លោក វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវបានណែនាំដល់មន្ទីរសុខាភិបាលអោយបង្កើតគណៈកម្មាធិការចំរុះនៅតាមបណ្តាស្រុក ក្រុង ទាំងអស់ ដើម្បីចុះត្រួតពិនិត្យនៅតាមមន្ទីរពេទ្យឯកជនដែលកំពុងបំរើសេវាដល់អ្នកជំងីថា តើមានច្បាប់ប៉ុន្មាន និងអត់ច្បាប់មានប៉ុន្មានកន្លែង? ។
លោក កង អាណាន់ អភិបាលក្រុងដូនកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងបានអោយបណ្តាញសារព័ត៌មានដឹងថា÷ បន្ទាប់ពីទទួលបានការណែនាំពីឯកឧត្តមអភិបាលខេត្តភ្លាមៗ លោកបានដឹកនាំមន្ត្រីជំនាញនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងមន្ទីរសុខាភិបាលខេត្តតាកែវ កម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ និងកម្លាំងអាវុធហត្ថក្រុងដូនកែវ ចៅសង្កាត់ទាំង៣នៃរដ្ឋបាលក្រុងបានចុះត្រួតពិនិត្យនៅតាមបណ្តាទីតាំងមន្ទីរសម្រាកព្យាបាល និងសម្ភពធំៗជាច្រើននៅក្នុងក្រុងដូនកែវ ខេត្តតាកែវ។
ក្នុងនោះ បានរកឃើញទីតាំងចំនួន៦កន្លែង ដែលមិនទាន់មានច្បាប់អនុញ្ញាតត្រឹមត្រូវមកពីក្រសួងសុខាភិបាល និងបានឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យាបិទទីតាំងបណ្តោះអាសន្នសិនរង់ចាំមានច្បាប់អនុញ្ញាតជាថ្មីទើបឲ្យដំណើរការសារជាថ្មីឡើងវិញ។
លោកភិបាលក្រុងដូនកែវបានបន្តដឹងទៀតថា÷ ទីតាំងផ្ដល់សេវាសុខាភិបាលទាំង៦ដែលមិនទាន់មានច្បាប់អនុញ្ញាតនោះរួមមាន ÷
ទី១-មន្ទីរសម្រាកព្យាបាលនិងសម្ភព ឃ្វីន ស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ទី២-មន្ទីរសម្រាកព្យាបាលនិងសម្ភព ដូនកែវ ស្ថិតនៅភូមិថ្មី សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
ទី៣-មន្ទីរសម្រាកព្យាបាលនិងសម្ភព ចិន្តារង្សី ស្ថិតនៅភូមិខ្សឹង សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ទី៤-មន្ទីរសម្រាកព្យាបាល ប៉ុល សុខា ស្ថិតនៅភូមិតាឌូ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
ទី៥-មន្ទីរសម្រាកព្យាបាល រិទ្ធ រដ្ឋា ស្ថិតនៅភូមិព្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។
ទី៦-មន្ទីរសម្រាកព្យាបាលនិងសម្ភព សាំង ជិនជូ ស្ថិតនៅភូមិឡូរី សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ៕