ជធានីភ្នំពេញ ៖ បន្ទាប់ពីបានគង់ប្រថាប់ បំពេញព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន រយៈពេលបីថ្ងៃ (ពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២៤) ដែលជាការតបតាមការអញ្ជើញរបស់ភាគីចិននោះ នារសៀលថ្ងៃទី២១ ខែធ្នូឆ្នាំ ២០២៤ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្ដេចយាងនិវត្តន៍មកដល់មាតុភូមិវិញ ប្រកបដោយព្រះរាជសុវត្ថិភាព តាមព្រះទីនាំងយន្តហោះពិសេស ។
យាង និងអញ្ជើញថ្វាយព្រះរាជដំណើរយាងមកដល់របស់ព្រះករុណា ព្រះមហាក្សត្រ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស ក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង សម្ដេច ឯកឧត្ដម លោកជំទាវ ជាសមាជិកសមាជិកា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត ។
ដោយឡែក ឯកអគ្គរដ្ឋទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីស្ថានទូតចិន ក៏មានវត្តមានក្នុងឱកាសនោះផងដែរ ។
សូមជម្រាបថា ក្នុងព្រះរាជដំណើរទស្សនកិច្ចនៅ ខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានព្រះរាជទានព្រះរាជសវនាការដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំខេត្តហៃណាន និងជាមួយលោកគ្រូ អ្នកគ្រូ បុគ្គលិក ព្រមទាំងសិស្សានុសិស្សកម្ពុជា ដែលកំពុងសិក្សានៅសាលាពុទ្ធិកសិក្សាណានហៃផងដែរ។ ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង យាងទៅកាន់ខេត្តហៃណាន នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដ៏ជិតស្និទ្ធរវាងប្រជាជនកម្ពុជា និងប្រជាជនចិន ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ។
គួររម្លឹកដែរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឬទ័យ ស្ដេចយាងទៅបំពេញព្រះរាជទស្សនកិច្ចនៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៤ ៕