រាជធានីភ្នំពេញ ÷ឯកឧត្តម ឃួង ស្រេង ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ ត្រូវអនុវត្តអោយបានម៉ឺងមាត់ ម៉ត់ចត់ ក្នុងការទប់ស្កាត់ បង្ក្រាបក្រុមក្មេងទំនើង នៅក្នុងមូលដ្ឋាន ។
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៦ ធ្នូ ២០២៤ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង១០៥ ត្រូវយកចិត្តដាក់ឲ្យបានម៉ឹងមាត់ ម៉ត់ចត់បំផុត ក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើង នៅក្នុងមូលដ្ឋាន កុំឲ្យក្រុមក្មេងទំនើង បង្កភាពចលាចល បាត់សណ្តាប់ធ្នាប់ក្នុងសង្កម ។ ការលើកឡើងររបស់ ឯកឧត្តម ឃួង ស្រេង ស្របពេលដែលសកម្មភាពរបស់ក្រុមក្មេងទំនើង ហាក់កំរើកឡើងវិញ ក្នុងរយៈពេលថ្មីៗនេះ តាមមូលដ្ឋាន ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានឱ្យបង្កើតគណៈប្រចាំការ ចាំបញ្ជាមួយ តាមខណ្ឌ ដោយមានអភិបាលរងខណ្ឌម្នាក់ ដឹកនាំ និងមានអធិការរងនគរបាលម្នាក់ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌម្នាក់ ត្រូវដាក់កម្លាំងអន្តរាគមន៍ បង្ក្រាបក្មេងទំនើង។ ដោយក្នុងខណ្ឌនីមួយៗ មានអភិបាលរងខណ្ឌ៦នាក់ ត្រូវបែងចែកគ្នាមើល ឲ្យសព្វគ្រប់កិច្ចការ ពិសេសក្មេងទំនើងនេះ ។ ជាមួយគ្នានេះ យើងត្រូវបង្ក្រាបឲ្យដល់ឬសគល់ នៃអំពើល្មើស រាប់តាំងពីល្បែងស៊ីសងតាមអនឡាញ ឆ្នោតឡូតូ កន្ទុយលេខ ល្បែងជល់មាន់ ជាដើម ។
ជាមួយគ្នានេះដែរ អាជ្ញាធរខណ្ឌ ត្រូវសហការជាមួយអាជ្ញាធរស្រុក នៃខេត្តជាប់ព្រំប្រទល់ ជាមួយរាជធានីភ្នំពេញ ឲ្យបានប្រទាក់ក្រឡាគ្នា ទប់ស្កាត់បទល្មើសឆ្លងព្រំប្រទល់ឲ្យបាន។ ត្រូវរៀបចំប្រចាំបញ្ជា ដោយមានកងកម្លាំងនៅជាមួយ មានបញ្ហា ត្រូវមានមុខជានិច្ច ។ ទប់ស្កាត់ក្មេងទំនើង ឲ្យបាន ដូច្នេះបញ្ហាគ្រោះថ្នាក់ចរាចរណ៏ ក៏ថយចុះ បទល្មើសផ្សេងៗ ក៏ថយចុះ ។
ក្នុងនោះ ឯកឧត្តមអភិបាល ក៏បានណែនាំឲ្យអាជ្ញាធរខណ្ឌ ត្រូវធ្វើកិច្ចសហការជាមួយលោកគ្រូ អ្នកគ្រូ ដើម្បីអាជ្ញាធរយើងចូលទៅឆែកតាមម៉ូតូសិស្សតាមអនុវិទ្យាល័យ និងវិទ្យាល័យ នៅពេលយកម៉ូតូមកផ្ញើ បើមានការសង្ស័យ ចំពោះសិស្សទំនើង តាមគ្រឹះស្ថាន ទាំងរដ្ឋ និងឯកជន ។ យើងអនុវត្តការទប់ស្កាត់បទល្មើសនានា គឺយើងត្រូវធ្វើជាប្រចាំ ឥតឈប់ទេ ។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា÷ ដោយឡែកចំពោះករណីមុខសញ្ញាមិនទាន់មានសកម្មភាព ក៏ត្រូវធ្វើកំណត់ហេតុបញ្ឈប់សកម្មភាពរបស់ក្រុមក្មេងទំនើង ដើម្បីឱ្យអាណាព្យាបាល ឬមាតាបិតារបស់ក្មេងទំនើងទាំងនោះ បានទទួលជ្រាបជាព័ត៌មានជាមុន ។
ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការកោតសរសើរ ចំពោះគណៈបញ្ជាការខណ្ឌទាំង១៤ ដែលបានយកគោលការណ៍ រៀបចំយន្តការក្រុមការងារតេឡេក្រាម នៅតាមបណ្តាគ្រឹះស្ថានសាធារណៈទាំងអស់ ទាំងសាលារៀនរដ្ឋ ឬឯកជននោះទេ ។ លោក ឃួង ស្រេង បានជំរុញបន្ថែមលើប្រសាសន៍សម្តេចធិបតីលើកឡើងដោយឱ្យគណៈបញ្ជាការឯកភាពខណ្ឌ បង្កើតគណៈប្រចាំការជាប់ក្នុងមូលដ្ឋានខណ្ឌ ត្រូវដាក់កម្លាំងអន្តរាគមន៍ លើការបង្ក្រាបក្មេងទំនើង ។
ក្នុងឱកាសននោះ ឯកឧត្តម ឃួង ស្រេង ក៏បានផ្តល់ នូវវិធានការមួយចំនួន ដោយអាចឈានទៅដល់ការសហការ ជាមួយថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សា សម្រាប់ធ្វើការតួតពិនិត្យ ទៅដល់មុខសញ្ញាណាមួយ ដែលគ្រឹះស្ថានសិក្សា មានការសង្ស័យ ត្រូវឆែកឆេ ជាពិសេស អាចឆែកឆេលើសម្ភារៈប្រើប្រាស់ ដូចជាម៉ូតូរបស់សិស្សសាលា ដែលអាចមានលទ្ធភាពលាក់ទុកអាវុធ ដែលអាចបង្កជារបួសស្នាម ដូចជាដាវ សាម៉ូរៃជាដើម ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា÷ “បើដឹងថា ក្មេងទំនើងនៅភូមិណា បើមេភូមិរាយការណ៍ យើងត្រូវលាក់ការឱ្យគាត់ ហើយចុះអន្តរាគមន៍ ត្រូវត្រួតពិនិត្យធ្វើកិច្ចសន្យា លាយល័ក្ខអក្សរ បើចាំបាច់អញ្ជើញព្រះរាជអាជ្ញាទៅជាមួយ ធ្វើកំណត់ហេតុរដ្ឋបាលឱ្យបញ្ឈប់” ។ យកចិត្តទុកដាក់ការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ក្នុងឱកាសបុណ្យឆ្លងឆ្នាំ និងចូលឆ្នាំសកល២០២៥ ខាងមុខ ។ ត្រូវប្រើយន្តការសង្កាត់ភូមិ មើលថែបង្គោលភ្លើងសាធារណៈ ខ្សែ ភ្លើង អំពូលខូច ចុះតាមដាន ល្បាតទប់ស្កាត់ចោរកាត់ខ្សែភ្លើង ដូចនៅខណ្ឌមានជ័យ បន្តទៀត ។
ឯកឧត្តម អភិបាល បន្ថែមថា÷ ចំពោះការដាក់ស្លាកផ្សាយពាណិជ្ជកម្មស្រាបៀរ ក៏ត្រូវកំណត់ឲ្យបានច្បាស់លាស់ ដាក់ក្នុងកំរិតណា ទីតាំងណា ទំហំប៉ុណ្ណា និងត្រូវមានច្បាប់ត្រឹមត្រូវ ។ ជាមួយគ្នានេះ ត្រូវចលនាប្រជាពលរដ្ឋឲ្យមានការចូលរួមអបអរសាទរកម្ពុជា និងទិវាសន្តិភាព នៃកម្ពុជា ក្នុងនោះការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ សម្រាប់ពិធី នាថ្ងៃទី២៩ ខាងមុខ ជាបញ្ហាចាំបាច់បំផុត ឲ្យកាន់តែបានល្អប្រសើរ ៕