រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានណែនាំឱ្យបញ្ឈប់រាល់ការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់។ សេចក្តីណែនាំនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសង្កេតឃើញថា បណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បានផលិតរូបភាព វីដេអូ និងមាតិកាល្បែងស៊ីសងខុសច្បាប់ ព្រមទាំងផ្សព្វផ្សាយល្បែងស៊ីសងទាំងនេះ ដើម្បីអូសទាញប្រជាពលរដ្ឋឱ្យចូលលេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ (Online)។
ក្រសួងសង្កេតឃើញផងដែរថា ក្នុងសកម្មភាពផ្សព្វផ្សាយ និងចែករំលែកបន្ត(Share) អំពីល្បែងស៊ីសងខុសច្បាប់ទាំងនេះ ក៏មានការចូលរួមពីបុគ្គលមានប្រជាប្រិយភាព និងអ្នកផលិតមាតិកាសង្គមមួយចំនួនផងដែរ ដែលជាហេតុធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ ហើយបន្តចែកចាយរូបភាព វីដេអូ និងមាតិកាទាំងនោះ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។
ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្រសួងមហាផ្ទៃសូមធ្វើការណែនាំដូចខាងក្រោម៖
១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។
២៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែងស៊ីសងលេង ដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។
៣៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវរាល់ការផ្សព្វផ្សាយ និង/ឬចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
៤៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវចាត់វិធានការតឹងរឹងតាមដែនសមត្ថកិច្ចរបស់ខ្លួនក្នុងការតាមដាន និងហាមឃាត់ការផ្សព្វផ្សាយ និងការចែករំលែកបន្តនូវរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
៥៖ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវជំរុញការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យយល់ដឹងអំពីផលប៉ះពាល់ នៃការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីចូលរួមទប់ស្កាត់ការលេងល្បែងស៊ីសង់ ខុសច្បាប់ដែលជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» របស់
រាជរដ្ឋាភិបាល។
ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ដូចបានណែនាំខាងលើនេះ៕