រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ទោ ជាវ វិបុល និងលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន បានដឹកនាំកម្លាំងជំនាញស្រាវជ្រាវបង្ក្រាបជនដៃដល់ម្នាក់ ពាក់ព័ន្ធករណី «ឃាតកម្ម» ។
ជនដៃដល់ ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌចាប់ខ្លួននៅវេលាម៉ោង២០៖៣០នាទីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ការចាប់ខ្លួនជនដៃដល់ខាងលើនេះ ធ្វើឡើងដោយមានកិច្ចសហការរវាងកម្លាំងជំនាញនាយកដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម, ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
ជនដៃដល់ឈ្មោះ សាន សៅ អាយុ៣០ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ ស្នាក់នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ពាក់ព័ន្ធករណី «ឃាតកម្ម»បណ្តាលឲ្យស្រី្តម្នាក់ មិនស្គាល់អត្តសញ្ញាណ អាយុប្រហែល៥០ឆ្នាំ ស្លាប់កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចក្រោយរបងរោងចក្រ ស្កូនស៊ូ ស្ថិតនៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
បច្ចុប្បន្ន ជនសង្ស័យ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕