ចេញផ្សាយថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤
រាជធានីភ្នំពេញ÷ សាធារណជនក៏ដូចជាសង្គមស៊ីវិលដែលបានកំពុងបន្តតាមដានរឿងដីធ្លីចំនួន១៦ហិចតា ស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ របស់លោកស្រី ហួយ តារាវី កន្លងមកគឺជារឿងរ៉ាវដ៏រសើបមួយ ហើយក៏កាន់តែក្តៅ បន្តិចម្ដងៗឈានទៅដល់ការដាក់ជាសំណួរ និងឆ្ងល់គ្រប់ៗគ្នាពាក់ព័ន្ធនឹងរឿងដីធ្លីដែលស្ថិតនៅក្នុងភូមិសាស្ត្រខាងលើនេះក៏ព្រោះថារឿងរ៉ាវនៅក្នុងតំបន់បឹងតាមោក នេះ កន្លងមកប្រមុខរាជរដ្ឋាភិបាលអតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុនសែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ចំៗ ដោយមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋទូទៅពិសេសពលរដ្ឋដែលរស់នៅក្នុងតំបន់អភិវឌ្ឍន៍បឹងតាមោកនៅក្នុងក្នុងឱកាសអញ្ជើញសម្ពោធអគារទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា÷ ពាក់ព័ន្ធនឹងផ្ទៃបឹងតាមោក សម្តេចតេជោ ហ៊ុន សែន បានប្រកាសបង្ហាញពីការសោកស្តាយក្នុងការចុះអនុក្រឹត្យមួយស្តីពីការកំណត់ផ្ទៃបឹងតាមោក នេះ ដោយជាន់លើផ្ទៃដីស្រែប្រាំងរបស់ប្រជាពលរដ្ឋ ព្រោះតែការកំណត់ថា÷ «ផ្ទៃទឹកដល់ណា ផ្ទៃបឹងដល់នោះ»។
សម្តេចតេជោ បានបញ្ជាក់ដូច្នេះថា÷ «និយាយពីបឹងតាមោកមួយខ្ញុំស្តាយនោះស្តាយ។ ស្តាយត្រង់ខ្ញុំចុះហត្ថលេខាលើអនុក្រឹត្យមួយខុស ធ្វើអនុក្រឹត្យមួយឱ្យឯងចុះហត្ថលេខាទឹកឡើងដល់ណា ព្រំដែនដល់នោះ!។ ស្រាប់តែឥឡូវទៅមើលក្នុងអនុក្រឹត្យនោះ គឺសុទ្ធតែស្រែប្រាំងប្រជាជន។ ខ្ញុំនឹងកាត់បន្តទៅទៀតប្រាប់ឱ្យហើយ ព្រោះសុទ្ធតែស្រែប្រាំងប្រជាជន បើមិនកាត់ឱ្យ» តែមិនអីទេសម្ដេចមានប្រសាសន៍ថា ÷អនុក្រឹត្យនេះសម្ដេចនិងចាត់ចែង។
បើទោះបីជាមានការលើកឡើងដ៏ក្តៅគគុករបស់សម្ដេចក៏ដោយក៏ថ្មីៗ នេះ សាធារណជនទូទៅក៏មានចម្ងល់ឆ្ងល់ជាបន្តបន្ទាប់រហូតដល់ក៏មានការលើកឡើងពីមួយទៅមួយដោយដាក់ជាសំណួរថា ហេតុដូចម្ដេចបានជាអាជ្ញាធរ និងមន្ត្រីឃុំសង្កាត់ខណ្ឌព្រែកព្នៅ មួយចំនួនដែលជាថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋាននេះ នៅតែបន្តអះអាងថាជាដីអនុក្រឹត្យដដែលជាដដែល? ដោយមិនបានស្ដាប់ប្រសាសន៍សម្ដេចតេជោឬក៏បានស្ដាប់ដឹងហើយឮហើយបែរជាធ្វើមិនដឹងមិនឮទៅវិញនោះ? អ្នកខ្លះក៏ប្រៀបធៀបទៅមនុស្សដែលដេកលក់វាងាយនឹងដាស់ឱ្យងើបទេគឺផ្ទុយពីមនុស្សដែលធ្វើដេកលក់ ប្រាកដណាស់ទោះបីដាស់ហើយដាស់ទៀតក៏មិនងើបដែរ។
ដោយឡែកសម្រាប់បុគ្គលដែលធ្វើបណ្ណកម្មសិទ្ធិលើទីតាំងដី១៦ហិចតា ខាងលើដោយប្រើឈ្មោះក្រុមហ៊ុនមួយបើយោងតាមការឆែកលើប្រព័ន្ធអេអិចត្រូនិចរបស់ក្រសួងរៀបចំដែនដីនគររូបរីយកម្ម និងសំណង់ បានបង្ហាញលើឈ្មោះក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ ខនស្ត្រាក់សិន និង ឌីវីឡុបមិន ឯ.ក ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ រហូតមកដល់បច្ចុប្បន្នបែរជាមានមានការផ្លាស់ប្ដូរទៅជាទ្រព្យកម្មសិទ្ធអវិភាគដោយមានម្ចាស់កម្មសិទ្ធិឈ្មោះ ឧកញ៉ា ២រូបផ្សេងទៀតលើព័ត៌មានស្ដីអំពីក្បាលដីតាមប្រព័ន្ធអេឡិចត្រូនិចនោះទៅវិញ។
នៅក្នុងទិដ្ឋភាពខាងលើនេះសាធារណជនដែលនៅតែបន្តតាមដានរឿងនេះដោយយកចិត្តទុកដាក់ហើយក៏កាន់តែឆ្ងល់ហើយឆ្ងល់ទៀតដោយចោទជាសំណួរជាហូរហែជាបន្តថា មូលហេតុអ្វីបានជាលោកស្រី ហួយ តារាវី ដែលមានឯកសារអាស្រ័យផលបន្តចេញពីពលរដ្ឋតាំងពីឆ្នាំ១៨៨០ ជាងមកដល់ឆ្នាំ២០២១ ហើយលោកស្រីបានអាស្រ័យផលបន្តរហូតមកដល់បច្ចុប្បន្ន នេះ បែរជាមិនទាន់មានការដោះស្រាយជូនចំពោះលោកស្រីទៅវិញ? ហើយបើទោះបីជាលោកស្រីព្យាយាមចូលរួមក្នុងកិច្ចប្រជុំជាមួយនឹងរដ្ឋបាលខណ្ឌព្រែកព្នៅ មួយលើកជាពីរលើកក៏ដោយ ក៏មិនមានផ្លែផ្កានោះដែរ។
តើមូលហេតុអ្វីបានជាអាជ្ញាធរ និងមន្ត្រីខណ្ឌព្រែកព្នៅអះអាងដី១៦ហិចតានៅក្នុងភូមិសាស្ត្រខាងលើនេះ ថាជាដីអនុក្រឹត្យដោយយោងតាមអនុក្រឹត្យឆ្នាំ ២០១៦កន្លងមក? ក៏ប៉ុន្តែមិនបានស្ដាប់ការបញ្ជាក់របស់អតីតនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ថា ដីអនុក្រឹត្យនោះគឺលោកមានការសោកស្ដាយចុះហត្ថលេខាខុស ហើយនឹងធ្វើការអនុវត្តដោះស្រាយជូនប្រជាពលរដ្ឋផងចុះ។
តើមូលហេតុអ្វីបានជាមានក្រុមហ៊ុនធ្វើប្លង់គ្របដណ្ដប់ដោយកាត់ឃ្វាលលើដី១៦ហិចតាមិនទាន់មានការដោះស្រាយជាមួយ លោកស្រី ហួយ តារាវី ឲ្យបានរួចរាល់សិន និងគ្មានអ្នកណាដឹងឮ ដែលបានចុះហត្ថលេខាពីថ្នាក់មូលដ្ឋាននោះទៅវិញ? ឬក៏មានការចុះហត្ថលេខារួចរាល់ហើយតែមិនធ្វើការបញ្ជាក់ជូនសាធារណជនឲ្យបានដឹង? បែរជាមានប្លង់កាន់កាប់លើទីតាំង១៦ហិចតានេះផងដែរ។
បើយោងការអនុវត្តច្បាប់ភូមិបាល ដែលបានចែងគឺច្បាស់ណាស់រាល់ទីតាំងទាំងឡាយដែលធ្វើការកាត់ឃ្វាល ឬក៏ជាតំបន់ធ្វើការចេញប្លង់ជូនប្រជាពលរដ្ឋទៅតែមានការចុះហត្ថលេខាទទួលស្គាល់ចេញពីថ្នាក់មូលដ្ឋាន ភូមិ,ឃុំ,សង្កាត់,ខណ្ឌ,ស្រុក,ខេត្តជាដាច់ខាត បើបុគ្គលណាល្មើសនឹងការអនុវត្តច្បាប់នោះ ឬមិនអនុវត្តទៅតាមនីតិរដ្ឋក៏ត្រូវទទួលទោសដូចគ្នាផងដែរ?តែទោះបីជាយ៉ាងណាក៏ដោយ ចម្ងល់មានរាប់មិនអស់មិនហើយរបស់សាធារណៈជន ក៏ដូចជាសង្គមស៊ីវិលនោះជារឿងមួយសម្រាប់ការចូលរួមជាមួយសង្គមជាតិ។ហើយលោកស្រី ហួយ ដារាវី នៅតែបន្តជឿជាក់ចំពោះថ្នាក់ដឹកនាំដូចជា លោក ធឹម សំអាត អភិបាលខណ្ឌព្រែកព្នៅ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាពិសេសបំផុតនោះជាសេចក្តីសង្ឃឹមបំផុត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាជួយដោះស្រាយចំពោះដីធ្លីរបស់គាត់ដែលស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដែលមានចំនួន១៦ហិចតា ដែលលោកស្រីបានធ្វើការអាស្រ័យផលបន្តពីពលរដ្ឋទាំង១៨ គ្រួសារកន្លងមកនេះ។
ហើយលោកស្រីក៏អរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើលតែងតែឈឺឆ្អាលយកចិត្តទុកដាក់រឿងរ៉ាវពលរដ្ឋណាដែលមិនដោះស្រាយចេញសម្ដេចតែងតែមិនទុកឲ្យពលរដ្ឋស្រក់ទឹកភ្នែក និងអូសបន្លាយជាយូរខែឆ្នាំនោះទេ! ពីព្រោះសម្ដេចតែងតែផ្ដល់នូវក្តីសង្ឃឹមជូនពលរដ្ឋផងដែរ។
ដោយព្រះឥន្ទ!