឧត្តមបន្តថា÷ ប្រទេសយើងទាំងពីរបានចុះ កិច្ចព្រមព្រៀងពាណិជកម្មសេរី (FTA)។ អ្វីដែលសំខាន់ គឺធ្វើយ៉ាងណាឱ្យកិច្ចព្រមព្រៀងនេះក្លាយជាការពិត។ រដ្ឋសភា អេមីរ៉ាត អារ៉ាប់រួម អាចដើរតួនាទីសំខាន់ក្នុងកិច្ចការនេះ។ ជាក់ស្តែង រដ្ឋសភារបស់ឯកឧត្តម បានបង្កើតក្រុមមិត្តភាពសភា អេមីរ៉ាត អារ៉ាប់រួម និងកម្ពុជា។ ឯកឧត្តមបានស្នើថា ÷ ប្រសិនជាសម្តេចតេជា ឯកភាព រដ្ឋសភារបស់ ឯកឧត្តម អាចរៀបចំ និងចុះហត្ថលេខាលើ MoU ជាមួយកម្ពុជា។
នៅក្នុងឱកាសនោះ សម្តេចតេជោ បានថ្លែងអំណរគុណ ឯកឧត្តប្រធានសភា ចំពោះការអញ្ជើញ និង បដិសណ្ឋាកិច្ច សម្តេច និង គណៈប្រតិភូយ៉ាងកក់ក្តៅ។ សម្តេច បានចាត់ទុកថា កិច្ចសន្ទនានាពេលនោះ បានឆ្លុះបញ្ចាំងសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី។ សម្តេច ក៏បានអរគុណ ឯកឧត្តមប្រធានសភា ផងដែលបានរំលឹកពីពលិកម្មរបស់សម្តេច ទាក់ទងនឹងអតីតកាល ប្រវត្តិ និង ការលំបាកដែលបានឆ្លងកាត់ ក្នុងការស្វែងរកសន្តិភាពជូនកម្ពុជា។ សម្តេច បានបន្ថែមថា ការចាកចេញរបស់សម្តេច ពីតំណែងនាយករដ្ឋមន្ត្រី ជាង១ឆ្នាំកន្លងទៅនេះ ដើម្បីឱ្យអ្នកបន្តវេនកាន់អំណាច គឺជាការលះបង់ របស់សម្តេច ប្តូរនឹងសន្តិភាព និងស្ថិរភាពរយៈពេលវែង។
សម្តេច បានវាយតម្លៃខ្ពស់ និងអរគុណចំពោះតួនាទីសកម្មរបស់សភា អេមីរ៉ាត អារ៉ាប់រួម នៅក្នុងភាពជោគជ័យនៃមហាសន្និបាត ICAPP លើកទី១២ និងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅរាជធានីភ្នំពេញ នាខែវិច្ឆិកាកន្លងទៅ ដែលបានអនុញ្ញាតឱ្យមានការអនុម័ត ធម្មនុញ្ញសន្តិភាពសកល ដើម្បីប្រជាជន និងភពផែនដី។
សម្តេចតេជោ សំដែងនូវក្តីពេញចិត្ត ចំពោះគុណភាពនៃទំនាក់ទំនងទ្វេភាគី។ សម្តេចបានបន្តថា÷ កម្ពុជា និង អេមីរ៉ាត អារ៉ាប់រួម បានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និង មានសក្តានុពលធំធេងសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ទោះនៅឆ្ងាយពីគ្នាបន្តិចក៏ដោយ។
សម្តេចតេជោ បានរលឹកថា÷ នៅក្នុងពេលចុះហត្ថលេខា FTA សម្តេចតេជោ ពេលនោះជានាយករដ្ឋមន្ត្រី បានស្នើរដ្ឋមន្ត្រីពាណិជ្ជកម្មអេមីរ៉ាត ឱ្យពិនិត្យលទ្ធភាពជំរុញវិនិយោគនៅកម្ពុជា នៅក្នុងវិស័យកសិ-ឧស្សាហកម្មកែច្នៃ ជាពិសេស អង្ករ គ្រាប់ស្វាយចន្ទី និងកសិផលជាច្រើនទៀត ដើម្បីនាំចេញទៅប្រទេសអេមីរ៉ាត អារ៉ាប់រួម និងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ និងពិភពលោក។ ផ្អែកលើបទពិសោធនយោបាយដ៏យូរជាង៤៥ឆ្នាំ សម្តេចតេជោ យល់ច្បាស់ពីម៉ាក្រូសេដ្ឋកិច្ច និង សារៈសំខាន់ក្នុងការ មានដៃគូពាណិជ្ជកម្មច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដោយកម្ពុជា ត្រូវរក្សាសន្តិភាពឱ្យរឹងមាំ។
សម្តេចតេជោ ក៏បានលើកឡើងផងដែរថា÷ ក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ (GCC) និង អាស៊ាន គឺជាដៃគូពាណិជ្ជកម្មដ៏ធំក្នុងតំបន់និងអន្តរជាតិ។ ទន្ទឹងនឹងពេលដែលសហភាពអឺរ៉ុប ( EU) កំពុងចរចា FTA ជាមួយអាស៊ាន ការចរចា FTA រវាង អាស៊ាន និង GCC គួរត្រូវពន្លឿន និងបញ្ចប់ឱ្យបានឆាប់។ ការចរចារវាង GCC និង អាស៊ាន មានភាពងាយស្រួល ដោយសារ គ្មានដាក់លក្ខខណ្ឌទុកជាមុន ហើយអង្គការតំបន់ទាំងពីរ ស្ថិតនៅក្នុងតំបន់អាស៊ីដូចគ្នា។ ប្រទេសសមាជិកអាស៊ាន មានប្រជាជន ជិត៧០០លាននាក់ ហើយប្រទេសសមាជិកGCC ក៏មានច្រើនដែរ។ អង្គការនីតិប្បញ្ញត្តិនៃប្រទេសយើងទាំងពីរ គួរជំរុញរាជរដ្ឋាភិបាលឱ្យធ្វើការងារ នេះ។
សម្តេចតេជោ និងឯកឧត្តមប្រធានរដ្ឋសភា ក៏បានផ្លាស់ប្តូរយោបល់ និងទស្សនៈផងដែរ លើស្ថានការណ៍ និងបញ្ហាតំបន់។ ឆ្លៀតក្នុងឱកាសនោះ សម្តេចតេជោ បានអញ្ជើញ ឯកឧត្តមប្រធានរដ្ឋសភា អេមីរ៉ាត អារ៉ាប់រួម មកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ។ ឯកឧត្តមប្រធានរដ្ឋសភា សូមអរគុណ និងទទួលដោយក្តីរីករាយនូវការអញ្ជើញរបស់ សម្តេចតេជោ ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលសមស្របខាងមុខ៕