រឿងដ៏ក្តៅគគុក របស់លោកស្រី ហួយ តារាវី ជុំវិញបញ្ហាទំនាស់ដីធ្លី១៦ហិចតា ដោះស្រាយមិនចេញបានអូសបន្លាយជាយូរខែឆ្នាំ ឥឡូវនេះ អាជ្ញាធរនិងមន្ត្រីមូលដ្ឋានពាក់ព័ន្ធបានអះអាងហើយ! (វគ្គ២)

CRT News

 


រាជធានីភ្នំពេញ÷ បន្ទាប់ពីមានការអំពាវនាវរបស់លោកស្រី ហួយ តារាវី ឱ្យអាជ្ញាធរ និងមន្ត្រីមូលដ្ឋានជួយដោះស្រាយអំពីបញ្ហាដីមានចំនួន១៦ហិចតា ដែលលោកស្រីអះអាងថា ÷ធ្លាប់កាន់កាប់អាស្រ័យផលបន្តពីប្រជាពលរដ្ឋទាំង១៨គ្រួសារ ដែលជាប់គាំងកន្លងមក ឥឡូវនេះគឺមានការឆ្លើយតបត្រឡប់មកវិញតាមរយៈសារព័ត៌មានរបស់យើង ដែលបានធ្វើការសាកសួរទៅអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធនានាក្នុងខណ្ឌព្រែកព្នៅ។


លោក ច័ន្ទ រតនះ ជាអនុប្រធានភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានធ្វើការឆ្លើយតបចំពោះបញ្ហាទំនាស់ដីធ្លីដែលមានទីតាំងខាងលើនេះដោយលោកបានបញ្ជាក់ថា ÷ដីនៅក្នុងតំបន់បឹងតាមោក ដូចជាដីលោកស្រី ហួយ តារាវី នោះ គឺជាដីអនុក្រឹត្យរបស់រដ្ឋ ហើយពលរដ្ឋបានអាស្រ័យផលពិតប្រាកដមែនគឺចាប់តាំងពីឆ្នាំ៨០ជាងមកម្លេស ហើយក្រោយមកក៏បានដាក់ចូលអនុក្រឹត្យ ក៏ប៉ុន្តែប្រជាពលរដ្ឋមិនសុខចិត្តជុំវិញរឿងទាំងអស់នេះថ្នាក់លើមិនសូវប្រាប់និងមិនសូវឲ្យដឹងនោះទេ ចំពោះលោកក៏អាណិតប្រជាពលរដ្ឋណាស់ដែរ ដោយលោកចង់ឱ្យមានការដោះស្រាយឲ្យពួកគាត់ទៅ អាណិតពួកគាត់ដើម្បីឲ្យគាត់អស់ចិត្ត។


លោក ច័ន្ទ រតនះ បានបន្ថែមទៀតថា ÷ ដីនេះត្រូវបានកាត់ឱ្យក្រុមហ៊ុនដែលមានម្ចាស់ងារជាឧកញ៉ា ហើយរឿងមួយចំនួនគេរំលងមិនឲ្យលោកដឹងនោះទេ ព្រោះក្រុងបញ្ជាទៅខណ្ឌ ខណ្ឌបញ្ជាទៅសង្កាត់ សង្កាត់បញ្ជាមកលោក ដើម្បីឲ្យធ្វើការតាម ហើយលោកបានត្រឹមតែធ្វើការតាម ចំណែកប្រជាពលរដ្ឋមិនមានអ្វីទេមានតែការអាស្រ័យផលលើដីកន្លងមកតែប៉ុណ្ណឹង។


សារព័ត៌មានរបស់យើងក៏ចង់ឲ្យលោកបានបញ្ជាក់បន្ថែមទៀតថា តើគម្រោងក្រុមហ៊ុនធ្វើអ្វីដែរ?ហើយកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ថ្មីៗមកនេះ តើភាគីខាងអាជ្ញាធរ ឬក៏ខាងក្រុមហ៊ុនដែលជាអ្នកយករបងមកបោះព័ន្ធខាងមុខដីនេះ?


លោកបានប្រាប់មកវិញថា÷ (ការបោះបង្គោលដោយយករបងព័ទ្ធខាងមុខដីនេះប្រហែលជាក្រុមហ៊ុន អាជ្ញាធរគ្រាន់តែមកការពារដើម្បីកុំឲ្យមានបញ្ហា និងខ្លាចមានការកកស្ទះចរាចរណ៍តែប៉ុណ្ណោះ ដោយឡែកអាជ្ញាធរមិនដឹងធ្វើយ៉ាងម៉េចនោះដែរ ម្ខាងពលរដ្ឋ ម្ខាងក្រុមហ៊ុនមានប័ណ្ណកម្មសិទ្ធិរួចទៅហើយ។ ហើយប្រសិនបើក្រុមហ៊ុនមានការយោគយល់គួរជួយប្រជាពលរដ្ឋផងដែរតាមនឹងទៅ ក្រុមហ៊ុនដែលបានកាត់ឃ្វាលពីរាជរដ្ឋាភិបាលដោះស្រាយមួយគ្រួសារម្នាក់ប៉ុន្មានៗទៅ។ 


អង្គភាពសារព័ត៌មានរបស់យើងបន្តសួរនាំលោក ច័ន្ទ រតនះ បញ្ជាក់បន្ថែមទៀតថា ÷ក្នុងនាមលោកជាអាជ្ញាធរមូលដ្ឋានបានមកតាំងទីលំនៅក្នុងតំបន់នេះចាប់តាំងពីពេលណាមក? លោកធ្វើការឆ្លើយតបភ្លាមៗផងដែរថា ÷លោកបានមករស់នៅចាប់តាំងពីឆ្នាំ៩០ជាងមកម្ល៉េះ ហើយតើលោកយល់យ៉ាងណាចំពោះរឿងនេះ ដែរ? គាត់បន្តប្រាប់ទៀតថា ÷លោកស្រី ហួយ តារាវី ទទួលសិទ្ធិកាន់កាប់អាស្រ័យផលបន្តពីប្រជាពលរដ្ឋទាំង១៨ គ្រួសារយ៉ាងពិតប្រាកដ ហេីយលោកសូមបញ្ជាក់បន្ថែមទៀតថា លោកពិតជាពិបាកណាស់លើបញ្ជានេះ លោកធ្វើតាមថ្នាក់លើបញ្ជាតែប៉ុណ្ណោះ។


អង្គភាពសារព័ត៌មានរបស់យើងក៏បានបន្តធ្វើការសាកសួរ លោក អ៊ៀច ប៊ុនផាត ចៅសង្កាត់រងគោករកា ផងដែរដើម្បីឲ្យលោកបញ្ជាក់ជុំវិញបញ្ហាដីធ្លីរបស់លោកស្រី ហួយ តារាវី ខាងលើ ខណៈនោះ លោក អ៊ៀច ប៊ុនផាត បានបញ្ជាក់យ៉ាងខ្លីថា ÷លោកមិនដឹងច្បាស់ដែរ តែសូមឱ្យធ្វើការមកសាកសួរចៅសង្កាត់ទៅវិញ។ 


សារព័ត៌មានយើងបន្តសាកសួរនាំ លោក សន សុិន ចៅសង្កាត់គោករកា ដើម្បីឲ្យលោកជួយបញ្ជាក់ជុំវិញបញ្ហាទំនាស់កន្លងមក ខណៈនោះ លោកចៅសង្កាត់ ក៏បានជម្រាបមកផងដែរថា ÷ដីនេះស្ថិតនៅក្នុងអនុក្រឹត្យ ហើយដីអនុក្រឹត្យគឺជាកម្មសិទ្ធិរបស់រដ្ឋ។យើងក៏បានឱ្យលោកបញ្ជាក់ទៀតថា ÷តើបច្ចុប្បន្នជាកម្មសិទ្ធិរបស់នរណាដែរឬទេ? លោក សន សុិន បានប្រាប់ប់មកវិញថា ÷សូមសាកសួរថ្នាក់លើទៅ ព្រោះលោកដឹងតែដីអនុក្រឹត្យរបស់រដ្ឋតែប៉ុណ្ណោះ។


ដើម្បីស្រាយចម្ងល់មហាជនទាំងអស់សារព័ត៌មានរបស់យើងក៏បានបន្ត ធ្វើការសាកសួរដល់លោក មនោ រត្ន ដែលមានតួនាទីកាន់នៅនាយកដ្ឋាននីតិកម្ម ខណ្ឌព្រែកភ្នៅ ដើម្បីសុំអោយលោកជួយបញ្ជាក់ជុំវិញរឿងដីធ្លីដែលមានបញ្ហារបស់លោកស្រី ហួយ តារាវី 

ដែលលោកស្រីបានអះអាងថា គាត់ជាអ្នកកាន់កាប់អាស្រ័យផលបន្តពីពលរដ្ឋទាំង១៨គ្រួសារ ហើយមានការដោះស្រាយយ៉ាងណានោះដែរ? លោក មនោ រត្ន ក៏បានជម្រាបមកសារព័ត៌មានយើងថា ពាក់ព័ន្ធដីអាស្រ័យផលបន្តរបស់ លោកស្រី ហួយ តារាវី នោះគឺជាដីស្ថិតនៅក្នុងដីអនុក្រឹត្យបឹងតាមោក ដែលរាជរដ្ឋាភិបាលបានចែងអនុក្រឹត្យចាប់តាំងពីរឆ្នាំ២០១៦មកម៉្លេះ ខាងលោកគ្រាន់តែជាកន្លែងសម្របសម្រួលតែប៉ុណ្ណោះ។ លោកបន្តប្រាប់ទៀតថា ដីនេះលោកស្រីពិតជាបានកាន់កាប់តាមចាប់តាំងពីឆ្នាំ២០២១មក ហើយលោកសូមអធ្យាស្រ័យមិនហ៊ានឆ្លើយសំណួរដែលថាជុំវិញថា តើមានក្រុមហ៊ុនណាជាអ្នកកាន់កាប់នោះ?។


សារព័ត៌មានរបស់យើងបន្តធ្វើការសាកសួរបន្ថែមជាបន្តបន្ទាប់ទៀតចំពោះ លោក ធឹម សំអាន ជាអភិបាលខណ្ឌព្រែកព្នៅ ដើម្បីឲ្យលោកបញ្ជាក់អំពីបញ្ហាដីរបស់លោកស្រី ហួយ តារាវី ពេលនោះលោក ធឹម សំអាន ក៏បានជម្រាបខ្លីៗ ផងដែរថា ÷ប្រសិនបើបងស្រីមានឯកសារ សូមមកដាក់នៅរដ្ឋបាលខណ្ឌ មក តែសុំឱ្យឯកសារមានគតិយុតត្រឹមត្រូវ នោះរដ្ឋបាលខណ្ឌនឹងដោះស្រាយជូន ហើយលោកអភិបាលខណ្ឌរូបនោះ បានបញ្ជាក់ទៀតថា ខ្លាចតែឯកសារមិនពិតមកឲ្យរដ្ឋបាលខណ្ឌធ្វើ តើរដ្ឋបាលខណ្ឌធ្វើយ៉ាងម៉េច ?


អង្គភាពព័ត៌មានយេីងមិនអាចសុំកិច្ចសម្ភាសន៍ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទេ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នេះ ដោយឯកឧត្តមបានលេីកទូរស័ព្ទហើយ ប៉ុន្តែត្រូវបានបិទទៅវិញ។


សូមរំលឹកឡើងវិញថា÷ បញ្ហាស្នើរសុំចំពោះការដោះស្រាយទំនាស់ដីធ្លីរបស់ លោកស្រី ហួយ តារាវី ដែលអូសបន្លាយជាយូរខែឆ្នាំមកនេះបានធ្វើឲ្យសាធារណៈជន ក៏ដូចជាសង្គមស៊ីវិល នៅបន្តតាមដានដោយយកចិត្តទុកដាក់ថាតើលទ្ធផលនឹងមានការដោះស្រាយជូនលោកស្រីយ៉ាងណាដែរនោះ? បើប្រៀបធៀបទៅនឹងប្រជាពលរដ្ឋរាប់រយគ្រួសារដែលបានទទួលការដោះស្រាយរួចរាល់ស្ថិតនៅក្នុងភូមិសាស្ត្រអភិវឌ្ឍន៍បឹងតាមោក ភូមិកប់ស្រូវធំ សង្កាត់គោករកា ខាន់ព្រែកព្នៅ រាជធានីភ្នំពេញ។


អង្គភាពសារព័ត៌មានរបស់យើង ក៏រង់ចាំបន្តការសាកសួរ ដើម្បីទទួលប្រភពពាក់ព័ន្ធទាំងអស់បន្ថែមទៀត ប្រសិនបើមានដើម្បីធ្វើការចេញផ្សាយជាបន្តបន្ទាប់ដោយអនុវត្តតាមច្បាប់ស្ដីពីរបបសារព័ត៌មាននៅកម្ពុជា៕ សូមអរគុណ។





























#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top