រាជធានីភ្នំពេញ÷ ជាថ្មីបន្តទៀត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាឲ្យសមត្ថកិច្ចយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ និងល្បែងផ្សងសំណាង ។
យោងតាមលទ្ធផល នៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យបន្តការយកចិត្តទុកដាក់ ក្នុងការទប់ស្កាត់ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ល្បែងអនឡាញ ល្បែងផ្សងសំណាង និងការជួញដូរគ្រឿងញៀន គ្រប់ប្រភេទ នៅតាមមូលដ្ឋាន ។
សម្តេចធិបតី ក៏បានណែនាំអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ធានាឱ្យបាន នូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងអនាម័យ ដើម្បីសម្រួលដល់ការចូលរួមកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាស នៃពិធីបុណ្យ សមុទ្រលើកទី១១ (ថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០២៤ ខេត្តកំពត) ការប្រកួតបាល់ទាត់មិត្តភាពអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជាលើកទី១ (ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ រាជធានីភ្នំពេញ) និងពិធីបុណ្យចូលឆ្នាំសកល ២០២៥។ ជាមួយគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ នូវព្រឹត្តិការណ៍ដ៏សំខាន់ទាំងនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកចូលរួមឱ្យបានច្រើនកុះករ ។
ជាងនេះ សម្តេចបវរធិបតីក៏ បានណែនាំរដ្ឋបាលរាជធានី-ខេត្ត ពិនិត្យការផ្សព្វផ្សាយប៉ាណូពាណិជ្ជកម្មស្រាបៀរ គួរកំណត់ឱ្យមានអប្បបរមានៅតាមផ្លូវ និងទីសាធារណៈ ជំនួសមកវិញត្រូវផ្សព្វផ្សាយអំពីសមិទ្ធផល និងអត្តសញ្ញាណទេសចរណ៍ នៅតាមរាជធានី-ខេត្តរបស់ខ្លួន ឱ្យបានជាអតិបរមា ៕