រាជធានីភ្នំពេញ ÷លោក ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានលើកឡើងថា តាមច្បាប់ស្តីពីការបង្ក្រាបល្បែង ឆ្នាំ១៩៩៦ មាត្រា៤ បានចែងថា ÷ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី មួយម៉ឺនរៀល (១០.០០០រៀល) ដល់ប្រាំម៉ឺនរៀល (៥០.០០០រៀល) ឬដាក់ពន្ធនាគារពីមួយសប្តាហ៍ដល់មួយខែ ហើយក្នុងករណីដែលមិនរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំម៉ឺនរៀល (៥០.០០០រៀល) ដល់ប្រាំសែនរៀល (៥០០.០០០រៀល) និងដាក់ពន្ធនាគារពីមួយខែដល់មួយឆ្នាំ។
លោក បន្តថា ÷ចំពោះអ្នកបើកល្បែង អ្នកកាន់កាប់ល្បែង អ្នកចាត់ចែង និងភ្នាក់ងារល្បែងខុសច្បាប់ ក៏មិនខុសពីអ្នកលេងល្បែងនោះដែរ ដោយក្នុងមាត្រា៥ នៃច្បាប់ដដែល បានកំណត់ថា ជនទាំងនោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល (៥.០០០.០០០រៀល) ដល់ម្ភៃលានរៀល (២០.០០០.០០០រៀល) និងដាក់ពន្ធនាគារពីមួយឆ្នាំ ដល់ប្រាំឆ្នាំ ហើយករណីមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ និងដាក់ពន្ធនាគារខាងលើនេះជាអតិបរិមា ។
លោកបានឱ្យដឹងទៀតថា÷ ចំពោះការលេងល្បែងស៊ីសង ឬវង់ល្បែងស៊ីសង ទាំងអនឡាញ ដែលមានក្មេងៗ ចូលរួមជាអនីតិជនម្នាក់ ឬច្រើននាក់ក៏ដោយ គឺតុលាការដាក់នឹងដាក់ទោសទៅតាមស្ថានទម្ងន់ទោស ដែលមានចែងក្នុងមាត្រា៦ ស្តីពីការបង្ក្រាបល្បែងស៊ីសង កាលណានៅក្នុងវង់ល្បែង មានអនិតិជនម្នាក់ឬច្រើននាក់ នៅជាមួយផលទោស ដែលបានចែងក្នុងមាត្រា៤ និងមាត្រា៥ នៃច្បាប់នេះត្រូវយកមកអនុវត្តដល់អតិបរមា ។
ដោយឡែក ការប្រើប្រាស់ឧបករណ៍ផលិតសម្រាប់បម្រើក្នុងល្បែង និងការនាំឧបករណ៍គ្រប់ប្រភេទ ដែលគ្មានការអនុញ្ញាតពីរដ្ឋាភិបាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ប្រាំសែនរៀល (៥០០.០០០រៀល) ដល់ប្រាំលានរៀល (៥.០០០.០០០រៀល) និងដាក់ពន្ធនាគារពីមួយខែ ដល់មួយឆ្នាំ។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ និងដាក់ពន្ធនាគារជាអតិបរមានៃទោស។ ចំពោះប្រាក់ ដែលរឹបអូស ដូចដែលបានចែងក្នុងមាត្រា ៧ មាត្រា ៨ ខាងលើត្រូវបញ្ជូនទៅតុលាការ ដើម្បីសម្រេចរឹបអូសជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល ។
ក្នុងន័យនេះ លោក ទូច សុឃៈ បានសង្កត់ធ្ងន់ថា ÷ក្រៅពីរាជរដ្ឋាភិបាល ទោះក្នុងរូបភាពណាក៏ដោយ អាជ្ញាធរគ្មានសិទ្ធិចេញលិខិតអនុញ្ញាតឱ្យបើកល្បែងស៊ីសងនៅទីណាក៏ដោយ ជាដាច់ខាត។ បើមន្ត្រី ឬភ្នាក់ងាររាជការណា ដែលនៅតែចេញលិខិតអនុញ្ញាតឱ្យបើកល្បែងស៊ីសង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយឆ្នាំ ទៅប្រាំឆ្នាំ។ ចំពោះជន ដែលចេញមុខការពារវង់ល្បែង ឬបនល្បែងគ្រប់ប្រភេទ នៅទីណាក៏ដោយ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយឆ្នាំ ដល់ប្រាំឆ្នាំ ។
លោក ទូច សុឃៈ ក៏បានគូសបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ ក្រសួងមហាផ្ទៃ បានចេញសារាចរណែនាំ អំពីការផលិតរូបភាព វីដេអូ និងមាតិកាដែលមានខ្លឹមសារទាក់ទងទៅនឹងល្បែងស៊ីសងគ្រប់ប្រភេទ ទោះល្បែងស៊ីសងលេងដោយផ្ទាល់ ឬតាមអនឡាញ។ ក្នុងនោះរាល់ការផ្សព្វផ្សាយ ឬចែករំលែកបន្ត ជាវីដេអូ និងខ្លឹមសារពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមានន័យថា ជាការចូលរួមប្រព្រឹត្តល្មើសករណីល្បែងស៊ីសងខុសច្បាប់ដូចគ្នា។ សរុបជារួមការប្រព្រឹត្តល្បែងស៊ីសង ទាំងអ្នកបង្កើតល្បែង អ្នកលេងល្បែង អ្នកកាងល្បែង អ្នកចាត់ចែង អ្នកផ្សំគំនិត អ្នកផ្សព្វផ្សាយល្បែង និងត្រូវទទួលទោស តាមច្បាប់ដែលបានកំណត់ ៕