ខេត្តតាកែវ ÷ បន្ទាប់ពីមានការចែកចាយនៅតាមបណ្តាញសង្គមព្រោងព្រាត ពាក់ព័ន្ធនឹងកម្លាំងសមត្ថកិច្ចបានចាប់ខ្លួនលោកយាយ ជុំ យ៉េន អាយុ៨២ឆ្នាំ រស់នៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ តាមដីការបស់តុលាការខេត្តតាកែវ ហើយយកលោកយាយ ទៅឃុំខ្លួនក្នុងពន្ធនាគារ កាលពីថ្ងៃអាទិត្យ ទី០១ ធ្នូ ២០២៤ ក្រោមបទចោទ÷ «ធ្វើឲ្យខូចខាតដោយ ចេតនា និងធ្វើឲ្យបាត់ជំនឿលើ សេចក្ដីសម្រេចរបស់តុលាការ» រឿងទំនាស់ព្រំដី រួចមក នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ លោកយាយ ជុំ យ៉េន ត្រូវបានតុលាការកំពូល ចេញសាលដីកាសម្រេចដោះលែង ឲ្យនៅក្រៅឃុំហើយ ។
ក្រោយពីតុលាការកំពូល សម្រេចដោះលែងលោកយាយ ជុំ យ៉េន ចេញពីពន្ធនាគារ នៅយប់ថ្ងៃដដែលនេះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានជូនលោកយាយ ជុំ យ៉េន ទៅដល់ផ្ទះនៅឃុំត្នោត ស្រុកបាទី ផងដែរ ។
សូមជម្រាបថា÷ ផ្តើមចេញពីទំនាស់ព្រំដី និងការសុំបើកផ្លូវជាមួយអ្នកជិតខាង រហូតមានការប្តឹងផុ្តល់គ្នា ហើយមានការចាប់ខ្លួន និងឃុំខ្លួនលោកយាយ រួមនិងកូនរបស់លោកយាយចំនួន ២នាក់ទៀត ដាក់ពន្ធនាគារផងដែរ កាលពីប៉ុន្មានខែមុន ។ យោងតាមសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ៣០(ខ) ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ របស់សាលាដំបូងខេត្តតាកែវ ដែលបានសម្រេចផ្តន្ទាទោសឈ្មោះ ជុំ យ៉េន ដាក់ពន្ធនាគារកំណត់រយៈពេល៨ (ប្រាំបី)ខែ ពីបទ «ធ្វើឲ្យខូចខាតដោយចេតនា និងធ្វើឲ្យបាត់ជំនឿលើ សេចក្ដីសម្រេចរបស់តុលាការ» ។
បើតាមដីកាសម្រេចសភាព្រហ្មទណ្ឌ តុលាការកំពូល នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤នេះ បានយល់ឃើញថា ឈ្មោះ ជុំ យ៉េន ភេទស្រី កើតឆ្នាំ១៩៤២ មានវ័យចាស់ជរា គិតមកទល់នឹងពេលនេះ មានអាយុ៨២ឆ្នាំហើយ។ ហេតុនេះតាមគោលការណ៍មនុស្សធម៌ គប្បីសភាព្រហ្មទណ្ឌ នៃតុលាការកំពូល ព្យួរការអនុវត្តទោសចំពោះទណ្ឌិតឈ្មោះនេះ តាមបញ្ញត្តិ នៃមាត្រា៤៤៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។
សូមអានសេចក្តីថ្លែងការណ៍របស់តុលាការកំពូល និងដីកាសម្រេច សភាព្រហ្មទណ្ឌតុលាការកំពូល មានដូចខាងក្រោមនេះ ÷