រាជធានីភ្នំពេញ ៖ ដើម្បីបង្កើនភាពទាក់ទាញលើវិស័យទេសចរណ៍ នៅកម្ពុជា ទៅកាន់តំបន់ និងពិភពលោក បានដឹងកាន់ច្បាស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញឲ្យអ្នកសារព័ត៌មាន ត្រូវបង្កើនធ្វើការផ្សព្វផ្សាយលើសក្តានុពលទេសចរណ៍កម្ពុជា ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ដែលទាំងនេះមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរក្នុងស្រុកទេ តែវាក៏ទាក់ទាញដល់ភ្ញៀវទេសចរបរទេស ពិសេសប្រទេសចិនដែលជាឆ្នាំ នៃការលើកកម្ពស់វិស័យទេសចរណ៍រវាងកម្ពុជា-ចិន ។
ផ្តល់កិច្ចសម្ភាសជាមួយអ្នកសារព័ត៌ ក្រោយបញ្ចប់ពិធីបើកវេទិការស្តីពីការផ្សព្វផ្សាយឆ្លាតវៃ នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន ឆ្នាំ២០២៤ ដែលបានរៀបចំឡើងនាសណ្ឋានគារ សូហ្វីតែល ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឱ្យដឹងថា ៖ បន្ទាប់ពីឆ្នាំ២០២៤ ដែលការផ្សារភ្ជាប់រវាងប្រជាជន និង ប្រជាជន រវាងកម្ពុជា-ចិន ក្រសួងព័ត៌មាន បានធ្វើសកម្មភាពមួយចំនួនធំ ក្នុងការផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍ក៏ដូចជាកាលានុវត្តភាពផ្សេងៗទៀត នៅប្រទេសកម្ពុជារបស់យើង ពិសេសទាក់ទិន នឹងសង្គម សេដ្ឋកិច្ចតែម្តង។ តាមរយៈនេះ គឺអាចធ្វើឱ្យប្រជាជនចិន បានទទួលព័ត៌មានពីសក្តានុពលទេសចរណ៍នៅកម្ពុជា។ ឆ្នាំ២០២៥ គឺជាឆ្នាំលើវិស័យទេសចរណ៍រវាងកម្ពុជា-ចិន ក្រសួងព័ត៌មានក៏ដូចជាអ្នកសារព័ត៌មានរបស់កម្ពុជា ត្រូវបង្កើនការផ្សព្វផ្សាយអំពីសក្តានុពលវិស័យទេសចរណ៍ ដែលជាឱកាសក្នុងការផ្សព្វផ្សាយ នូវអ្វីដែលកម្ពុជាយើងមានស្រាប់ហើយ ។
ឯកឧត្តម រដ្ឋមន្ត្រីបានបញ្ជាក់ថា ៖យើងត្រូវបង្កើនឱ្យបានជ្រួតជ្រាបលើស្រទាប់ពលរដ្ឋប្រជាជនចិន ក៏ដូចជាប្រទេសដទៃទៀតក្នុងការធ្វើដំណើរមកកម្សាន្តនៅប្រទេសកម្ពុជា ក្នុងនេះដូចជាតំបន់ទេសចរណ៍ថ្មីៗទើបបង្កើតឡើង កន្លែងតំបន់ទេសចរណ៍ដ៏ទាក់ទាញ និងក្រៅពីនេះក៏ត្រូវផ្សព្វផ្សាយផងដែរនូវមុខម្អូបប្រពៃណី ទំនៀមទំលាប់ពលរដ្ឋរស់នៅតំបន់សហគមន៍ ជាដើមដែលទាំងអស់នេះសុទ្ធសឹងជាផ្នែកមួយទាក់ទាញការចាប់អារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋចិនក្នុងការធ្វើដំណើរមកទស្សនា និងកម្សាន្តនៅកម្ពុជា ។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា៖ ទាំងអស់នេះហើយ គឺជាតួនាទីរបស់អ្នកសារព័ត៌មានក្នុងការសរសេរព័ត៌មានផ្សព្វផ្សាយ ក៏ដូចជាផ្តិតយករូបភាព ឯកសារផ្សេងៗ ក្នុងការជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា។ កាលណាផ្សព្វផ្សាយបានទូលំទូលាយនោះហើយ គឺជាការទាក់ទាញយ៉ាងសំខាន់ទៅដល់ភ្ញៀវទេសចរមកកម្សាន្តនៅប្រទេសកម្ពុជារបស់យើង ។
ឯកឧត្តមរដ្ឋមន្ត្រី បានមានបប្រសាសន៍បន្តថា៖ កាលពីអំឡុងមុនជំងឺកូវីដ-១៩ ផ្ទុះឡើង អ្នកទេសចរចិនជាប់លេខ១ ក្នុងការមកកម្សាន្តនៅកម្ពុជា។ ពេលនេះចាប់ផ្តើមអ្នកទេសចរចិន ធ្វើដំណើរមកវិញហើយ ខ្ញុំជឿជាថា អ្វីដែលយើងផ្សព្វផ្សាយនេះនឹងធ្វើឱ្យអ្នកទេសចរចិន គាត់ទទួលបានព័ត៌មានច្បាស់លាស់ និងធ្វើដំណើរកម្សាន្តកម្ពុជាយើង ។
សូមបញ្ជាក់ថា៖ បើយោងតាមបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា កន្លងមក បានឱ្យដឹងថា ចំនួនភ្ញៀវទេសចរចិនមកកម្ពុជាបានកើនឡើង ៤៣,១ភាគរយ ក្នុងរយៈពេល ៥ខែដំបូង នៃឆ្នាំ២០២៤។ ភ្ញៀវទេសចរចិន សរុបចំនួន ៣២៦,០០៣នាក់ បានធ្វើដំណើរមកកម្ពុជាក្នុងអំឡុងខែមករា ដល់ខែឧសភាឆ្នាំនេះ កើនឡើង ៤៣,១ ភាគរយ ពីចំនួន ២២៧,៧៤៧ នាក់ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ។
របាយការណ៍បានបន្ថែមថា៖ ភ្ញៀវទេសចរចិន មានចំនួន ១២,៣ ភាគរយ នៃចំនួនភ្ញៀវទេសចរអន្តរជាតិសរុប មកកម្ពុជា ដោយក្នុងនេះ កម្ពុជាបានទទួលភ្ញៀវបរទេស សរុបចំនួន ២,៦៤លាននាក់ ក្នុងរយៈពេល ៥ខែដំបូង នៃឆ្នាំនេះ កើនឡើង ២២ ភាគរយពីភ្ញៀវអន្តរជាតិចំនួន ២,១៦លាននាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ ៕