បំបែកសំណុំរឿងបានហេីយ! សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់​ ដែលជាបងប្អូន​គ្នាក្រោយ​ព្រួត​គ្នា​វាយ​សម្លាប់​បុរស​ចំណាស់ម្នាក់​

CRT News


ខេត្តបាត់ដំបង​ ÷ ជនសង្ស័យ​ចំនួន​០៣​នាក់​បងប្អូន ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ព្រលប់​ថ្ងៃ​ទី១៤ វិច្ឆិកា នៅ​ភូមិ​ទូល​ព្រុំ​២ ឃុំ​កកោះ ស្រុក​មោង​ប្ញស្សី ក្រោយ​មួយ​ថ្ងៃ ដែល​ជន​​ទាំង​០៣​នាក់​នេះ បាន​ព្រួត​គ្នា​កាប់ ​និង​វាយ​ទៅ​លើ​បុរស​ម្នាក់​ហូត​ដល់​ស្លាប់ ពេល​គាត់​កំពុង​ដើរ​រក​ខ្យង​នៅ​តំបន់​ទន្លេសាប​។យោង​តាម​របាយ​ការ​ណ៍សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា÷ ជនសង្ស័យ​ទាំង​០៣​នាក់​រួមមាន÷ ទី១​-ឈ្មោះ សែ សាន ភេទប្រុស​ អាយុ​២​ឆ្នាំ, ទី២​-ឈ្មោះ សែ រតនា ហៅ វត្ត ភេទប្រុស​ អាយុ​២៤​ឆ្នាំ, និង៣-​ឈ្មោះ សែ សុង ភេទប្រុស​ អាយុ​៣០​ឆ្នាំ។ ដែលពួក​គេ​រស់នៅ​ភូមិ​ទូល​ព្រុំ​២ ឃុំ​កកោះ ស្រុក​មោង​ឬ​ស្សី​។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ មុំ អេ​ង ភេទប្រុស​ អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ​ថ្មី ឃុំ​ព្រៃតូច ស្រុក​មោង​ប្ញ​ស្សី​ ខេត្តបាត់ដំបង។


នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ លោក វ៉ា​ន់ តា​រ៉ា ដែល​បាន​ចុះ​បំបែកសំណុំរឿង​នេះ និង បាន​សាកសួរ​នាំ​ជនសង្ស័យ​ទាំង​០៣​នាក់ បាន​ប្រាប់​ថា÷ ក្រុម​ជន​ដល់បាន​ប្រើប្រាស់កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ត្រូវ​ចំ​ក្បាល និងវាយ​ដោយ​ដៃ​ ។ លោក​សួរនាំ

ជនសង្ស័យ​ទៀត​ថា÷ ក្រោយ​ពី​កាប់​ជន​រង​គ្រោះ​ស្លាប់ ពួក​គេ​បាន​លើក​ជន​រង​គ្រោះ​ដាក់​លើ​កាណូត​ស្មាច់ (​កាណូត​ជន​រង​គ្រោះ​) រួច​ពួក​គេ​ក៏​ឡើង​ជិះ​កាណូត​របស់​ខ្លួន គេចខ្លួន​ត្រឡប់​មក​ផ្ទះ​វិញ​ទាំង​កណ្ដាល​យប់ លុះ​បាន​មួយ​ថ្ងៃក្រោយ​ទើបត្រូវ​កម្លាំង​របស់​លោក​ចុះ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ពួក​គេ​ទាំង​០៣​នាក់​បងប្អូន​តែម្តង។


បើ​តាម​របាយ​ការ​ណ៍​ព្រឹត្តិ​ហេតុ​របស់​សមត្ថកិច្ច ករណី​«​ឃាតកម្ម​» នេះ​ បាន​កើ​ឡើង​នៅ​វេលា​ម៉ោងជិត​១​រំល​ង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី១៣ វិច្ឆិកា ឆ្នាំ២០២៤ នៅ​តំបន់​ព្រៃរនាម​ទន្លេសាប ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​រំចេក ឃុំ​កកោះ ស្រុក​មោង​ប្ញ​ស្សី​ ខេត្តបាត់ដំបង។ ជន​រង​គ្រោះ និងជនសង្ស័យ សុទ្ធតែ​ជា​អ្នក​ដើរ​រក​ខ្យង​នៅ​តំបន់​ទន្លេសាប ​។ នៅ​យប់​កើតហេតុ ក្រុម​ជនសង្ស័យ​ទាំង​០៣​នាក់ ជិះ​កាណូត​ទាំង​កណ្ដាល​យប់​ទៅ​កាន់​កន្លែង​ជន​រង​គ្រោះ​ដាក់​នុយ​ខ្យង ហើយ​ក៏​ផ្ទុះ​ជម្លោះ​ជាមួយ​គ្នា ដែល​គេ​អះអាង​ថា ផ្ដើម​ចេញពី​គំនុំ​រឿង​ដើរ​រក​ខ្យង​បំពាន​តំបន់​គ្នា​។ពេល​ផ្ទុះ​ជ​ម្លោះ​វាយតប់​គ្នា ស្រាប់តែ​ក្រុម​ជន​ដៃដល់​ក៏​ទាញ​កាំបិត​ខ្វែវ​កាប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ស្លាប់​នៅ​ក្នុង​នៅ​ក្នុង​ទឹកតែ​ម្ដង​។ សាក្សី​ខ្លះ​បាន​និយាយ​ថា÷ នៅ​យប់​កើតហេតុ ជន​រង​គ្រោះ​បាន​ប្រើប្រាស់​កាំភ្លើង​ខ្យល់​បាញ់​ទៅ​លើ​ក្រុម​ជនសង្ស័យ នៅ​ពេល​គាត់​ប្រទះ​ឃើញ​ក្រុម​ជនសង្ស័យ​កំពុង​ចុះ​រាវរក​នុយ​ខ្យង​របស់​គាត់ ទើប​មានការ​ឈ្លោះប្រកែក​គ្នា ហើយ​ក្រុម​ជន​សង្ស័យ​ក៏​ទាញ​កាំបិត​កាប់​ជន​រង​គ្រោះ​តែ​ម្ដង​។


ប៉ុន្តែ​បើ​តាម​ចម្លើយ​សារភាព​របស់​ក្រុម​ជនសង្ស័យ ​ដែល​បាន​ឆ្លើយ​នោះ​ចំពោះ​មុខ​សមត្ថកិច្ច​ថា កាលពី​ថ្ងៃ​ទី ៩ វិ​ច្ឆ​កា ឆ្នាំ២០២៤ ពួក​ខ្លួន​និង​ជន​រង​គ្រោះ​ធ្លាប់​បាន​ឈ្លោះប្រកែក​គ្នា​ម្ដង​ហើយ​រឿង​មុខរបរ​ដើរ​រក​ខ្យង​នៅ​តំបន់​ទន្លេសាប​នេះ​។ ក្រុម​នេះ​បាន​សារភាព​ទៀត​ថា នៅ​យប់​កើតហេតុ ពួក​ខ្លួន​ពិតជា​បាន​កាប់សម្លាប់​ជន​រង​គ្រោះ​មែន ដោយ​តែ​ជន​រង​គ្រោះ​បាន​ប្រើប្រាស​កាំភ្លើង​ខ្យល់​បាញ់​ពួក​ខ្លួន​មុន​។ ជនសង្ស័យ​បាន​បញ្ជាក់​ថា÷ ពេល​កាប់​ជន​រង​គ្រោះ​ដួល​ក្នុង​ទឹក ពួក​ខ្លួន​ក៏​លើក​កាណូត​របស់​ជន​រង​គ្រោះ រួច​ពួក​ខ្លួន​ក៏​ឡើង​ជិះ​កាណូត​ខ្លួន​គេច​មិន​ផ្ទះ​ទាំង​យប់ លុះ​ស្អែក​ឡើង​ក៏​ត្រូវ​សមត្ថកិច្ច​ចុះ​មក​ឃាត់ខ្លួន​ល្មម​។

លោក ឈឿ​ង គឹ​ម​សុង ស្នងការ​រងដែល​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​អន្តរា​គម​ន៍លើ​ករណី​«​ឃាតកម្ម​» នេះ បាន​និយាយ​ថា ÷ការ​ឃាត់​ជនសង្ស័យ​ទាំង​០៣​នាក់​បងប្អូន​ខាងលើ​នេះ ក្រោយ​ពី​មានការ​ចង្អុលបង្ហាញពី​សាក្សី​នានា ដែល​បានដឹង​រឿង​នេះ​។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា÷ បើ​តាម​ការ​ស្រាវជ្រាវ ភាគី​ទាំង​២ គឺពិតជា​ធ្លាប់​ឈ្លោះប្រកែក​គ្នា​មែន មុន​ពេល​ឈាន​ដល់​ការ​កាប់សម្លាប់​គ្នា​នៅ​កន្លែង​ដើរ​រក​ខ្យង​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក្រុម​ជនសង្ស័យ​បាន​សារភាព​ទ​ទូល​ស្គាល់​កំហុស​ហើយ​។ បច្ចុប្បន្ននេះ ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ ចាត់ការ​បន្តតាម​នីតិវិធី​ច្បាប់៕ ​











#buttons=(យល់ព្រម, ទទួលយក!) #days=(20)

គេហទំព័ររបស់យើងប្រើCookies ដើម្បីបង្កើនបទពិសោធន៍របស់អ្នក ស្វែងយល់បន្ថែម
Accept !
To Top