ចេញផ្សាយថ្ងៃទី 23 ខែធ្នូ ឆ្នាំ2024
រាជធានីភ្នំពេញ ៖ បើយោងតាមប្រភពព័ត៌មានបានផ្ដល់ឲ្យអ្នកសារព័ត៌មានជួយចេញផ្សាយជូនលោកស្រី ហួយ តារាវី ដែលកំពុងតែមានបញ្ហាដីធ្លីមួយកន្លែងមានទំហំ 16ហិចតា ស្ថិតនៅក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រៃព្នៅ រាជធានីភ្នំពេញ ដែលមានការអូសបន្លាយដោះស្រាយមិនចេញជាច្រើនខែឆ្នាំ កន្លងមកហើយជូនដល់គាត់។ ដោយគាត់បានអះអាងទៀតថា៖ គាត់គឺជាអ្នកទទួលរងគ្រោះដោយសារតែមិនបានដោះស្រាយជូនគាត់នៅឡើយនោះទេខណៈដែលដីនៅក្នុងតំបន់(អភិវឌ្ឍន៍បឹងតាម៉ោក)ស្ថិតនៅក្នុងភូមិសាស្ត្រខាងលើបានដោះស្រាយរួចរាល់ស្ទើរតែបានមួយរយភាគរយ(100%)ជូនប្រជាពលរដ្ឋអស់ហើយ។
លោកស្រីក៏បានបន្តបញ្ជាក់ទៀតថា៖ លោកស្រីស្នើរសុំឲ្យ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ធឹម សំអាន អភិបាលខណ្ឌព្រៃព្នៅ សូមមេត្តាជួយដោះស្រាយរឿងដីធ្លីដែលកំពុងតែមានបញ្ហានេះផងចុះ។
គួរកត់សម្គាល់ផងដែរថាចាប់តាំងពីឆ្នាំ១៩៩០ ប្រជាពលរដ្ឋដែលបានអាស្រ័យផលនៅលើទីតាំងភូមិសាស្ត្រខាងលើនេះមានចំនួន 16ហិចតា រហូតដល់ឆ្នាំ២០២១ លោកស្រី ហ៊ួយ តារាវី បានគ្រប់គ្រងលើដីនេះដើម្បីអាស្រ័យផលបន្តពីពលរដ្ឋមានចំនួនទាំងដប់ប្រាំបីគ្រួសារ (18គ្រួសារ) ដែលមានបង្កាន់ដៃដោយទទួលស្គាល់ចេញពីថ្នាក់មូលដ្ឋានភូមិយ៉ាងច្បាស់លាស់ រហូតមកដល់បច្ចុប្បន្ន ក៏ប៉ុន្តែមួយរយៈកាលចុងក្រោយក៏មានលេចឮថា ដីនេះត្រូវបានអនុក្រឹត្យបានគ្របដណ្ដប់រួមជាមួយនឹងដីពលរដ្ឋផ្សេងទៀតផងដែរ នេះបើយោងតាមការបញ្ជាក់បន្ថែមមកដល់សារព័ត៌មានរបស់យើង។
បើទោះបីជាយ៉ាងណាក៏ដោយក៏លោកស្រីមានការយល់ឃើញទៀតថា ៖ ប្រសិនបើដីធ្លីដែលមានទំហំក្នុងភូមិសាស្ត្រខាងលើនេះរាជរដ្ឋាភិបាលត្រូវការដីសម្រាប់ធ្វើការអភិវឌ្ឍន៍ដើម្បីប្រទេសជាតិកម្ពុជាមែននោះលោកស្រីក៏មិនជំទាស់ផងដែរ ក៏ប៉ុន្តែលោកស្រីមានសំណូមពរពីរគឺ សំណូមពរទីមួយ ប្រសិនបើដីនេះត្រូវបានយកអភិវឌ្ឍន៍ដោយគ្របដណ្ដប់ផងដែរនោះសូមឱ្យរាជរដ្ឋាភិបាលជួយធ្វើការដោះស្រាយតាមគោលនយោបាយរបស់រដ្ឋជូនពលរដ្ឋពីសេសលោកស្រី ឱ្យបានសមរម្យ និងឱ្យបានដូចពលរដ្ឋជាច្រើនរយគ្រួសារទៀតដែលបានអាស្រ័យផលដូចលោកស្រីនៅក្នុងតំបន់ខាងលើនេះផងចុះ។ សំណូមពរទីពីរ ប្រសិនបើរាជរដ្ឋាភិបាលមានការអភិវឌ្ឍន៍ តែមិនប៉ះពាល់ដល់ដីលោកស្រីទេនោះ លោកស្រីសូមឱ្យជួយកាត់ឃ្វាលដីដែលមានទំហំ16ហិចតា ស្ថិតនៅទីតាំងភូមិសាស្ត្រខាងលើនេះជូនឲ្យលោកស្រីដូចដែលការអនុវត្តច្បាប់ឲ្យមានភាពស្មើគ្នាក្នុងទីតាំងខាងលើនេះក៏ដូចជាទីតាំងនៅតំបន់ដទៃៗទៀតផងចុះ។
តែទោះបីជាយ៉ាងណាក៏ដោយ លោកស្រី ហួយ តារាវី នៅតែមានជំនឿជឿជាក់ចំពោះប្រមុខរាជរដ្ឋាភិបាលក្នុងអន្តរកាលថ្មីរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងនៅមួយរយៈកាលដែលសម្តេចមហាបវរដឹកនាំកន្លងមកនេះ ព្រោះសម្ដេចចង់ឃើញពលរដ្ឋមានក្តីសង្ឃឹមជឿជាក់ចំពោះការដឹកនាំដ៏ឈ្លាសវៃ និងប្រកបទៅដោយគុណធម៌ចំពោះប្រជាពលរដ្ឋទូទៅដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាពេញចិត្ត និងគាំទ្រក្នុងគោលនយោបាយដឹកនាំដ៏ប៉ិនប្រសពរបស់សម្ដេចក្នុងការបន្តឲ្យមានការរីកចម្រើនរបស់ប្រទេសកម្ពុជាយើងជានិរន្តន៍។
ជុំវិញករណីរឿងវិវាទដីធ្លីខាងលើនេះ អង្គភាពអ្នកសារព័ត៌មានរបស់យើងក៏រង់ចាំទទួលសេចក្តីបំភ្លឺ និងរង់ចាំការបញ្ជាក់បន្ថែមជុំវិញភាគីពាក់ព័ន្ធគ្រប់ពេលវេលា និងម៉ោងធ្វើការ សូមអរគុណ៕