ខេត្តសៀមរាប÷ ករណីខ្មាន់កាំភ្លើងដែលលួចបាញ់ប្រហារដោយប្រើប្រាស់អាវុធកែច្នៃ ទៅលើអ្នកកាសែត«កម្ពុជាអភិវឌ្ឍន៍»វ័យចំណាស់ម្នាក់ ឈ្មោះ ឈឿង ឈឹង ភេទប្រុស អាយុ៦៣ឆ្នាំ កាលពីវេលាម៉ោង១៨និង០០នាទី ល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងភូមិសាស្ត្រ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាកងកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានធ្វើការស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញា និងធ្វើការឃាត់ខ្លួនជន សង្ស័យមកធ្វើការសាកសួរព័ត៌មានបន្ថែម អំពីករណី«ប៉ុនប៉ងមនុស្សឃា.ត» ដោយចេតនា និងទទួលបាន ចម្លើយសារភាពពីជនសង្ស័យ គឺដោយសារទំនាស់បុគ្គល ។
លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានអោយដឹងថា÷ នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤នេះ កម្លាំងនគរបាលខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ី លឿយ ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិសាលា ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ជនសង្ស័យ ត្រូវបានកម្លាំងនគរបាល នាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ ។
លោកស្នងការនគរបាលខេត្តសៀមរាប បានអោយដឹងបន្តថា÷ ជនសង្ស័យឈ្មោះ ស៊ី លឿយ បានឆ្លើយសារភាពថា÷ រូបគេពិតជាបានធ្វើសកម្មភាពបាញ់ជនរងគ្រោះពិតប្រាកដមែន ដោយកន្លងមកជនរងគ្រោះឈ្មោះ ឈឿង ឈឹង ជាអ្នកសារព័ត៌មានរូបនេះ តែងតែថតរូប និងតាមទារប្រាក់ពីខ្លួន ថ្លៃដឹកឈើ ហើយថែមទាំងគំរាមថា÷ បើមិនឲ្យប្រាក់ទេ រូបគេនឹងរាយការណ៍ទៅមន្ត្រីបរិស្ថាន ។ ហើយអ្នកសារព័ត៌មានរូបនេះ ទារប្រាក់ក្នុងមួយជើង ២០,០០០រៀល រូបខ្លួនធ្លាប់បង់ប្រាក់ឲ្យចំនួនពីរដង ស្មើនឹងចំនួន៤០,០០០រៀល។ ប៉ុន្តែក្រោយមកអ្នកសារព័ត៌មានរូបនេះ ចេះតែមកទារប្រាក់ទៀត ដោយរូបគេរកប្រាក់មិនបាននិងមានការខឹងសម្បា ។
ជនសង្ស័យឈ្មោះ ស៊ី លឿយ បានឆ្លើយសារភាពទៀតថា÷ នៅមុនពេលកើតហេតុ រូបគេបានបើកគោយន្តកន្ត្រៃ ទៅស្រែ ស្ថិតក្នុងភូមិត្រពាំងភ្លោះ ហើយបានយកអាវុធកែច្នៃដាក់ទៅជាមួយ ក្រោយពេលទៅដល់ស្រែហើយក៏បើកគោយន្តកន្ត្រៃត្រឡប់មកផ្ទះវិញ ដល់ចំណុចផ្លូវបំបែកត្រពាំងរាំង ស្ថិតភូមិត្រពាំងភ្លោះ ពេលនោះម៉ោងប្រហែល១៨និង០០នាទីល្ងាច ក៏បានឃើញឈ្មោះ ឈឿង ឈឹង និងគ្នាគាត់ម្នាក់ទៀត មិនស្គាល់ឈ្មោះ បានឈប់ម៉ូតូ ចំនួន០២គ្រឿង នៅមាត់ផ្លូវ រូបគេក៏បើកគោយន្តកន្ត្រៃ ទៅមុខបានប្រហែលជាង១០០ម៉ែត្រ ដោយគិតថាឈ្មោះ ឈឿង ឈឹង មកទារប្រាក់ទើបមានកំហឹង ក៏ឈប់គោយន្ត ហើយយកកាំភ្លើងច្នៃ ដើរទៅស្ទាក់ផ្លូវជនរងគ្រោះ ដោយពួនក្បែគល់ឈើមាត់ផ្លូវ ចាំបាញ់ជនរងគ្រោះ ភ្លាមៗនោះជនរងគ្រោះ និងគ្នារបស់គេ បានជិះម៉ូតូសំដៅទៅផ្ទះ ដោយជនរងគ្រោះជិះមុខ រូបគេបានធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះ មួយគ្រាប់ចំខ្លួនតែម្តង ។
ជនសង្ស័យឈ្មោះ ស៊ី លឿយ ឆ្លើយសារភាពបន្ថែមទៀតថា÷ ក្រោយពេលធ្វើសកម្មភាពហើយ បានរត់ត្រឡប់មកយកគោយន្ត ជិះគេចខ្លួន មកផ្ទះតែម្តង។ ជនសង្ស័យបន្តថា÷ ខ្លួនបាញ់ជនរងគ្រោះ គឺបំណងបាញ់ឲ្យរបួសទេ ដើម្បីឲ្យរាងចាល កុំឲ្យដើរទារប្រាក់រូបគេបន្តទៀត ។
កម្លាំងនគរបាលខេត្តសៀមរាប ដកហូតវត្ថុតាង រួមមាន÷ គោយន្តកន្ត្រៃ ចំនួន០១, កាំភ្លើងកែច្នៃ (កាំភ្លើងឆ្នុក) ចំនួន០១ដើម, កាណុងសេកាសេ ចំនួន០១ដើម, កូនកាំបិត ចំនួន ០១ដើម, គ្រាប់កាំកង់ ចំនួន ៦៤គ្រាប់, គីប(ក្បាលគ្រាប់រំសេវសំបកក្រហម) ចំនួន ៦២គ្រាប់, កូនសោលេខ១០ ចំនួន០២, កាបូបស្ពាយ ចំនួន០១, រំសេវកន្លះដប ។
បច្ចុប្បន្នសមត្ថកិច្ច កំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្តសៀមរាប ចាត់ការបន្តតាមនិតិវិធីច្បាប់ ។
គួររម្លឹកថា÷ «អ្នកសារព័ត៌មានវ័យចំណាស់១រូប ត្រូវខ្មាន់កាំភ្លើ.ងលួ.ចបា.ញ់ប្រហារ ខណៈកំពុងយកព័ត៌មាន» តាមពត៌មានបឋមពីសមត្ថកិច្ច បានឱ្យដឹងថា÷ ខ្មាន់កាំភ្លើងលួចបាញ់ប្រហារមកលើអ្នកកាសែត «កម្ពុជាអភិវឌ្ឍន៍» តាមអនឡាញ ម្នាក់ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ខណៈសមត្ថកិច្ចស្រុកជីក្រែង បានព្យាយាមការពារតាំងពីកន្លែងកើតហេតុរហូតដល់មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅចំណុចដីចម្ការត្រពាំងរាំង ក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប ។
ប្រភពពីសមត្ថកិច្ចបានបន្តថា÷ ជនរងគ្រោះឈ្មោះ ឈឿង ឈឹង ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរ អ្នកយកព័ត៌មានកម្ពុជាអភិវឌ្ឍន៌ រស់នៅភូមិឃុំកន្លែងកើតហេតុខាងលើ ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា÷ មុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ជនរងគ្រោះបាននិងកំពុងស្ថិតនៅលើដីចម្ការមួយកន្លែង ក្បែរភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ស្រាប់តែមានជនមិនស្គាល់មុខ បានមកលួចបាញ់ប្រហារដោយអាវុធកែច្នៃចំនួន ១គ្រាប់ ត្រូវចំត្រង់ពោះចំហៀងផ្នែកខាងឆ្វេង ទៅផ្នែកខាងស្តាំ បណ្តាលឱ្យបៀមគ្រាប់ជាប់ក្នុងពោះ ។ បន្ទាប់ពីមានហេតុការណ៍កើតឡើង សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលពង្រលើ បានចុះទៅដល់ទីតាំងកើតហេតុ និងបានធ្វើកំណត់ហេតុ ព្រមទាំងសួរនាំសាក្សី ដើម្បីកំណត់មុខសញ្ញាឈានដល់ការស្រាវជ្រាវចាប់ខ្លួនជនបង្ក ។ ប៉ុន្តែពេលនោះដោយជនរងគ្រោះមានស្ថានភាពធ្ងន់ធ្ងរ ក៏កម្លាំងសមត្ថកិច្ច ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានបញ្ជាឱ្យកម្លាំងនគរបាលមូលដ្ឋាន បញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបភ្លាមៗដែរ ដោយមានការការពារយ៉ាងតឹងតែងបំផុត ។
ជុំវិញករណីខាងលើនេះ កម្លាំងសមត្តកិច្ចនគរបាលជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយនគរបាលស្រុកជីក្រែង បន្តការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យជាខ្មាន់កាំភ្លើង ដែលបាញ់ប្រហារមកលើជនរងគ្រោះ ជាអ្នកសារព័ត៌មានអនឡាញ ៕