បញ្ហរឿង «កោះគុត» ប្រទេសកម្ពុជា ប្រកាន់ជំហរដោះស្រាយដោយសន្ដិវិធី ជាជាងប្រើយន្តការជម្លោះដោយប្រើអាវុធ

CRT News



រាជធានីភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងគូស បញ្ជាក់យ៉ាងច្បាស់ថា÷ ជុំវិញករណីរឿង«កោះគុត» រាជរដ្ឋាភិបាលកម្ពុជាប្រកាន់ជំហដោះស្រាយដោយសន្តិវិធីជាជាងប្រើយន្តការជម្លោះដោយកម្លាំងប្រដាប់អាវុធ ។

នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅសាលសន្និបាតកោះពេជ្រ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ÷ រាជរដ្ឋាភិបាលប្រកាន់ជំហរចាស់ទុំ ដោយប្រកាន់គោលការណ៍មិនយកភ្លើងចូលផ្ទះ ជុំវិញបញ្ហា«កោះគុត» ។

សម្ដេចធិបតី គូសបញ្ជាក់ថា÷ «ចម្លើយហេតុអីរដ្ឋាភិបាលនៅស្ងៀម មិននិយាយស្ដី គឺផ្អែកនៅលើមូលដ្ឋានពីរ ទីមួយភាពចាស់ទុំខាងនយោបាយ និងទីពីរ គឺការទទួលខុសត្រូវចំ ពោះជាតិ និងប្រជាជន ក្នុងការការពារទឹកដី ។ យើងប្រកាន់គោលការណ៍មិនយកភ្លើងចូលផ្ទះ» ។ ការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាល ក្រោយមានអ្នកចោទប្រកាន់ថា÷ រាជរដ្ឋាភិបាលធ្វើឱ្យបាត់ «កោះគុត» ។ ចំណុចត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានដាក់ជាសំណួរថា តើមានអំណះអំណាងអ្វីមកបញ្ជាក់ថា÷ «កោះគុត» កាប់កាន់ដោយ ភាគីថៃ ខណៈភាគីកម្ពុជា និងថៃ មិនទាន់ឯកភាពគ្នាផងនោះ ហើយភាគីទាំងពីរបាន និងកំពុងចរចាគ្នា ។

សម្ដេចបវរធិបតីបានបន្ដថា ÷រាជរដ្ឋាភិបាលមានភាពទទួលខុសត្រូវចំពោះជាតិ ព្រោះថា រឿងព្រំដែនត្រូវប្រើរយៈពេលវែង និងអត់ធ្មតណាស់ ដូច្នេះការទទួលខុសត្រូវរបស់រាជរដ្ឋាភិ បាលក្នុងការដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការការពារទឹកដី ឲ្យបានជាដាច់ខាត់ ។

ជាមួយគ្នានោះដែរសម្ដេច នាយករដ្ឋមន្ដ្រី មានប្រសាសន៍សង្កត់ធ្ងន់ថា÷ «យើងប្រកាន់ ជំហរការដោះស្រាយដោយសន្ដិវិធី ជៀសវៀងការប្រើហិង្សាតាមរយៈយន្ដការបច្ចេកទេស និងផ្អែកលើមូលដ្ឋានច្បាប់អន្ដរជាតិ ។ យើងប្រើគណៈកម្មាធិការប្រើច្បាប់អន្ដរជាតិ» ។ ជាមួយនឹងលើកឡើងអំពីបញ្ហាកោះគុត ដែលជាចំណុចត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ ហើយកំពុងត្រូវបានបំផុសបំផុលបង្កើតចម្លើយដោយក្រុមជ្រុលនិយម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសជំហរជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជានឹងមិនធ្វើឱ្យបាត់បង់ទឹកដីនោះឡើយ ។

សម្តេចមហាបវរធិបតី បានលើកឡើងដូច្នេះថា÷ «ការចរចាព្រំដែនេះ គឺយើងត្រូវការពេលវេលា និងត្រៀមលក្ខណៈគ្រប់ពេល នេះ គឺជាការទទួលខុសត្រូវរបស់យើង ហើយយើងមិនធ្វើឱ្យបាត់នូវដែនដីរបស់យើង ឬអធិបតេយ្យភាពរបស់យើងទេកិច្ចការព្រំដែន និងសូមការធានាមួយនេះ សូមបងប្អូនជឿទុកចិត្តចុះ» ។

សម្តេចមហាបវរធិបតីបានថ្លែងថា÷ អ្នកដែលស្រែកថា រាជរដ្ឋាភិបាលមិនមាត់មិនអើពើ គឺយើងចង់ប្រាប់ត្រឡប់ទៅវិញថា គឺរាជរដ្ឋាភិបាលប្រកាន់យកជំហរចាស់ទុំ មិនចេះតែលោត លិច កើត តាមគេនោះទេ បើអ្នកនយោបាយចាស់វស្សាដែលបន្តិចលោតចុះ លោតឡើង សូមកុំឱ្យក្មេងលោតតាម ទុកចរិតនេះ សម្រាប់ប្រើខ្លួនឯងទៅបានហើយ ។ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីបានបន្តបញ្ជាក់ថា÷ រឿងរដ្ឋាភិបាលមិនប្រតិកម្មដោយសារតែរដ្ឋាភិបាលមានភាពចាស់ទុំ ដែលដោះស្រាយតាមយន្តការរដ្ឋ និងរដ្ឋ ហើយមិនយកភ្លើងខាងក្រៅចូលមកក្នុង ហើយធ្វើសកម្មភាពផ្អែកលើគោលការណ៍ប្រាកដប្រជា ។

សម្តេចបានបញ្ជាក់ទៀតថា÷ ចំពោះបញ្ហាក្រុមប្រឆាំងមួយចំនួនដែលចង់ឱ្យគណៈកម្មការព្រំដែនចេញមុខបកស្រាយតាមបច្ចេកទេសនោះក៏ពុំទាន់ចាំបាច់នោះដែរ ដោយសារតែគណៈកម្មការជំនាញនេះកំពុងរៀបចំ និងមានឯកសារសម្រាប់ការចរចា បើសិនជាបង្ហាញឯកសារបច្ចេកទេសទាំងនោះជាទង្វើល្ងង់ខ្លៅដែលប្រៀបបីដូចជា បើកសន្លឹកបៀរឱ្យដៃគូប្រកួតបានឃើញមុន ។ 

ក្នុងឱកាសនោះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចោទជាសំណួរថា តើកោះគុតបាត់ទៅណា ? ខណៈខាងប្រឆាំងថៃ ចោទរាជរដ្ឋាភិបាលថៃធ្វើឱ្យបាត់មកខ្មែរ រីឯខាងប្រឆាំងខ្មែរចោទថា រាជរដ្ឋាភិបាលកម្ពុជាធ្វើឱ្យបាត់ទៅថៃ គឺមិនឡូហ្ស៊ិក (Logic)នោះឡើយ ៕





#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top