រដ្ឋមន្ត្រីក្រសួងការងារ ជួបផ្ទាល់ជាមួយកម្មករនិយោជិត នៅតាមកន្លែងស្នាក់នៅ ដែលកំពុងបំពេញការងារ តាមរោងចក្រ សហគ្រាសនានា

CRT News

រាជធានីភ្នំពេញ÷ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះជួបសាកសួរសុខទុក្ខកម្មករនិយោជិតដោយផ្ទាល់នៅតាមកន្លែងស្នាក់នៅក្នុងតំបន់សួនឧស្សាហកម្ម កាណាឌីយ៉ា ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។


គោលបំណងដែលឯកឧត្តមរដ្ឋមន្ត្រី ចុះជួបផ្ទាល់ជាមួយបងប្អូនកម្មករនិយោជិតនាពេលនេះ គឺដើម្បីពិនិត្យមើលជាក់ស្តែងអំពីជីវភាព និងការស្នាក់នៅ ជាពិសេសបានដឹងពីសុខទុក្ខពិតប្រាកដរបស់បងប្អូនកម្មករនិយោជិត ដែលកំពុងបំពេញការងារនៅតាមរោងចក្រ សហគ្រាសនានា ។


នៅក្នុងឱកាសជួបសំណេះសំណាលផ្ទាល់ក្នុងបរិយាកាសដ៏ស្និទ្ធស្នាលជាមួយឯកឧត្តមរដ្ឋមន្ត្រី នាពេលនេះ បងប្អូនកម្មករនិយោជិត ក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីជីវភាពរស់នៅ និងការងារក្នុងរោងចក្រ សហគ្រាស រួមនិងអត្ថប្រយោជន៍ផ្សេងៗ ដែលទទួលបានពីរោងចក្រ សហគ្រាស និងការគិតគូរយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលផ្តល់ជូនដល់កម្មករនិយោជិតផងដែរ ។


ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញ និងលើកទឹកចិត្តដល់បងប្អូនកម្មករនិយោជិត ខិតខំប្រឹងប្រែងធ្វើការងារ ជាពិសេសគ្រួសារ ដែលមានសមាជិកជាយុវជន សូមជួយជំរុញពួកគាត់ចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ឬហៅថា TVET ១,៥លាននាក់ ដែលជាកម្មវិធីរបស់រាជរដ្ឋាភិបាលផ្តល់ជូនការបណ្តុះបណ្តាលឥតគិតថ្លៃ និងឆាប់ទទួលបានជំនាញច្បាស់លាស់ ដើម្បីអាចប្រកបការងារ និងរកប្រាក់ចំណូលជួយ ក្រុមគ្រួសារបន្ថែមផងដែរ ។


គួរបញ្ជាក់ថា÷ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ តែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខ របស់បងប្អូនកម្មករនិយោជិត មិនត្រឹមតែការធ្វើការងារនៅតាមរោងចក្រ សហគ្រាសប៉ុណ្ណោះទេ តែរាជរដ្ឋាភិបាលក៏គិតគូរជាខ្លាំង លើប្រព័ន្ធគាំពារសង្គម និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត ។ ជារួម គោលបំណងចំបងដែលរាជរដ្ឋាភិបាលចង់បាននោះ គឺការប្រែក្លាយ សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ ៕













#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top