រាជធានីភ្នំពេញ÷ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ការបញ្ចូលក្រមាខ្មែរក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ គឺជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា ។
យោងតាមបណ្ដាញសង្គមនាយប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចតេជោ បានសរសេរថា÷ ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងក្នុងនាមព្រឹទ្ធសភាកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរសាទរចំពោះក្រមាខ្មែរដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅទីក្រុង អាសង់ស្យុង (Asunción) សាធារណរដ្ឋប៉ារ៉ាហ្គាយ (Republic of Paraguay) នាថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ដោយគណៈកម្មការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូដែលបានអនុម័តជាឯកច្ឆន្ទតាមរយៈសេចក្ដីសម្រេច19.COM 7.b.27 ។
សម្ដេចតេជោ បន្តថា÷ ការចុះបញ្ជីនេះ គឺជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា ដែលបានសម្រេចនូវសមិទ្ធផលសម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល ។ នេះ គឺជាការផ្តល់នូវតម្លៃចំពោះកម្ពុជា និងសហគមន៍អន្តរជាតិក្នុងការថែរក្សា ការពារ និងលើកតម្កើងគុណតម្លៃ «ក្រមា» ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ ។ ក្នុងឱកាសដ៏មហាប្រសើរនេះ ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្តែងនូវអំណរព្រះគុណដ៏ជ្រាលជ្រៅវិសេសវិសាលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលព្រះអង្គទ្រង់តែងប្រោសព្រះរាជទាននូវការគាំទ្រជានិច្ចកាលចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងវិស័យបេតិកភណ្ឌវប្បធម៌ជាតិ ជាពិសេសបេតិកភណ្ឌវប្បធម៌អរូបីដែលងាយប្រឈមនឹងការបាត់បង់ ។
ក្នុងឱកាសនេះ សម្តែងនូវការកោតសរសើរចំពោះការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង គាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាមួយនឹងស្ថាប័នពាក់ព័ន្ធនានា អ្នកជំនាញជាតិ-អន្តរជាតិ នូវកាតព្វកិច្ចនៃកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការថែរក្សា ការពារ និងលើកតម្កើង គុណតម្លៃ «ក្រមា» ទុកជាកេរមរតកសម្រាប់មនុស្សជាតិជំនាន់ក្រោយតរៀងទៅ៕