ចេញផ្សាយថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣
ខេត្តកែប÷ យោងតាមលិខិតដែលចេញដោយក្រសួងមហាផ្ទៃ ដែលបណ្តាញសារព័ត៌មាន CRT News យេីងទទួលបាន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ នេះបាន អោយដឹងថា ÷ លោក ស៊ូ ចាយ ដែលមានអត្តលេខ ៥៦២០១ ជាអធិការនគរបាលស្រុកដំណាក់ចង្អើរ ត្រូវបាន សម្តេច បណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចដកចេញពី
អធិការនគរបាលស្រុកដំណាក់ចង្អើរ មកត្រឹមឋានៈ មន្ត្រីធម្មតា ។
សូមបញ្ជាក់ថា÷ លោក ស៊ូ ចាយ ដែលជាអតីតអធិការនគរបាលស្រុកដំណាក់ចង្អើរ ត្រូវបានរងបណ្តឹង ប្រជាពលរដ្ឋចំនួន២នាក់។
ជនរងគ្រោះទី១ ÷ឈ្មោះ ស៊ន ម៉ៅ បានប្ដឹងលោក ស៊ូ ចាយ អធិការនៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ប្តឹងទៅកាន់ក្រសួង មហាផ្ទៃដើម្បីសុំអន្តរាគមន៍ពីបទ "គំរាមកំហែង និងប្រើអំណាចដោយបំពាន" ។
កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤ អាគារធិការដ្ឋាន នៃក្រសួងមហាផ្ទៃ បានចេញលិខិតលេខ: ១៧៦៧ អ.ធិ ជម្រាបជូនលោក ស៊ន ម៉ៅ រស់នៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ស្ដីពីលទ្ធផលនៃការអង្កេតស្រាវជ្រាវលើបណ្ដឹងចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ របស់ ឈ្មោះ ស៊ន ម៉ៅ ។
ក្នុងលិខិតក្រសួងមហាផ្ទៃបានចាត់ប្រតិភូអធិការកិច្ចធ្វើការអង្កេតស្រាវជ្រាវពាក្យបណ្ដឹងដូចចុះក្នុងយោងខាងលើប្តឹងចោទប្រកាន់លោកវិរសេនីយ៍ទោ ស៊ូ ចាយអធិការ នៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ស្នងការដ្ឋានខេត្តកែប និងបក្ខពួក ពីបទ"គំរាមកំហែងនិង ប្រើអំណាចដោយបំពាន"។
ផ្អែកតាមលទ្ធផលនៃការអង្កេតស្រាវជ្រាវក្រសួងមហាផ្ទៃបានធ្វើការអប់រំចំពោះ លោកវរសេនីយ៍ទោ ស៊ូ ចាយ អត្តលេខ ៥៦២០១ អធិការនៃអធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ស្នងការដ្ឋានគរបាលខេត្តកែប តាមវិន័យកងកម្លាំងនគរបាលជាតិរួចហើយ។
ចុងក្រោយជនរងគ្រោះទី២ ÷ឈ្មោះ អា គឹមសាន រស់នៅភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ប្តឹង
លោក ស៊ូ ចាយ អធិការនគរបាលស្រុកដំណាក់ចង្អើរ និង លោក គុយ ហេង នាយប៉ុស្តិ៍នគរបាលពងទឹក ទៅកាន់ក្រសួងមហាផ្ទៃដើម្បីសុំអន្តរាគមន៍ ករណី ដែលលោក ស៊ូ ចាយ និង លោក គុយ ហេង ដោះលែងជនបង្កគ្រោះថ្នាក់ចរាចរណ៍ ឈ្មោះ ទូច សុគន្ធ ដែលបេីកបរបណ្តាលឲ្យស្លាប់ស្ត្រីម្នាក់ ឈ្មោះ ហ៊ សុធារី ស្លាប់ ថែមទាំងធ្វេីរបាយការណ៍ភូតកុហក់ ថ្នាក់ដឹកនាំ។
ក្រោយពីរងបណ្តឹងចំនួន២ ករណីនេះ និងចុងក្រោយ ត្រូវក្រសួងមហាផ្ទៃ ចេញសេចក្តីសម្រេចដោយ ឯកឧត្តម បណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចលោក ស៊ូ ចាយ ដែលជាអធិការនគរបាលស្រុកដំណាក់ចង្អើរ មកត្រឹមឋានៈ មន្ត្រីធម្មតាតែម្តង ប៉ុន្តែដោយឡែកលោក គុយ ហេង ដែលជានាយប៉ុស្តិ៍នគរបាលពងទឹក ពីទាន់ដឹងជោគវាសនារបស់លោក ទៅជាយ៉ាងណានោះទេ? ដកតំណែងពីនាយប៉ូលីស ឬនៅដដែល? ៕