រាជធានីភ្នំពេញ÷ អគ្គិភ័យបានលេបត្របាក់បន្ទប់ជួលប្រជាពលរដ្ឋ មួយកន្លែង រងការខូចខាតអស់ទាំងស្រុង ក្នុងនោះបណ្តាលឲ្យមនុស្សប្រុសស្រី០២នាក់ បានស្លាប់ក្នុងគ្រោះអគ្គិភ័យ។ ហេតុការណ៍គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង១១និង២៥នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលស្ថិតនៅចំណុចផ្ទះលេខ៤៦ ផ្លូវ៥៥៨ ភូមិ១២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យបណ្តាញសារព័ត៌មាន ដឹងថា÷ ក្រោយពីបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋរាយការណ៍មកកាន់មន្ត្រីជំនាញថា មានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះមួយកន្លែង ដោយមានមនុស្សជាប់នៅខាងក្នុងផ្ទះ ភ្លាមៗនោះលោកបានបញ្ជាទៅរថយន្តពន្លត់អគ្គិភ័យគ្រប់បណ្តាលគោលដៅទាំងអស់ ធ្វើការចេញរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១០គ្រឿង ប្រើប្រាស់ទឹកអស់១០ឡាន ស្មេីរនឹង ៤០ម៉ែត្រគូប។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា÷ ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះបន្ទប់ជួល ទំហំ (៥ម៉ែត្រ គុណ៦ម៉ែត្រ ) ចំនួន០១បន្ទប់ រួមមានកង់ចំនួន០១គ្រឿង, ម៉ូតូចំនួន០១គ្រឿង និងសម្ភារៈប្រេីប្រាស់ក្នុងបន្ទប់ជួលអស់ទាំងស្រុង ហេីយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡេីយ។
ចំពោះករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងធ្វើការគ្រប់គ្រងបាននៅវេលាម៉ោង១២៖១៥នាទីថ្ងៃត្រង់ ក្នុងនោះបានបណ្តាលឲ្យមនុស្សប្រុសជនជាតិបារាំងម្នាក់ស្លាប់ និងមនុស្សស្រីជនជាតិខ្មែរម្នាក់ស្លាប់ រឺឯមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការដុតភ្លេីងធ្វេីអត្តឃាតបង្កជាអគ្គិភ័យ៕