ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក្រុមឧក្រិដ្ឋជនជនជាតិវៀតណាម ចំនួន១២នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបដោយជោគជ័យនៅក្រុងបាវិត ខេត្តស្វាយរៀង។ ប្រតិបត្តិការចាប់ខ្លួនក្រុមឧក្រិដ្ឋ ធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ។
កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលបណ្តឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស នៅចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទៅលើជនរងគ្រោះឈ្មោះ CHEN YITONG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុម ជិះរថយន្តម៉ាកស្តារិច ពណ៌ស មិនស្គាលផ្លាកលេខ។
ភ្លាមៗក្រោយពីទទួលបានពាក្យបណ្តឹងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងនាយកដ្ឋាននគរនាយកដ្ឋាននគរបាល បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងដ្ឋាននគរបាលខេត្តស្វាយរៀង ចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតករណីខាងលើ។ លុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១២៖០០នាទីរសៀល កម្លាំងជំនាញបានស្រាវជ្រាវរកឃើញ ជនរងគ្រោះខាងលើត្រូវបានក្រុមជនសង្ស័យបង្ខាំងចាក់សោរទុកនៅក្នុងផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុង/ខេត្តស្វាយរៀង និងបានឃាត់ខ្លួនជនសង្ស័យចំនួនចំនួន១២នាក់ រួមមាន៖
ទី១៖ឈ្មោះ ហឿ ង៉ុកថាម អាយុ២៦ឆ្នាំ, ទី២៖ឈ្មោះ ឡាំ ធី ញឺវិន អាយុ១៧ឆ្នាំ, ទី៣៖ឈ្មោះ ង្វៀង ទ្រីដាក អាយុ២៣ឆ្នាំ, ទី៤៖ឈ្មោះ ង្វៀង ហ្វានលឺ អាយុ៣៥ឆ្នាំ, ទី៥៖ឈ្មោះ ហ្វៀង វ៉ាន់ថាំង អាយុ១៩ឆ្នាំ, ទី៦៖ឈ្មោះ ហ្វាម វ៉ាន់ទូ អាយុ៣៥ឆ្នាំ, ទី៧៖ឈ្មោះ ដាវ ត្រុងហៀវ អាយុ៣៣ឆ្នាំ, ទី៨៖ឈ្មោះ ឡ ឌឹកទន់ ភេទប្រុស អាយុ៣២ឆ្នាំ, ទី៩៖ឈ្មោះ ង្វៀង យីគឿង អាយុ២៨ឆ្នាំ,និងទី១០៖ ឈ្មោះ ង្វៀង វ៉ាន់ហ័ង អាយុ២២ឆ្នាំ, ទី១១៖ឈ្មោះ ហ្វាម វឹងវៀក អាយុ៣០ឆ្នាំ និង ទី១២៖ឈ្មោះ ងរ វ៉ានជាង អាយុ២៣ឆ្នាំ អ្នកទាំង១២នាក់ ជាជនជាតិវៀតណាម។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីធ្វើការសាកសួរ។
សូមជម្រាបថា៖ ករណីចាប់ជំរិតនេះហើយដែលបណ្តាលឲ្យមានហេតុការណ៍ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌផ្ទុះអាវុធផ្លាតចំប្រជាពលរដ្ឋម្នាក់ ដោយកាក់រថយន្តច្រឡំដោយហេតុថា៖ ភិនភាគរថយន្ដបង្កដែលផ្ដល់ដោយសាច់ញាតិរបស់ជនរងគ្រោះ ស្រដៀងនឹងរថយន្ដរបស់ពលរដ្ឋដែលកំពុងធ្វើដំណើរដឹកអ្នកជំងឺទៅមន្ទីរពេទ្យនៅភ្នំពេញ៕