រាជធានីភ្នំពេញ៖ ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកឡើងថា ការពង្រឹងសមត្ថភាព និងឥរិយាបទសិស្ស គឺចាំបាច់ត្រូវធ្វើចាប់តាំងពីក្មេង ពោលគឺថ្នាក់បឋមសិក្សាដល់ថ្នាក់ទី១២។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ៖ ការពង្រឹងគណិតវិទ្យា និងភាសាខ្មែរ គឺត្រូវធ្វើចាប់តាំងពីបឋមសិក្សា ដោយត្រូវបន្ថែមម៉ោងបង្រៀនឱ្យបានច្រើន ដើម្បីពង្រឹងមូលដ្ឋានភាសាជាតិឱ្យបានច្រើន ពោលគឺកុំឱ្យសិស្សរៀនចប់ថ្នាក់ទី១២ ប៉ុន្តែសរសេរអក្សរខ្មែរមិនត្រូវជួរ។ សម្តេចធិបតីបន្តថា ការពង្រឹងទាំងសមត្ថភាព ចំណេះដឹង និងឥរិយាបទសិស្ស គឺជារឿងសំខាន់ ដែលជួយឱ្យសិស្សក្រោយរៀនចប់ថ្នាក់ទី១២ អាចមានលទ្ធភាពចេញទៅធ្វើការមានសមត្ថភាពពិតប្រាកដ ល្អទាំងកន្លែងការងារ ល្អទាំងស្ថាប័ន មិនថាជាស្ថាប័នរដ្ឋ ឬឯកជន តែងចង់យកអ្នកពូកែមកធ្វើការជាមួយ៕