សម្ដេចធិបតី បង្ហាញក្ដីរីករាយបានចូលរួមក្នុងកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩

CRT News

 


ខេត្តសៀមរាប÷ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបង្ហាញសេចក្តីសប្បាយរីករាយបានចូលរួមក្នុងកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្ត លើកទី២៩ មានការចូលរួមពីប្រជាពលរដ្ឋខ្មែរ និងបរទេសប្រមាណ ១៤.០០០ នាក់ មកពី ៨៧ប្រទេស។


តាមរយៈបណ្ដាញសង្គម នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា÷ «ខ្ញុំមានសេចក្តីសប្បាយរីករាយដែលបានចូលរួមរត់ ក្នុងកម្មវិធីរត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ ដែលមានការចូលរួមពីប្រជាពលរដ្ឋខ្មែរ និងបរទេសប្រមាណ ១៤.០០០ នាក់ មកពី ៨៧ប្រទេស»។


សម្ដេចធិបតី បន្ដថា÷ កម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្តលើកទី២៩ រៀបចំឡើងក្នុងគោលបំណង ដើម្បីគាំទ្រទៅដល់សកម្មភាពមនុស្សធម៌ជួយដល់កុមារកម្ពុជា ប្រជាជនមានការលំបាក និងជនពិការភាពជាពិសេសជនរងគ្រោះដោយសារគ្រាប់មីន។


សម្ដេចធិបតី គូសបញ្ជាក់ទៀតថា÷ «ខ្ញុំសូមអរគុណចំពោះគណៈកម្មការរៀបចំ សប្បុរសជន កម្លាំងសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធទាំងអស់ដែលបានសហការគ្នារៀបចំកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន។ ខ្ញុំសូមអរគុណពិសេសចំពោះប្រជាពលរដ្ឋខ្មែរ ក៏ដូចជាមិត្តបរទេសដែលបានចូលរួមនៅក្នុងកម្មវិធីនេះយ៉ាងច្រើនកុះកុះករ។



សូមបញ្ជាក់ថា÷ ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ក្រោមកិច្ចសហប្រតិបត្តិការរវាង មូលនិធិគាំទ្ររបស់អង្គការសហប្រជាជាតិ (The Foundation For The Support Of The United Nations) ដោយលោក Yasushi Akashi អគ្គលេខាធិការនៃអ៊ុនតាក់ នៅកម្ពុជា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុងគោលបំណងគាំទ្រជនរងគ្រោះដោយសារមីន និងជនពិការក្នុងប្រទេសកម្ពុជា ក្រោយសង្គ្រាមស៊ីវិល។ គំនិតផ្តួចផ្តើមដំបូងនៃព្រឹត្តិការណ៍រត់អន្តរជាតិនេះ គឺជាព្រឹត្តិការណ៍សប្បុរសធម៌សុទ្ធសាធ ដែលទទួលបានអនុញ្ញាតជាគោលការណ៍គាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល និងគាំទ្របច្ចេកទេសកម្រិតស្តង់ដារត់ប្រណាំងអន្តរជាតិដោយគណៈកម្មាធិការម៉ារ៉ាតុងពិភពលោក (IAAF & AIMS)៕







#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top