ក្រុងព្រះសីហនុ ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនសាធារណៈជនទាំងអស់មេត្តាជ្រាបថា៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ មានករណីមនុស្សចំនួន ៤១នាក់ មានអាការៈរាគរូស និងក្អួតចង្អោរ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ បន្ទាប់ពីបានទទួលទាននំសាំងវិច ដែលទិញមកពីអាហារដ្ឋាន «សំពៅមាស» ស្ថិតក្នុងក្រុងព្រះសីហនុ។
ករណីនេះ ត្រូវបានផ្តោតការសង្ស័យថា ៖ ជាករណីពុលអាហារ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ មន្ត្រីជំនាញនៃសាខា ក.ប.ប. ខេត្តព្រះសីហនុ បានចុះដល់ទីតាំងកើតហេតុ និងអាហារដ្ឋាន «សំពៅមាស» ដើម្បីប្រមូលព័ត៌មាន និងបានដកយកសំណាកគំរូ ដែលរួមមាននំសាំងវិច និងគ្រឿងផ្សំសម្រាប់ផលិតនំសាំងវិច ចំនួន ១២គំរូ ដើម្បីបញ្ជូនមកមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. ធ្វើការវិភាគរកកត្តាបង្កគ្រោះនានា។
លទ្ធផលវិភាគបានបង្ហាញថា ៖ សំណាកគំរូដែលទទួលបានពីកន្លែងកើតហេតុ ត្រូវបានរកឃើញ វត្តមានបាក់តេរីប្រភេទ អ៊ីកូឡាយ(E-coli) ក្នុងបរិមាណលើសកម្រិតអនុញ្ញាត ពោលគឺចំនួនច្រើនជាង ១០០ CFU/g និងមាន វត្តមាន បាក់តេរីប្រភេទ ស្តាហ្វីឡូកូកឹសអូរៀស (Staphylococcus aureus) ក្នុងបរិមាណលើសកម្រិតសុវត្ថិភាព ពោលគឺចំនួនច្រើនជាង ១០.០០០ CFU/g។
សូមបញ្ជាក់ផងដែរថា ៖ ស្តាហ្វីឡូកូកឹសអូរៀស (Staphylococcus aureus) អាចនឹងបង្កការពុលអាហារ បន្ទាប់ពីបានទទួលទានអាហារមានផ្ទុកបាក់តេរីប្រភេទនេះ ក្នុងរយៈពេលចាប់ពី១ ទៅ៦ម៉ោង ដោយបង្ហាញចេញនូវអាការៈរោគមួយចំនួនដូចជា ក្អួតចង្អោរ ចុកពោះ និង រាគរូសជាដើម។
វត្តមាននៃបាក់តេរីទាំងពីរប្រភេទខាងលើនេះបង្ហាញថា ៖ ការអនុវត្តអនាម័យក្នុងផលិតកម្ម អនាម័យ បុគ្គលិក អាចនៅមិនទាន់បានល្អប្រសើរនៅឡើយ។
ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមជាអង្គភាពទទួលបន្ទុកផ្នែកសុវត្ថិភាពម្ហូបអាហារ សូមធ្វើការអំពាវនាវដល់ប្រតិបត្តិករអាជីវកម្មម្ហូបអាហារទាំងអស់ ជាពិសេសបងប្អូនអ្នករៀបចំ កែច្នៃ និងផលិតម្ហូបអាហារ ត្រូវតែយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការអនុវត្តឱ្យបានជាប្រចាំនូវគន្លឹះទាំង៥ ដែលធ្វើឱ្យម្ហូបអាហារមានសុវត្ថិភាព របស់អង្គការសុខភាពពិភពលោក (WHO) ដូចមានបង្ហាញជូនក្នុង QR Code ខាងក្រោម ដើម្បីធានាដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ ជាពិសេសដើម្បីជួយឱ្យប្រតិបត្តិករអាជីវកម្មម្ហូបអាហាររួចផុតពីការប្រឈមចំពោះមុខច្បាប់ផងដែរ៕