ខេត្តសៀមរាប÷ យោងតាមពត៌មានបឋមពីសមត្ថកិច្ច បានឱ្យដឹងថា÷ ខ្មាន់កាំភ្លើងលួចបាញ់ប្រហារមកលើអ្នកកាសែត កម្ពុជាអភិវឌ្ឍន៍ តាមអនឡាញ ម្នាក់ បណ្ដាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ខណៈសមត្ថកិច្ចស្រុកជីក្រែង បានព្យាយាមការពារតាំងពីកន្លែងកើតហេតុរហូតដល់មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីព្រលប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅចំណុចដីចម្ការត្រពាំងរាំង ក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។
ប្រភពពីសមត្ថកិច្ចបានបន្តថា ÷ករណីខ្មាន់កាំភ្លើងលួចបាញ់អ្នកកាសែតនោះបង្ក ឡើងដោយជនមិនស្គាល់មុខ បានលបលួចបាញ់ប្រហារ ១គ្រាប់ ដោយអាវុធកែច្នៃ ទៅលើអ្នកសារព័ត៌មានអនឡាញម្នាក់ បណ្តាលឱ្យរងរបួសជាទម្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
តាមប្រភពដដែលបានបន្តថា ÷ជនរងគ្រោះឈ្មោះ ឈឿង ឈឹង ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរ អ្នកយកព័ត៌មានកម្ពុជាអភិវឌ្ឍន៌ រស់នៅភូមិឃុំកន្លែងកើតហេតុខាងលើ ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ÷មុនពេលកើតហេតុ នៅវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ជនរងគ្រោះបាននិងកំពុងស្ថិតនៅលើដីចម្ការមួយកន្លែង ក្បែរភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង នោះ ស្រាប់តែមានជនមិនស្គាល់មុខ បានមកលួចបាញ់ប្រហារដោយអាវុធកែច្នៃចំនួន ១ គ្រាប់ ត្រូវចំត្រង់ពោះចំហៀងផ្នែកខាងឆ្វេងទៅផ្នែកខាងស្តាំ បណ្តាលឱ្យបៀមគ្រាប់ជាប់ក្នុងពោះ ។
បន្ទាប់ពីមានហេតុការណ៍បែបនេះនោះកើតឡើង សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលពង្រលើ បានចុះទៅដល់ទីតាំងកើតហេតុ និងបានធ្វើកំណត់ហេតុ ព្រមទាំងសួរនាំសាក្សី ដើម្បីកំណត់មុខសញ្ញាឈានដល់ការស្រាវជ្រាវចាប់ខ្លួនជនបង្ក ។ ប៉ុន្តែពេលនោះដោយអការៈជនរងគ្រោះមានស្ថានភាពធ្ងន់ធ្ងរ កម្លាំងសមត្ថកិច្ចក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានឱ្យកម្លាំងនគរបាលមូលដ្ឋានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបភ្លាមៗដែរ ដោយមានការការពារយ៉ាងតឹងតែងបំផុត។
ជុំវិញករណីខាងលើនេះ កម្លាំងសមត្តកិច្ចនគរបាលជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយនគរបាលស្រុកជីក្រែង បន្តការស្រាវជ្រាវ ដើម្បីវែកមុខខ្មាន់កាំភ្លើងដែលជាប់ពាក់ព័ន្ធ ក្នុងការបាញ់ប្រហារមកលើជនរងគ្រោះ ជាអ្នកសារព័ត៌មានអនឡាញ «កម្ពុជាអភិវឌ្ឍន៌» នោះឱ្យខាងតែបាន ដេីម្បីយកមកផ្តន្ទាទោសតាមផ្លូវគោកច្បាប់៕